Friday, April 26, 2024
Homeបរិយាយរុញស៊ីក្លូចូលឡាន

រុញស៊ីក្លូចូលឡាន

ពាក្យស្លោកមួយ ត្រូវបានបង្កើតឡើងនៅជំនាន់អាណានិគមបារាំង គឺពាក្យថា “រុញស៊ីក្លូចូលឡាន” ដោយហេតុថា ត្រីចក្រយាន (កង់៣ធាក់ឈ្នាន់) នេះ មុនដំបូងនាំចូលពីស្រុកបារាំង។ អ្នកធាក់ស៊ីក្លូ មិនសូវប្រសប់ ក៏រុញយានដឹកមនុស្ស យកឈ្នួលនេះ ចូលពីមុខរថយន្ត ក្លាយជាគ្រោះថ្នាក់ដល់អាយុជីវិតអ្នកជិះ ទើបកវីនិពន្ធជំនាន់នោះ បានបង្កើតពាក្យស្លោក នេះឡើង។ ករណីលោកកឹម សុខា ត្រូវកូនចៅសហការីបញ្ចើចបញ្ជោរ “ស្មើនឹងសម្តេចហ៊ុន សែន” កំពុងដើរជាន់ពាក្យស្លោក នេះហើយ ដែល “នគរធំ” ក្តាប់បាន ក៏លើកពី “រុញស៊ីក្លូចូលឡាន” មកធ្វើប្រធានបទបរិយាយថ្ងៃនេះ…។

គណនីហ្វេសប៊ុកមួយ ឈ្មោះ “អ្នកបន្តវេន” ដែលគេដឹងថា ជាកូនចៅ សហការីរបស់លោកកឹម សុខា បានផុសសំណេរ ថា “ភាពឆ្លាតរបស់សម្តេចហ៊ុន សែន គឺប្រយ័ត្នឯកឧត្តមកឹម សុខា មានកម្លាំងគាំទ្រធំពិតប្រាកដប្រជែងជាមួយ” ហ្វេសប៊ុក នេះ បានបន្ថែមទៀតដោយលើកពាក្យសម្តីលោកកឹម សុខា មកបន្ថែមល្បោយឱ្យក្បោះក្បាយថា! “ខ្ញុំមិនទៅណាចោលបងប្អូន! ស្រាប់តែផុសចេញនូវសំឡេងទះដៃប្រាវៗ ពោរពេញដោយកម្លាំងចិត្ត និងថាមពលនោះ បានធ្វើឱ្យអ្នកតាមដានជំហរឯកឧត្តមកឹម សុខា បង្ហើបថា ឯកឧត្តមកឹម សុខា នៅតែជាបុគ្គលនយោបាយដ៏មានសក្តានុពល ជាមេដឹកនាំ មានកម្លាំងគាំទ្រ ពិតដ៏ខ្លាំង បើទោះបីជាគាត់មិនទាន់មានរចនាសម្ព័ន្ធ និងគ្មានសេរីភាពនយោបាយក៏ដោយ”។

សំណេររបស់ “អ្នកបន្តវេន” គឺមានន័យលើកលោកកឹម សុខា ខ្ពស់កប់ពពក ដោយឱ្យតម្លៃស្មើសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា។ ការលើកមេឱ្យខ្ពស់ហួសប្រមាណនេះ គាត់មានភ័ស្តុតាងត្រង់អង្គទូតនានា តែងចេញចូលសួរសុខទុក្ខលោកកឹម សុខា ជាពិសេស គ្មានសញ្ញាដោះលែងលោកកឹម សុខា ឱ្យមានសេរីភាព ទើបសហការី នោះ “ផ្គូផ្គងលោកកឹម សុខា ស្មើប្រមុខ CPP” ដ៏មានឥទ្ធិពល។ បើយកករណីនេះមកពិចារណា មិនខុសពីពាក្យស្លោក “រុញស៊ីក្លូចូលឡាន” នោះឡើយ ពោលគឺ CNRP ប្រៀបបាននឹងស៊ីក្លូ អ្នកធាក់ស៊ីក្លូ សំដៅដល់អ្នកវិភាគផុសសំណេរនេះ ឯង រីឯអ្នកជិះស៊ីក្លូ គឺលោកកឹម សុខា។

មិនធម្មតាទេ បើលោកកឹម សុខា មិនលោតចេញពីស៊ីក្លូ ច្បាស់ជាអ្នកធាក់ឈ្នាន់នោះ រុញចៅហ្វាយនាយទៅផ្ទប់នឹង “ឡាន CPP” រងគ្រោះដល់ជីវិតមិនខានឡើយ។

ការលើកមេឱ្យខ្ពស់ហួសមាឌបែបនេះ បានត្រឹមធ្វើឱ្យមេជាប់រនាំងសេរីភាព កាន់តែយូរទៅៗ ដោយហេតុថា សម្តេច នាយករដ្ឋមន្ត្រី ហ៊ុន សែន ជា “បុរសខ្លាំងនៃកម្ពុជា” កាន់អំណាចតាំងពីឆ្នាំ១៩៨៥ ឈ្នះគេរាប មិនអាចយកលោកកឹម សុខា មកប្រៀបបានទេ។ យើងដឹងហើយថា កាលលោកកឹម សុខា ដឹកនាំ “គណបក្សសិទ្ធិមនុស្ស” ដណ្តើមបាន ៣កៅអីតំណាងរាស្ត្រដែរ លុះគាត់ចាប់ដៃលោកសម រង្ស៊ី ក៏កើនបាន ៥៥អាសនៈ នៃអតីតគណបក្សសង្គ្រោះ (CNRP)។ ឥឡូវលោកកឹម សុខា គ្មានលទ្ធភាពធ្វើនយោបាយ កូនចៅក៏បែកខ្ញែកគ្មានរប៉ាត់រប៉ាយ ឧបមាថា គាត់មានសេរីភាពបង្កើតបក្សថ្មី ឬយកសិទ្ធិមនុស្ស ទៅឱបក្តាប់វិញ ឱ្យតែបាន ៣កៅអីដូចមុន សំណាងណាស់ទៅហើយ។

តាៗញៀនកាហ្វេ ១ក្រុម ដែលមាននិន្នាការប្រឆាំង ធ្លាប់ប្រាប់ “នគរធំ” ថា អ្នកនយោបាយកម្ពុជា សំខាន់ៗមានតែ ៣រូបប៉ុណ្ណោះ គឺសម្តេចហ៊ុន សែន លោកសម រង្ស៊ី និងលោកកឹម សុខា។ ពួកគាត់លើកឡើងថា ឥស្សរជននយោបាយ ទាំង៣រូបនេះ គឺលោកកឹម សុខា ជាប់លំដាប់ថ្នាក់លេខ៣ បន្ទាប់ពីរៀមច្បងសម រង្ស៊ី ខណៈដែលសម្តេចហ៊ុន សែន ចំណាត់ថ្នាក់លេខ១ គ្មានអ្វីប្រែប្រួលទេ។ តាៗញៀនកាហ្វេ ដែលភាគច្រើនជាមន្ត្រីចូលនិវត្តន៍ ទស្សន៍ទាយស្របគ្នាថា បើ ត្រឹមលោកកឹម សុខា ម្នាក់ឯង ឬបើកបក្សថ្មីម្នាក់ឯងនោះ មិនហួសពី ៣កៅអីនោះទេ គឺចាញ់លោកសម រង្ស៊ី ឆ្ងាយណាស់ និងមិនអាចយកទៅប្រណាំងប្រជែងជាមួយប្រមុខ CPP បានឡើយ។

បើមជ្ឈដ្ឋានអ្នកតាមដាននយោបាយយល់ឃើញយ៉ាងនេះទៅហើយ ចុះហេតុអ្វីបានជាកូនចៅ សហការីលោកកឹម សុខា លើកឡើងថា “ទម្ងន់នយោបាយការទូតលោកកឹម សុខា ស្មើសម្តេចហ៊ុន សែន” ក៏រឹតតែខុស។ គួរយល់ថា អង្គទូត ដែលចេញចូលសួរសុខទុក្ខលោកកឹម សុខា មានតែ៤-៥នាក់ប៉ុណ្ណោះ ផ្ទុយពីសម្តេចហ៊ុន សែន បានភ្ជាប់មិត្តភាពជាមួយ បណ្តាប្រទេសលោកសេរី និងកុម្មុយនីស្ត រាប់សិបឯណោះ។ ចំណែកលោកសម រង្ស៊ី មេប្រឆាំងដ៏ស្វិតស្វាញ ចេញពីប្រទេស មួយ ចូលប្រទេសមួយ មិនខ្វះមិត្តភក្តិបរទេសទេ។

