Saturday, July 27, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមស៊ីបាយវត្តឆ្អែត កាប់បោកចានឆ្នាំងខ្ទេច ជាប់ខ្នោះ

ស៊ីបាយវត្តឆ្អែត កាប់បោកចានឆ្នាំងខ្ទេច ជាប់ខ្នោះ

ខេត្តបាត់ដំបង ៖ បុរសម្នាក់ បានចូលមកសុំព្រះសង្ឃស្នាក់អាស្រ័យនៅក្នុងវត្ត ស៊ីបាយបាត្រ លុះចុងក្រោយ ផឹកស្រាស្រវឹង បែកគំនិតទាញពូថៅវាយកម្ទេចចានឆ្នាំងនៅក្នុងវត្ត បណ្តាលឱ្យខូចខាត បាក់បែកខ្ទេច ធ្វើឱ្យផ្អើលដល់ព្រះសង្ឃ រាយការណ៍ប្រាប់សមត្ថកិច្ច ចុះចាប់វាយខ្នោះ នាំយកទៅចាត់ការតាមច្បាប់។

ករណីអំពើហិង្សាបំផ្លិចបំផ្លាញទ្រព្យសម្បត្តិក្នុងទីអារាមនេះ បានកើតឡើង កាលពីវេលាម៉ោង៩និង៣០នាទីយប់ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤ នៅក្នុងបរិវេណវត្តកោះទឹមសុទ្ធា ហៅវត្តកកោះ ស្ថិតក្នុងក្រុមទី៩ ភូមិកកោះ ឃុំកកោះ ស្រុកមោងឫស្សី។

ជនសង្ស័យដែលស៊ីបាយវត្តឆ្អែត ទាញពូថៅកាប់បំផ្លាញទ្រព្យសម្បត្តិក្នុងវត្ត និងត្រូវសមត្ថកិច្ចចាប់វាយខ្នោះនោះ មានឈ្មោះម៉ាប់ សុភា ហៅម៉ូវ ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅក្នុងភូមិស្រែអូរ ឃុំកកោះ ស្រុកមោងឫស្សី បច្ចុប្បន្ន ស្នាក់នៅវត្តខាងលើ។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា ជនសង្ស័យខាងលើ បានចូលមកសុំព្រះសង្ឃស្នាក់នៅក្នុងវត្តកោះទឹមសុទ្ធា ហៅវត្តកកោះ ស្ថិតក្នុង ទីតាំងកើតហេតុខាងលើ ស្នាក់នៅមួយរយៈមកហើយ តែតាំងពីចូលមកស្នាក់នៅក្នុងវត្ត ជននេះមិនដែលជួយធ្វើការងារអ្វីទាំងអស់ គិតតែពីផឹកស្រាស្រវឹងអួទីនួ រាល់ថ្ងៃ។ ស្រាប់តែមកដល់ថ្ងៃកើតហេតុ នៅវេលាម៉ោងប្រមាណ ៩និង៣០នាទីយប់ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤ ជនសង្ស័យឈ្មោះម៉ាប់ សុភា ហៅម៉ូវ បានផឹកស្រាស្រវឹងជោក រួចទាញពូថៅកាប់បំផ្លាញសម្ភារៈក្នុងវត្តកោះទឹមសុទ្ធា ហៅវត្តកកោះ បណ្តាលឱ្យខូចខាត ទូឈើ ចំនួន១ ជើងពាន ចំនួន២ បោកចានអស់ចំនួន ៦ចាន ឆ្នាំង ចំនួន២។ ដោយទ្រាំនឹងទង្វើកោងកាចរបស់ជនសង្ស័យរូបនេះលែងបាន ទើបព្រះសង្ឃ បានរាយការណ៍ប្រាប់សមត្ថកិច្ច ចុះអន្តរាគមន៍ភ្លាមៗ។

បន្ទាប់ពីទទួលបានព័ត៌មានខាងលើ ស្របតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង និងលោកឧត្តមសេនីយ៍ត្រី លឹម ពុទ្ធីឡា ស្នងការរង ផែនការងារនគរបាលព្រហ្មទណ្ឌ លោកវរសេនីយ៍ឯក ស គឹមឡុង អធិការ នគរបាលស្រុកមោងឫស្សី បានដឹកនាំកម្លាំងធ្វើការឃាត់ខ្លួនជនសង្ស័យខាងលើ នាំទៅកាន់អធិការដ្ឋាននគរបាលស្រុក ធ្វើការសាកសួរ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យខាងលើ បានឆ្លើយសារភាពថា ខ្លួនពិតជាបានកាប់បំផ្លាញរបស់ទ្រព្យ ចានឆ្នាំងនៅក្នុងវត្ត ប្រាកដមែន មូលហេតុដោយសារតែខ្លួនផឹកស្រាស្រវឹងខ្លាំងពេក។

ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចជំនាញរៀបចំកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES