សៀមរាប ៖ លោកខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធប្រជាធិបតេយ្យ (LDP) ដែលតាំងខ្លួនជាព្រហ្មរក្សាលោក ហើយបាននិយាយតាំងពីចុងខែសីហា ឆ្នាំ២០២២ ថាទឹកនឹងលិចលោក មនុស្សស្ទើរមួយផែនដី ស្លាប់អស់សល់ តែបន្តិច នៅចម្ការរបស់ខ្លួន នាជើងភ្នំគូលែន នៅពេលដែលខ្លួនសម្រេចឈាននោះ ពេលនេះបានអះអាងជា ថ្មីទៀតថា ខ្លួនអាចនឹងសម្រេចឈាន នៅថ្ងៃព្រះពុទ្ធ ត្រាស់ដឹង នាថ្ងៃពេញបូណ៌មី ខែពិសាខ ឆ្នាំថោះ ត្រូវនឹង ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៣ ខាងមុខនេះ គឺមុនកម្ពុជា បើកព្រឹត្តិការណ៍ស៊ីហ្គេម ១ថ្ងៃ។

លោកខឹម វាសនា បានបញ្ជាក់តាមទំព័របណ្តាញសង្គម ហ្វេសប៊ុក របស់ខ្លួន នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣ ថា «ពេទ្យសាំងហ្គាពួរ គេជឿទុកចិត្តថា ពូកែខ្លាំងណាស់។ ពេទ្យនោះប្រាប់ពូថា ជំងឺពូ យ៉ាងយូរបំផុត ពីបីទៅប្រាំ មួយខែ នឹងជាដាច់ស្រឡះហើយ តែពូឈឺនៅថ្ងៃព្រហស្បតិ៍ ទី០២ ខែឧសភា ឆ្នាំ២០១៩ បើគិតដល់ថ្ងៃព្រហស្បតិ៍ ទី៤ ខែឧសភា ឆ្នាំ២០២៣ដែលជាថ្ងៃពេញបូណ៌មី ខែពិសាខ គឺរយៈពេលបួនឆ្នាំហើយ តែពេលនេះ រាងកាយពូ មិនទាន់ជាដាច់ស្រឡះដូចដើមផង។ ពូប្រាប់ថា មិនមែនជំងឺទេ គឺជារបៀបវិបស្សនា ដើម្បីបានឈាន គឺត្រូវតែ ឆ្លងកាត់ដំណាក់កាលរាងកាយពូមើលដោយភ្នែកឃើញដូចឈឺអ៊ីចឹង។ គ្រាន់តែឡានពូ និងឡានក្រុង ជិះបញ្ច្រា សទិសគ្នា រកកល់បុកគ្នាទៅហើយ កំបាំងឡានពូខាងមុខ ប៉ះនឹងឡានក្រុង ជ្រុះមកដី ក្មួយគិតទៅមើល តើ សភាពបើកបុកច្រាសទិសគ្នាផង តើវាកៀកប៉ុនណា? ព្រោះប៉ះគ្នាជ្រុះកំបាំងមុខហើយ នៅតែពិនិត្យទាញចង្កូត ចេញមកក្រៅ កុំឲ្យបុកគ្នាទាន់ពេលបានទៀត។ មានរឿងច្រើនណាស់ក្នុងជីវិតពូ ដែលផិតៗស្ទើរតែមានគ្រោះ ដល់ជីវិតពូ តែអត់មានប៉ះពាល់ដល់ជីវិតពូអីបន្តិចសោះ។ លោកិយ មើលឃើញដោយភ្នែក ឃើញពូនៅលើផែន ដីចាស់ ដូចគេគ្រប់គ្នា ប៉ុន្តែក្នុងសភាពពិតនៃកម្លាំងវិញ្ញាណដែលជាពូ គឺនៅលើផែនដីថ្មីទេ កម្លាំងដែលបង្កើត ផែនដីចាស់ មិនអាចប៉ះពាល់កម្លាំងនៃផែនដីថ្មីបានដាច់ខាត អ៊ីចឹងបានជាជីវិតពូ ត្រូវបានធានាទាំងស្រុង។ នេះជាប្រយោជន៍នៃការមើលកាល»។