ករណីលោកទូតអាមេរិក ចេញចូលសួរសុខទុក្ខលោកកឹម សុខា ញឹកញាប់ជាងគេនោះ គ្មានអ្វីក្រៅពី “បំពាក់គោលជំហរ” ឱ្យលោកកឹម សុខា តែប៉ុណ្ណោះ ក្រែងគាត់ឃ្លេងឃ្លោងទៅតាមការអូសទាញរបស់ ជភភ និងទំនងជាមិនចង់ឱ្យបែក ផ្លូវពីលោកសម រង្ស៊ី។ ក្រៅពីសួរសុខទុក្ខ អាចថាអង្គទូតទាំងនោះ បានផ្តល់ប្រាក់កាសខ្លះសម្រាប់លោកកឹម សុខា ចិញ្ចឹម ជីវិត ព្រោះគេដឹងថា គាត់សល់តែបាតដៃទទេ។

ដូច្នេះ “រុញស៊ីក្លូចូលឡាន” ដែលកូនចៅសហការីលោកកឹម សុខា យកមកសរសេរនេះ អត់បានចំណេញអ្វីដល់លោក កឹម សុខា នោះទេ មានតែរុញគាត់ឱ្យទៅរកគ្រោះថ្នាក់ធ្ងន់ទៅៗ។ ការប្រៀបធៀបនាយករដ្ឋមន្ត្រី និងអតីតមន្ត្រីសាលា សង្កាត់ (លោកកឹម សុខា) ដែលធ្លាប់ទៅរៀននៅអតីតសហភាពសូវៀត គ្រាន់តែលួងលោមមនុស្សមួយចំនួន ឱ្យធ្វេស ស្មារតីតែប៉ុណ្ណោះ។

បើសរសើរថា “លោកកឹម សុខា លំដាប់ទី៣” អាចឱ្យគេស្តាប់បានខ្លះ ប៉ុន្តែបើថា “ស្មើសម្តេចហ៊ុន សែន” គ្មានអ្នកណា ជឿទេ។ ការលើកជើងបញ្ជោរបែបនេះ មិនខុសពី “ស្តេចបាឡីកងចក្រ” មេឧទ្ទាមជំនាន់មុន ដែលធ្វើសកម្មភាពប្រឆាំង ព្រះមហាក្សត្រ “ព្រះបាទស្រីសុរិយោពណ៌”។ កាលនោះ ពលសេនាស្តេចឧទ្ទាម បានលើកតម្កើងបាឡីកងចក្រ ជាអ្នកមាន បុណ្យបារមី ដូចព្រះពោធិសត្វ តែទីបំផុតក៏ត្រូវតេជោ មាស ទៅបង្ក្រាបបាន ខណៈដែលបាឡីកងចក្រ កំពុងស៊ីជោរដោយ ការបញ្ចើចបញ្ចើ។

ទោះយ៉ាងណា លោកកឹម សុខា មិនល្ងង់អីឱ្យកូនចៅបញ្ជោរតាមចិត្ត ឬ “ដឹកតាមស៊ីក្លូ រុញគាត់ចូលឡាន CPP” នោះ ទេ។ មនុស្សណាដែលប៉ិនបញ្ជោរលើកជើងចៅហ្វាយនាយ ហួសពីសមត្ថភាព បានត្រឹមនាំមកនូវសេចក្តីវិនាស។ ករណី លើកលោកកឹម សុខា ស្មើនឹងប្រមុខ CPP អាចធ្វើឱ្យអ្នកគាំទ្រ ជភភ ក្តៅក្រហាយ ក៏ដូចពន្យារពេលលោកកឹម សុខា ឱ្យជាប់នីតិវិធីតុលាការ កាន់តែយូរទៅៗ។ លោកកឹម សុខា ក៏គួរហាមឃាត់សហការី កុំឱ្យលើកចៅហ្វាយហួសហេតុពេក តែបើគាត់មិនព្រមាន ដូចបើកឱកាសឱ្យ “អ្នកធាក់ស៊ីក្លូ រុញស៊ីក្លូចូលឡាន”។

សរុបទៅ “រុញស៊ីក្លូចូលឡាន” ចង់ផ្តោតទៅលើកូនចៅសហការលោកកឹម សុខា លើកតម្កើងចៅហ្វាយនាយខ្ពស់ពេក មិនមើលមុខក្រោយផង។ កម្រិតសមត្ថភាពសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន លុះត្រាតែយកប្រធានាធិបតី ឬនាយករដ្ឋមន្ត្រីប្រទេសមហាអំណាច មកប្រៀបផ្ទឹម ទើបសម ប៉ុន្តែបើប្រៀបធៀបឋានៈប្រធានគណបក្សជាប់រនាំងសេរីភាពបែបនេះ មិនសមទេ ដែលចាត់ទុកជាបរិបទសម្រាប់អ្នកពូកែប្រៀបធៀបនោះ ពិចារណាតាមការគួរ…៕ ដោយ អាចារ្យថាំ

RELATED ARTICLES