ភ្នំពេញ៖ បុរសម្នាក់ជាបុគ្គលិកវិទ្យុ ABC ខឹងគូដណ្តឹងសុំផ្តាច់ពាក្យបានយកកូនកាំបិតចាក់នាង៣កាំបិតរួចហើយអារកខ្លួនឯងធ្វើអត្តឃាតមិនបានសម្រេចត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែតទាំង២នាក់ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៥និង៥០នាទីល្ងាចថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៦ នៅផ្ទះលេខ៣១ ផ្លូវលេខ១៩ ភូមិ៣ ក្រុម១៨សង្កាត់ចតុមុខ ខណ្ឌដូនពេញ ។
បុរសដែលប៉ុនប៉ងចាក់គូដណ្ដឹងមានឈ្មោះ សយ ញ៉ក់ អាយុ២៤ឆ្នាំមុខរបរបុគ្គលិកវិទ្យុ ABC កម្ពុជា មានស្រុកកំណើតនៅភូមិចុងកៅស៊ូសង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ។ចំណែកនារីជាគូដណ្ដឹងមានឈ្មោះ ខាន់ រចនា អាយុ២៦ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅផ្ទះកើតហេតុខាងលើ ។
បើតាមសំដីរបស់នារីរងគ្រោះប្រាប់ឲ្យដឹងថា នាងនិងជនដៃដល់ជាបុរសគូដណ្តឹងបាន ស្រឡាញ់គ្នារហូតចូលស្តីដណ្តឹងតាមប្រពៃណីនិងបានភ្ជាប់ពាក្យរួចហើយ បន្ទាប់ពីពួកគេភ្ជាប់ពាក្យរួចមកឃើញថាពួកគេទាំង២នាក់ឧស្សាហ៍ឈ្លោះប្រកែកគ្នាពេក មិនអាចរស់នៅជាមួយគ្នាបានទេទើបនាងសូមផ្ដាច់ពាក្យប្រាប់ថាពួកយើងរស់នៅជាមួយគ្នាក៏គ្មានសុភមង្គលដែរអញ្ចឹងយើងបែកគ្នា ។ នៅថ្ងៃកើតហេតុនេះ ខាងប្រុសមកសួរនាំខាងស្រីថាកុំផ្ដាច់ពាក្យអី ព្រោះគេស្រលាញ់នាងខ្លាំងណាស់ មិនអាចរស់នៅដោយគ្មាននាងបានទេតែខាងស្រីក៍ឆ្លើយថាពួកយើងមិនអាចរស់នៅជាមួយគ្នាទេភ្លាមៗនោះបុរសជាគូដណ្តឹងខឹងបានទាញកូនកាំបិតចាក់ទៅនារីរងគ្រោះចំនួន០៣កាំបិត បណ្តាលឲ្យរងរបួសត្រង់ ថ្ពាល់ស្តាំ កញ្ចឹងកក្រោយខាងស្តាំ និងភ្លៅស្តាំ នារីរងគ្រោះបានស្រែកអោយអ្នកជិតខាងជួយនិងបញ្ជូនទៅមន្ទីរពេទ្យកាល់ម៉ែត ។
ប្រភពដដែលបន្តទៀតថា ពេលដែលឪពុកម្តាយរបស់នាងរវល់តែបញ្ជូននាងទៅមន្ទីរពេទ្យ ស្រាប់តែបុរសជាគូដណ្តឹងនោះបានយកកូនកាំបិតអារកខ្លួនឯង បណ្តាលឲ្យរយះរងរបួស
ធ្ងន់ត្រូវបញ្ជូនទៅមន្ទីរពេទ្យកាល់ម៉ែតដែរ ។
បន្ទាប់ពីដល់មន្ទីរពេទ្យលាងរបួសរួចហើយនារីជាគូដណ្តឹងបានទៅដាក់ពាក្យបណ្តឹងនៅ ប៉ុស្តិ៍នគរបាលចតុមុខឲ្យជួយអន្តរាគមន៍ ។ ចំណែកបុរសជាគូដណ្តឹងនៅសង្គ្រោះបន្ទាន់នៅក្នុងមន្ទីរពេទ្យកាល់ម៉ែត ៕