Thursday, September 19, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមស្រីចោទចាប់រំលោភ ៣ដង ប្រុសប្រកែកថា ច្រើន ដងរាប់ភ្លេច

ស្រីចោទចាប់រំលោភ ៣ដង ប្រុសប្រកែកថា ច្រើន ដងរាប់ភ្លេច

ភ្នំពេញ ៖ ស្ត្រីម្នាក់ បានអះអាងថា ខ្លួនត្រូវបានបុរសជាជាងដែកម្នាក់ ចាប់រំលោភសេពសន្ថវៈ ចំនួន៣ដងជា បន្តបន្ទាប់ ហើយប៉ុនប៉ងសម្លាប់ចោលទៀត លុះក្រោយពីនាងបានដាក់ពាក្យបណ្តឹងចូលសាលាដំបូងខេត្ត ត្បូងឃ្មុំ បែរជាត្រូវបានផ្អឹបសំណុំរឿងចោល ជាច្រើនខែមកហើយ ទើបធ្វើឱ្យអស់សង្ឃឹម ទទូចសុំក្តីសន្តោស ប្រណីពីក្រសួងកិច្ចការនារី និងដង្ហោយសុំអន្តរាគមន៍ពីសម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ កម្ពុជា និងសម្តេចកិត្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។

កាលពីវេលារសៀលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ ស្ត្រីដែលអះអាងថា ខ្លួនជាជនរងគ្រោះ ក្នុងសំណុំរឿងរំលោភ សេពសន្ថវៈខាងលើ បានធ្វើដំណើរមកដល់រាជធានីភ្នំពេញ ហើយបានចូលទៅដល់សាលាសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ស្វែងរកជួបក្រុមអ្នកសារព័ត៌មាន ដើម្បីឱ្យជួយផ្សព្វផ្សាយនូវរឿងដែលជនសង្ស័យរំលោភ បំពានមកលើខ្លួន ខណៈដែលសំណុំរឿងមួយនេះ ត្រូវបានផ្អឹបទុកស្ងាត់ឈឹង។

ស្ត្រីរងគ្រោះ បានបញ្ជាក់ប្រាប់ថា គាត់មានអាយុ ៣៨ឆ្នាំ មានលំនៅក្នុងឃុំរកាពប្រាំ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ គាត់គឺជាស្ត្រីមានប្តី និងកូនរួចទៅហើយ។ ចំណែកជនសង្ស័យដែលជាប់ចោទចាប់រំលោភស្ត្រីរងគ្រោះមាន ឈ្មោះ ជ.វ.ស អាយុ៣៨ឆ្នាំ មុខរបរជាងដែក មានលំនៅក្នុងភូមិជាមួយគ្នា។

ស្ត្រីខាងលើ បានឱ្យដឹងថា ពេលនេះគាត់បានសម្លឹងឃើញយុត្តិធម៌សម្រាប់រូបគាត់ កំពុងតែស្ថិតនៅឆ្ងាយសែន ឆ្ងាយបំផុត បើគ្មានសម្តេច ទាំងទ្វេ ព្រមទាំងក្រសួងកិច្ចការនារី ជួយទេនោះ ពន្លឺយុត្តិធម៌សម្រាប់រូបគាត់ប្រាកដ ជាគ្មានជារៀងរហូត។ គាត់បន្តថា តុលាការ ជឿតែទៅលើការបកស្រាយរបស់ជនល្មើស តែបោះចោលនូវអ្វី ដែលជាពិតដែលបានកើតឡើងទាំងអាម៉ាស់មកលើរូបគាត់។ ដោយឡែកលោក ឡុង ហុកម៉េង ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តត្បូងឃ្មុំ បានសម្រេចតម្កល់សំណុំរឿងនេះទុកឥតចាត់ការឡើយ ហើយជន សង្ស័យ បានស្ថិតនៅក្រៅ សំណាញ់ច្បាប់តាំងពីដើមរហូតមកដល់ពេលនេះ។

ស្ត្រីខាងលើ បានរៀបរាប់ថា មុនពេលកើតហេតុ គាត់បាននៅផ្ទះជាមួយកូនៗ និងម្តាយក្មេក ចំណែកប្តី បានទៅ ធ្វើការរកស៊ីនៅឯប្រទេសកូរ៉េ ពុំសូវបានមកលេងផ្ទះនោះទេ ទើបតែនៅក្រោយពេលបែកធ្លាយរឿងទើបប្តីគាត់ ចាកចេញពីប្រទេសកូរ៉េ មកផ្ទះវិញ។ មិនតែប៉ុណ្ណោះ គាត់និងប្តី អត់ហ៊ាននៅផ្ទះទេ ព្រោះខ្លាចជនសង្ស័យ សម្លាប់ចោល និងខ្មាសអ្នកស្រុកភូមិផង ក៏បាននាំគ្នាភៀសខ្លួនទៅរស់នៅបណ្តោះអាសន្ន នៅឯខេត្តកំពង់ធំ ដើម្បីសុវត្ថិភាពផ្ទាល់ខ្លួន ព្រោះសង្ឃឹមលើច្បាប់ គ្មានពន្លឺយុត្តិធម៌បែបនេះ។