លោកខឹម វាសនា បន្តថា «ពូចាំតែមើលកាលដែលពូត្រូវបានឈាននេះទៀតទេ តើចំពេលដែលព្រះពុទ្ធ បាន សម្រេចការត្រាស់ដឹងទេ? បើចំពេលព្រះពុទ្ធ ត្រាស់ដឹងទៀត គឺពូកាន់តែច្បាស់ពីនិយាមកាលថា អត់ខុសសូម្បី មួយវិនាទីឡើយ។ រឿងគ្រោះថ្នាក់នៃរាងកាយពូគឺច្រើនលើកច្រើនសាណាស់ ផុតផើយខ្លាំងណាស់ តែការមើល កាល មុនចុះចាប់កំណើតនេះ គឺច្បាស់លាស់ដល់ខណៈឯណោះ ពូចាំមើលតែឈានហ្នឹងមួយទៀតទេ បើពេល វេលាណាដែលជាកាលវេលាច្បាស់លាស់ដល់ខណៈមែនហ្នុងហើយ គឺពូច្បាស់លាស់ក្នុង អារម្មណ៍យល់ សម្រា ប់ពន្យល់ដល់ពួកក្មួយៗនោះហើយ អំពីនិយាមកាលនេះហើយ។ រាងកាយពូ ប្រសើរស្ទើរតែជ្រះស្រឡះហើយ ហើយសភាពជ្រះស្រឡះនេះទៀតសោត មិនមែនពូសង្កេតមើលរាងកាយពូជាជ្រះស្រឡះដូចមនុស្សម្នាក់ឈឺ រួចអង្គុយចាំពេលវេលាដែលរាងកាយរបស់ខ្លួនជាជ្រះស្រឡះនោះទេ គឺពូបានពាល់ដឹង ពេលពូវិបស្សនា ថា ហេតុអ្វីបានរាងកាយរបស់ពូ មិនទាន់កម្រើកស្រួលបួលត្រង់ចំណុចនេះ ឬត្រង់ចំណុចនោះ? គឺនៅចំណុចនោះ ហើយដែលរាងកាយពូមិនទាន់រលាយទាំងស្រុង ផ្នែកណាដែលពូជាជ្រះស្រឡះ គឺរាងកាយពូ មានសភាពរ លាយដូចសរសៃដើមព្រលិត រំចង់ ដែលគេកាច់ហើយទាញឃើញជាសរសៃៗ រាងកាយពូក៏មាន សភាពដូច នោះដែរ ផ្នែកដែលរលាយហើយ គឺមានសភាពបែបនោះ ហើយនៅចង្អូរតូចៗក្នុងរាងកាយ ស្ទើរតូចជាងសរសៃ អំបោះទៅទៀត ដែលពូដឹងថា មិនទាន់រលាយ គឺនៅចំណុចដែលមិនទាន់រលាយនេះតិចតួចណាស់»។

លោកខឹម វាសនា បន្តទៀថា «លុះពូងើបពីវិបស្សនា ពូក៏ដឹងថា ពូធ្វើដំណើរស្រួលជិតអស់ ដូចពូឃើញក្នុងវិប ស្សនាអ៊ីចឹងដែរ ដូច្នេះហើយទើបពូគិតថា ថ្ងៃពេញបូណ៌មី ខែពិសាខ គឺចំថ្ងៃដែលព្រះពុទ្ធ ត្រាស់ដឹង ជាពេល វេលាសមស្រប គួរតែនិយាមកាលរៀបចំឲ្យពូបានសម្រេចឈាន នៅពេលនោះឯង ប៉ុន្តែរឿងជាក់ស្ដែង ក្មួយៗ រង់ចាំមើលទាំងអស់គ្នាទៅណាក្មួយ។ ផែនដីរលាយ រាងកាយពូបានដឹងសភាពរលាយនៃផែនដីនោះ គឺរាង កាយពូ នឹងចូលដល់ចំណុចរលាយទាំងស្រុង ហៅថាភង្គៈ ពូសម្រេចឈាន គឺនៅពេលដែលរាង កាយពូ សម្រេចភង្គៈនេះ។ រឿងមហន្ដរាយដល់លោក ជារឿងនិយាមកាល ទាក់ទងនឹងពិភពលោកទាំងមូល មិន មែនទាក់ទងត្រឹមតែស្រុកខ្មែរយើងនេះទេ រឿងនេះគឺមានតែចាំមើលទាំងអស់គ្នាហ្នឹងហើយណាក្មួយ»។
លោកខឹម វាសនា បញ្ជាក់បន្ថែមថា «ក្មួយគិតមើល ឲ្យវិញ្ញាណដែលជាក្មួយបានដឹង បើលោកិយរៀបចំដោយ មនុស្ស តើនឹងមានរឿងអ្វីកើតមានឡើង? បើមនុស្សអាក្រក់ ឈ្នះមនុស្សល្អ នោះសង្គមបន្តទៅរហូត ដោយ មនុស្សអាក្រក់ មិនមនុស្សអាក្រក់ជាអ្នកគ្រប់គ្រងគ្រប់តែសម័យកាលទៅហើយទេអី? គិតទៅមើលតើវាអ៊ីចឹង ឬមិនអ៊ីចឹង? មនុស្សអាក្រក់ឈ្នះមនុស្សល្អ មនុស្សអាក្រក់នឹងរៀបចំបន្តអំណាចគ្រប់គ្រងទៅកូន ហើយកូននោះ នឹងរៀបចំបន្តទៅកូនខ្លួនទៀត តើមិនមនុស្សអាក្រក់បន្តៗ មិនមានទីបញ្ចប់ទៅហើយទេឬ? តើសង្គមមនុស្ស នឹងអយុត្តិធម៌ខ្លាំងឡើងៗគ្មានទីបញ្ចប់ ព្រោះពេលវេលានៅបន្តទៅមុខរហូត អត់ចេះចប់ដែរ អ៊ីចឹងមនុស្ស អា ក្រក់គ្រប់គ្រងសង្គមមនុស្ស នឹងមិនត្រូវបញ្ចប់ដែរ តើលោកិយអាចទៅជាអ៊ីចឹងរហូតទេ? ពិតជាមិនអាចទេ បើមិនអាចអ្នកណាជាអ្នករើរុះសង្គមអយុត្តិធម៌នេះឲ្យមនុស្ស? គឺកម្មនិយាម។ ចុះបើមនុស្សល្អដឹកនាំសង្គម មនុស្សទៅវិញ មនុស្សមិនកាន់តែល្អទៅៗ មិនសត្វទៅសួគ៌ច្រើនទៅៗ រហូតមនុស្សល្អច្រើនលើស លប់មនុស្ស អាក្រក់ទៅហើយ? អ៊ីចឹងមិនសត្វទៅសួគ៌ច្រើនជាងទៅអបាយភូមិហើយ? តើវាអាចមានដំណើរអ៊ីចឹងទេ? គឺមិនអាចទេ។ អ៊ីចឹងសម័យកាលនីមួយៗ ត្រូវបង្កើតឡើង និងបញ្ចប់ទៅវិញដោយកម្ម។ កម្មបង្កើតលោកិយ កម្មំសត្តេ វិភជ្ជតិ សត្វនៅក្នុងកម្ម ត្រូវតែរស់ដោយមនោសុចរិត គឺអារម្មណ៍អត់អញបានត្រូវ តែបើសត្វចង់ រៀបចំលោកិយខុសនិយាមកាលនៃកម្មនិយាម គឺមិនបានឡើយ ដូចជាខំរួមគ្នាការពារបរិស្ថាន ដើម្បីឲ្យផែន ដីស្រស់បំព្រងរហូតទៅ គឺមិនបានទេ កម្មរៀបចំលោកិយ ដោយមាននិយាមកាល មនុស្សមិនអាចរៀបចំ លោកិយ តាមចិត្តចង់របស់ខ្លួនទេ ទោះដោយមនោសុចរិត ឬដោយមនោទុច្ចរិតក៏ដោយ ក៏មិនអាចខុស និយាមកាលដែលរៀបចំដោយកម្មបានដែរ គឺសត្វបានត្រឹមតែធ្វើឲ្យអស់លទ្ធភាពដោយមនោសុចរិតទៅ គឺត្រូវនឹងគន្លងកម្មហើយ កម្មនឹងមិនឲ្យទុក្ខទោសដល់សត្វនោះទេ តែសត្វមានមនោទុច្ចរិតទាំងអស់ ក៏មិន អាចកែនិយាមកាលដែលកំណត់ឡើងដោយកម្មបានដែរ ហើយទទួលទុក្ខទោសដែលដាក់ដោយកម្មទៀត។ កម្មរៀបចំលោកិយ ជានិយាមកាល មនុស្សមិនអាចរៀបចំលោកិយតាមបំណងខ្លួនទេ។ ដែលជាការរស់នៅត្រូវ សត្វត្រូវធ្វើឲ្យអស់លទ្ធភាព ដោយមនោសុចរិតទៅ កម្មជាអ្នករៀបចំលទ្ធផលហើយ។ ទឹកលិចលោក និងពូសម្រេចឈាន គឺជានិយាមកាលដែលរៀបរៀងឡើងដោយកម្ម មិនអាចខុសបានទេក្មួយ»។

គួរបញ្ជាក់ថា ខាងលើនេះ មិនមែនជាលើកទី១ទេ ដែលលោកខឹម វាសនា បានអះអាងថា ខ្លួននឹងសម្រេច ឈានព្រហ្មរក្សាលោក ទឹកលិចលោក ដោយមេបក្សដែលប្រកាសឈប់ធ្វើនយោបាយ គិតតែរឿងពន្យល់ ធម៌ដល់សាវ័ករបស់ខ្លួនរូបនេះ តែងអះអាងជារឿយៗថា ទឹកលិចលោក ខ្លួនសម្រេចឈាន នៅថ្ងៃនេះ ខែនោះ តាំងពីចុងខែសីហា ឆ្នាំ២០២២ មកម៉្លេះ តែពុំឃើញមានហេតុការណ៍ ឬអព្ភូតហេតុអ្វីកើតឡើងដូចខ្លួនបានអះ អាងជាបន្តបន្ទាប់មកនោះទេ រហូតអ្នកលង់ជឿ ដែលទៅជុំគ្នានៅចម្ការជើងភ្នំគូលែននោះ បានថយចុះជាបន្ត បន្ទាប់ រាប់ចាប់ពីជាង២ម៉ឺននាក់ មកដល់សព្វថ្ងៃ នៅសល់តែប្រមាណ២០០នាក់ ដោយសារលែង ជឿការអះ អាងរបស់លោកខឹម វាសនា រហូតអតីតសាវ័កខ្លះ ចាត់ទុកជាការបោកប្រាស់ទៀតផង។ យ៉ាងណា ចំពោះការ អះអាងលើកចុងក្រោយនេះថា ខ្លួនអាចនឹងសម្រេចឈាន នៅថ្ងៃពេញបូណ៌មី ខែពិសាខ ចំថ្ងៃពិសាខបូជា (ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៣) ដែលជាថ្ងៃព្រះពុទ្ធ ប្រសូត ត្រាស់ដឹង និងចូលបរិនិព្វាននេះ លោកខឹម វាសនា ហាក់មិនហ៊ានអះអាងច្បាស់លាស់ដូចពីមុនៗទេ ដោយប្រើពាក្យថា «ចាំមើលទាំងអស់គ្នា» ដោយសារ តែការ អះអាងរាប់ដងមិនអស់កន្លងទៅ បានធ្វើឲ្យមហាជន រួមទាំងសាវ័ករបស់ខ្លួនមួយចំនួនអស់ជំនឿទៅហើយ៕ ខៀវទុំ