ខេត្តស្ទឹងត្រែង៖ យុវតីម្នាក់ ដែលទើបមានវ័យ១១ឆ្នាំ បានរងការបង្ខំចាប់រំលោភសេពសន្ថវៈរហូតដល់ទៅ១០ដង ពីឪពុកចុងល្មោភកាម ហើយបុរសនេះបានរងការចាប់ខ្លួន ពីកម្លាំងនគរបាលខេត្ត កាលពីថ្ងៃ១៩ធ្នូម្សិលមិញ នៅភូមិព្រៃចាស់សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង បន្ទាប់ពីទទួលបានពាក្យបណ្តឹង ពីម្តាយកុមារីរងគ្រោះនោះរួចមក ។
បុរសល្មោភកាម ដែលរងការចាប់ខ្លួនពីនគរបាលព្រហ្មទណ្ឌខេត្តនោះ ត្រូវបានមន្ត្រីនគរបាលបា្រប់ឲ្យដឹងថា មានឈ្មោះ ចាយ ចៅនី អាយុ៣៧ ជាប្តីស្ត្រីឈ្មោះគូ ប៊ូខៃ អាយុ៣៤ឆ្នាំ និងត្រូវជាឪពុកចុង យុវតី ថសណ អាយុ១១ឆ្នាំ រស់នៅភូមិស្តៅ១ ឃុំស្តៅ ស្រុកសេសាន ខេត្តស្ទឹងត្រែង។ បុរសនេះបានរងការចាប់ខ្លួន ពីកម្លាំងនគរបាលព្រហ្មទណ្ឌខេត្ត ដោយសហការជាមួយកម្លាំងនគរបាលស្រុកសេសាន ក្រោយពីទទួលបានពាក្យបណ្តឹងពីម្តាយយុវតីរងគ្រោះពីការបង្ខំរំលោភ និងក្រោមការគម្រាមកំហែងពីឪពុកចុង ។
នៅចំពោះមុខសមត្ថកិច្ច យុវតីរងគ្រោះបានផ្តល់ចម្លើយថា ការបង្ខំរំលោភសេពសន្ថវៈមកលើរូបនាង ឪពុកចុងនាងបានធ្វើឡើងតាំងវេលាម៉ោង៩ និង២២នាទីយប់ នៅក្នុងអំឡុងខែតុលា២០១៦ រហូតមកទល់នឹងថ្ងៃ១៦ធ្នូ២០១៦កន្លងទៅនេះ ។
កុមារីរងគ្រោះថា ការបង្ខំ និងលួងលោមសេពសន្ថវៈនេះ ឪពុកចុងខ្លួនបានប្រព្រឹត្តនៅជាច្រើនទីកន្លែងខុសគ្នា គឺនៅលើផ្ទះ បីយកទៅរំលោភនៅលើទូកនាមាត់ទន្លេក្នុងភូមិ លួងលោមហៅមករួមដំណេកនៅលើទូក តាមដងទន្លេ និងនៅចុងក្រោយរំលោភនាងនៅលើទូក នៅមុខសណ្ឋាគារទន្លេមាស ក្នុងក្រុងស្ទឹងត្រែង មានរហូតដល់ទៅជាង១០ដង ។ ហើយរឿងនេះបានបែកធ្លាយដឹងដល់ម្តាយខ្លួន គឺដោយសារនាងបានចាកចេញពីផ្ទះពេញ១យប់ មករួមដំណេកជាមួយឪពុកចុងខ្លួន លើទូកក្នុងក្រុងស្ទឹងត្រែង ។ ចំណែកជនសង្ស័យជាឪពុកចុងនោះវិញ បានឆ្លើយសារភាពប្រាប់សមត្ថកិច្ចថា ខ្លួនមិនមានពាក្យអ្វីនឹងនិយាយនោះទេ ព្រោះត្បិតខ្លួនគេបានប្រព្រឹត្តទៅលើកូនស្រីចុងខ្លួនឯង យ៉ាងដូច្នោះមែន ។
នៅព្រឹកថ្ងៃ២០ធ្នូនេះ ឪពុកចុងបង្ខំរំលោភកូនស្រីខ្លួនឯង បានសំរេចរហូតដល់ទៅ១០ដង នោះ ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌខេត្ត កសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការខេត្តហើយ ។បុរសល្មោភកាមនេះ ត្រូវគេរំពឹងថា តុលាការនឹងមិនអត់អោនឲ្យនោះឡើយ៕
ដោយ៖ឡុង សំបូរ