ស្ត្រីរងគ្រោះ រៀបរាប់បន្តថា ជនសង្ស័យបានចាប់រំលោភគាត់ ចំនួន៣លើក គឺនៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ ខណៈពេលដែលគាត់កំពុងជិះម៉ូតូចេញពីចម្ការកៅស៊ូ ក្នុងភូមិអណ្តូងខួច ឃុំរកាពប្រាំ ស្រុកត្បូងឃ្មុំ ត្រឡប់ទៅ ផ្ទះវិញ លុះមកដល់ត្រង់ចំណុចព្រៃម៉ៃសាក់ ស្រាប់តែ ជនសង្ស័យ ជិះម៉ូតូ ១គ្រឿង ស្ទាក់ឱ្យឈប់ រួចចាប់រំលោភ គាត់រហូតបានសម្រេច ហើយចាប់ច្របាច់ក ប៉ុនប៉ងសម្លាប់គាត់បំបិទមាត់ចោល។ ប៉ុន្តែពេលនោះគាត់បានអង្វរ ថា “សូមកុំសម្លាប់ខ្ញុំអី ខ្ញុំអត់ប្តឹងទេ” ទើបជនដៃដល់ ព្រមដោះលែងគាត់ឱ្យត្រឡប់ទៅផ្ទះវិញ។

ស្ត្រីខាងលើ បានឱ្យដឹងថា ក្រោយមក នាងមិនហ៊ានប្រាប់នរណាឱ្យដឹងទេ ហើយក៏មិនហ៊ានប្តឹងដែរ ព្រោះមិន ចង់ឱ្យបែករឿងដឹងដល់ប្តី ខ្ចាចត្រូវប្តីលែងលះ និងខ្លាចខ្មាសអ្នកជិតខាង ជាពិសេសខ្លាចជននោះសម្លាប់ចោល ផងដែរ។ លុះរំលងបាន២ថ្ងៃ ក្រោយមក នៅវេលាម៉ោងប្រហែល ៨ព្រឹក ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២ ខណៈ ពេលដែលម្តាយក្មេកចេញទៅវត្តបាត់ ហើយកូនៗរបស់គាត់ទៅរៀនអស់ គាត់កំពុងនៅផ្ទះម្នាក់ឯង ស្រាប់តែ ជននោះបានចូលមកចាប់រំលោភគាត់ដល់ក្នុងផ្ទះ បានសម្រេចជាលើកទី២ ម្តងទៀត។

ស្ត្រីខាងលើ បានឱ្យដឹងទៀតថា រហូតដល់វេលាម៉ោង ១១យប់ ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២២ ខណៈពេលដែល គាត់កំពុងតែដេកនៅក្នុងបន្ទប់ក្រោមផ្ទះ ជាមួយកូនៗ ហើយបានបិទទ្វារត្រឹមត្រូវ ប៉ុន្តែក្រោយមកពុំដឹងថាកូន គាត់បើកទ្វារក្រោយ ហើយបិទវិញ តែភ្លេចដាក់គន្លឹះ ឬបែបណាទេ ស្រាប់តែជនសង្ស័យខាងលើ បានផ្លោះ ចូលមកចាប់រំលោភគាត់ដែលកំពុងដេកលក់ ប៉ុន្តែគាត់បានភ្ញាក់ដឹងខ្លួនទាន់ រួចរើបម្រះ និងស្រែកឆោឡោ បង្កឱ្យមានការភ្ញាក់ផ្អើលដល់កូនៗ និងបងថ្លៃរបស់គាត់ ទើបជនសង្ស័យរត់ចេញ ឡើងទៅលើផ្ទះគាត់រួច លោតចុះពីលើផ្ទះរត់គេចខ្លួនបាត់ ហើយបងថ្លៃគាត់ បានថតរូបវីដេអូក្នុងពេល ដែលជននេះកំពុងលោតចុះ ពីលើផ្ទះ រត់គេចខ្លួនបានថែមទៀតផង។

ស្ត្រីខាងលើ បានបញ្ជាក់ថា ក្រោយពេលកើតហេតុ គាត់បានដាក់ពាក្យបណ្តឹង ឱ្យសមត្ថកិច្ចជួយចាប់ខ្លួន ជនសង្ស័យ មកផ្តន្ទាទោសតាមច្បាប់ និងទាមទារសំណងជំងឺចិត្ត ចំនួន៣ម៉ឺនដុល្លារ។ ប៉ុន្តែចាប់ ពីប៉ុស្តិ៍នគរ បាលរដ្ឋបាលរកាពប្រាំ រហូតដល់នគរបាលអធិការដ្ឋានស្រុកត្បូងឃ្មុំ និងស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ពុំមានចំណាត់ការឃាត់ខ្លួនជនសង្ស័យសោះ។ ក្រោយមក នគរបាលបានបញ្ជូនតែសំណុំរឿង ទៅសាលា ដំបូងខេត្តត្បូងឃ្មុំ បន្ទាប់មក លោកឡុង ហុកម៉េង ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តត្បូងឃ្មុំបាន កោះហៅជនសង្ស័យ ទៅសាកសួរដែរ ប៉ុន្តែអត់បានឃាត់ខ្លួនជនសង្ស័យទេ ហើយបន្ទាប់ពីជន នេះឆ្លើយបំ ផ្លើសបំពានខុសការពិតសោះ បែរជាលោកឡុង ហុកម៉េង ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តត្បូងឃ្មុំ ជឿស្លុង រួចក៏បានតម្កល់សំណុំរឿងទុកឥតចាត់ការតែម្តង។

