ភ្នំពេញ៖ នារីវ័យក្មេងម្នាក់ ខឹងសង្សារលួចមានស្រីថ្មីដាច់ចិត្តឡើងលើផ្ទះជួលជាន់ទី៤ បម្រុងលាត់សម្លាប់ខ្លួនតែត្រូវបុរសជាមិត្តភ័ក្រ្តប្រុសឃាត់ទាន់ កាលវេលាម៉ោង១១និង៣០នាទីព្រឹកថ្ងៃទី២៧ ខែ ធ្នូ ២០១៦ នៅចំណុចផ្ទះជួលលេខ៤៧A តាមផ្លូវលេខសុធារស ក្រុម៤៤ ស្ថិតនៅភូមិ៨ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។
នារីប៉ុនប៉ងលោតសម្លាប់ខ្លួនមានឈ្មោះ នាង លីតា អាយុ២១ឆ្នាំមុខរបរបុគ្គលិកភោជនីយដ្ឋានស្នាក់នៅបន្ទប់ជួលកើតហេតុបន្ទប់លេខ១ជាន់ទី៤មានស្រុកកំណើតនៅឃុំសណ្ដាន់ ស្រុកសំបូរ ខេត្តក្រចេះមានសង្សារឈ្មោះ សាន វីរ័ត្ន ភេទប្រុស អាយុ២២ឆ្នាំ មុខរបរបុគ្គលិកនៅភោជនីយដ្ឋានផ្សារអ៊ីអនស្នាក់នៅផ្ទះជួលជាមួយគ្នាមានស្រុកកំណើតផ្ទះលេខ១៤Eoស្ថិតនៅភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។
តាមសម្តីរបស់នារីដែលប៉ុនប៉ងលោតសម្លាប់ខ្លួនបានរៀបរាប់ប្រាប់សមត្ថកិច្ចថា មូលហេតុគាត់លោតសម្លាប់ខ្លួនដោយសារខឹងសង្សារលួចមានស្រីថ្មី គាត់ចាប់បានតាមរយៈទូរស័ព្ទដៃរបស់សង្សារក៏បានឈ្លោះប្រកែកទាស់ពាក្យសំដីគ្នាធ្វើឲ្យរូបគេសំរេចចិត្តលោតសម្លាប់ខ្លួនដោយរត់ចេញពីក្នុងបន្ទប់ទាំងស្លៀករ៉ូបបានផ្លោះបង្កាន់ដៃមុខផ្ទះជាន់ទី៤ ទៅឈរតោងនៅខាងក្រៅបង្កាន់ដៃ ប៉ុនប៉ងលោតសម្លាប់ខ្លួនត្រូវសង្សារ និងសមត្ថកិច្ចអង្វរឲ្យចុះមកវិញនិយាយគ្នាសិនកុំឲ្យលោតសម្លាប់ខ្លួន ទើបសង្សារកាន់ដៃចុះមកវិញស្ដាប់ការណែនាំសមត្ថកិច្ច ។
ចំណែកបុរសជាសង្សារបានប្រាប់សមត្ថកិច្ចថាពួកគេទាំងពីរនាក់ស្គាល់គ្នាតាមរយៈរូប គាត់ទៅភោជនីយដ្ឋានដែលនាងធ្វើការក៏បានសុំលេងទូរស័ព្ទទាក់ទងស្រឡាញ់គ្នានិងបានរស់នៅជាមួយគ្នានៅបន្ទប់ជួលកើតហេតុខាងលើជិតមួយឆ្នាំមកហើយប៉ុន្តែសង្សាររបស់គាត់តែងតែប្រចណ្ឌខុសរឿងសូម្បីមិត្តភក្តិរាប់អានគ្នានៅកន្លែងធ្វើការក៏មិនបានដែរធម្មតាកន្លែងធ្វើការមានប្រុសមានស្រីឲ្យតែមានមិត្តភក្តិស្រីទូរស័ព្ទមកគឺគាត់ចោទថាខ្ញុំមានស្រីហើយទោះបីខំពន្យល់ណែនាំយ៉ាងណាក៏នៅតែមិនស្ដាប់ ពេលណាខ្ញុំមិនចង់ឈ្លោះមិនតមាត់គាត់ថានៅស្ងាត់មានតែពិតប្រាកដមែនពេលណាតមាត់ថាស្ដីអោយគាត់និងប្រើសំដីខ្លាំងៗហើយមិនដឹងជាធ្វើយ៉ាងឲ្យត្រូវចិត្តរបស់គាត់ទេរហូតទាល់តែគាត់រត់ទៅបម្រុងលោតសម្លាប់ខ្លួនកុំតែសមត្ថកិច្ចមូលដ្ឋានពន្យល់ណែនាំប្រហែលជាលោតបាត់ទៅហើយកុំអីខ្ញុំនឹងស្ដាយក្រោយមួយជីវិតហើយខ្ញុំស្រលាញ់សង្សារណាស់ដើម្បីសន្សំលុយកាក់ទៅចូលស្ដីដណ្តឹងដល់ចាស់ទុំ ។
បុរសជាសង្សារបានបន្តទៀតថា ពេលដែលពួកគេរស់នៅជាមួយគ្នា ប្រមាណជា១ខែចុង ក្រោយនេះការរស់នៅជាមួយគ្នាហាក់ដូចជាមិនសូវចុះសម្រុងនឹងគ្នាទាល់តែសោះរហូតឈ្លោះប្រកែកគ្នាហើយនាងបម្រុងលោតសម្លាប់ខ្លួនត្រូវនគរបាលសង្កាត់ទន្លេបាសាក់ នាំទៅធ្វើកិច្ចសន្យានិងសុំទោសដល់សមត្ថកិច្ច រួចហើយបាននាំនាងត្រលប់ទៅផ្ទះជួលវិញ ។
ប្រភពព័ត៌មានពីសមត្ថកិច្ចមូលដ្ឋានបានប្រាប់ថា ដោយមានមន្រ្តីសាលាខណ្ឌបានទូរស័ព្ទឲ្យចុះមកផ្ទះជួលឲ្យលឿន ដោយមាននារីនាក់ចង់លោតសម្លាប់ខ្លួនហើយក៏ប្រញ្ញាប់ចុះទៅដល់ផ្ទះជួលខាងលើ ហើយក៏ឃើញនារីរងគ្រោះ ឈរនៅបង្កាន់ដៃផ្ទះជាន់ទី៤ ហើយសម្របសម្រួលដោយលួងលោមជាមួយក្រុមព្រឹក្សាសាលាសង្កាត់ផ្នែកស្រ្តីមានវិបត្តិ ទើបគាត់ព្រមចុះមកវិញហើយក៏នាំគាត់មកប៉ុស្តិ៍ ដើម្បីធ្វើការណែនាំជៀសវាងមានលើក្រោយទៀត និងធ្វើកិច្ចសន្យាផងដែរ ។
ក្រោយមកក៏ឲ្យក្រុមគ្រួសារខាងស្រី មកធានាយកត្រលប់ទៅវិញតែដោយឪពុកម្ដាយនៅឆ្ងាយពេក ក៏ឲ្យភាគីទាំង២នាក់ ឲ្យអាះអាងនៅមុខសមត្ថកិច្ចលេងប្រព្រឹត្តធ្វើបែបនេះទៀតហើយក្រោយមក២នាក់ដឹកដៃគ្នាចេញពីកន្លែងសមត្ថកិច្ចទៅផ្ទះជួលវិញទៅនេះហើយជាស្នេហាយុវវ័យដែលមានមានចាស់ទុំដឹងលឺ ៕
ដោយ៖ គួន ចំរើន