យោងតាមដីកាតម្កល់រឿងទុកឥតចាត់ការ លេខ១០៧ អ.យ.ក/២២ របស់លោកឡុង ហុកម៉េង ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តត្បូងឃ្មុំ បានផ្អែកទៅលើចម្លើយបំភ្លឺរបស់ឈ្មោះ ជ.វ.ស ដែលជាចុងបណ្តឹង និងសំណុំរឿងដែលកសាងឡើងដោយនគរបាល ដូចខាង ក្រោម ៖ កាលពីថ្ងៃកើតហេតុខ្លួន (ជនសង្ស័យ) ពិតជាបានផ្លោះរបងចូលទៅក្នុងផ្ទះរបស់ជនរងគ្រោះមែន ហើយបានដើរចូលទៅក្នុងបន្ទប់ដេករបស់គាត់មែន ហើយកាលដែលខ្លួនផ្លោះរបងចូលទៅ គឺដោយសារតែជនរងគ្រោះអនុញ្ញាតឱ្យខ្លួនចូលទៅ ដោយពេលផ្លោះ របងរួចហើយ ជនរងគ្រោះបានបើកទ្វារឱ្យខ្លួនចូល ពីព្រោះមុនពេលផ្លោះរបងចូលគឺពួកខ្លួនបានទាក់ទងគ្នា តាមរយៈទូរស័ព្ទរួចហើយ។

ជនសង្ស័យបានអះអាងថា ខ្លួននិងជនរងគ្រោះ មានស្នេហាលួចលាក់ជាមួយគ្នា ចាប់តាំងពីអំឡុងខែកុម្ភៈ មក និងតែងតែរួមមេត្រីជាមួយគ្នាច្រើនដងរាប់ភ្លេច ទាំងនៅក្នុងផ្ទះសំណាក់ និងនៅក្នុងបន្ទប់ដេកជនរងគ្រោះគឺមិន ដែលបង្ខិតបង្ខំគ្នាម្តងណាឡើយ គឺកើតចេញពីការព្រមព្រៀងគ្នា ហើយកន្លងមក ជាញឹកញាប់ នៅពេលយប់ ស្ងាត់ ខ្លួនតែងតែផ្លោះរបងចូលទៅក្នុងផ្ទះជនរងគ្រោះ ហើយជនរងគ្រោះបានបើកទ្វារឱ្យចូលដេកក្នុងបន្ទប់ របស់គាត់ និងបាននៅជាមួយគ្នាផងដែរ។

ពាក់ព័ន្ធទៅនឹងចម្លើយសារភាពខាងលើ ត្រូវបានជនរងគ្រោះទាត់ចោលទាំងស្រុង និងចាត់ទុកថា ជនល្មើស រូបនោះ ឆ្លើយដោះសាយករួចខ្លួន ខណៈពេលដែលគាត់ គឺជាស្រីមានប្តី និងកូនទៅហើយ មិនមែនជាស្រី ល្មោភកាម អាចប្រព្រឹត្តនូវទង្វើថោកទាប អសីលធម៌ ផិតក្បត់ប្តីបែបនេះទេ។ កាលពីអំឡុងខែកុម្ភៈ គាត់ បានជួលជននេះទៅធ្វើផ្ទះឱ្យគាត់ប៉ុណ្ណោះ ហើយមិនមានការទាក់ទងស្នេហាជាមួយគ្នាអីទេ ហើយការជួលឱ្យ ធ្វើផ្ទះនោះ គឺដោយសារជននោះជាជាងដែក ម៉្យាងទុកចិត្តថា ជាអ្នកភូមិជាមួយគ្នាទៀត ហើយប្តីគាត់ក៏មាន ចិត្តអាណិតជននោះ ផងដែរ ទើបហៅមកឱ្យធ្វើផ្ទះ គ្រាន់បានលុយ ប៉ុន្តែគាត់មិននឹកស្មានថាជននោះចិត្តខ្មៅ បែបនេះសោះឡើយ។

ជុំវិញរឿងរ៉ាវស្រីប្រកាន់ ប្រុសប្រកែក ខាងលើនេះ នៅមិនទាន់មានការបកស្រាយបំភ្លឺពីសមត្ថកិច្ច មន្ត្រីសាលា ដំបូងខេត្តត្បូងឃ្មុំ ក៏ដូចជាបុរសដែលរងការចោទប្រកាន់ខាងលើ នៅឡើយ កាលពីម្សិលមិញ។ យ៉ាងណាយើង រង់ចាំទទួលការបកស្រាយពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់៕

RELATED ARTICLES