ភ្នំពេញ ៖ នៅព្រឹកថ្ងៃពុធ ៥កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ សម្តេចហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានអនុញ្ញាតឱ្យសិក្ខាកាមទាំង ៥០រូប នៃវគ្គបណ្តុះបណ្តាលថ្នាក់ដឹកនាំវ័យក្មេងគណបក្សជាប់ព្រំដែន កម្ពុជា-ឡាវ-វៀតណាម ចូលជួបសម្តែងការគួរសមនិងសំណេះសំណាល នៅវិមាន៧មករា រាជធានីភ្នំពេញ។

តាមប្រភពទំព័របណ្តាញសង្គម ហ្វេសប៊ុក សម្តេចហ៊ុន សែន បានឲ្យដឹងថា ការជួបសំណេះសំណាលនាពេលនេះ គឺបានបញ្ជាក់យ៉ាងច្បាស់អំពីការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់របស់សម្តេចហ៊ុន សែន ប្រធានគណបក្សប្រ ជាជនកម្ពុជា ចំពោះវគ្គបណ្តុះបណ្តាលថ្នាក់ដឹកនាំវ័យក្មេងគណបក្សជាប់ព្រំដែន កម្ពុជា-ឡាវ-វៀតណាម និងសិក្ខាកាម ក៏ដូចជាធ្វើឱ្យទំនាក់ទំនងមិត្តភាព សាមគី្គភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ រឹងមាំ យូរអង្វែងរវាងគណបក្សនៃប្រទេសទាំងបី កម្ពុជា ឡាវ និងវៀតណាម កាន់តែប្រសើរឡើងថែមទៀត។

សូមបញ្ជាក់ថា តាមការឯកភាពគ្នាជាឯកច្ឆន្ទ ពីប្រមុខដឹកនាំនៃគណបក្សទាំងបី គឺសម្ដេច ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា លោក ថងលុន ស៊ីសូលីត អគ្គលេខាធិការបក្សប្រជាជនបដិវត្តន៍ឡាវ និងលោក ង្វៀន ហ្វូជុង អគ្គលេខាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម កាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២១ គណបក្ស ប្រជាជនកម្ពុជា រៀបចំវគ្គបណ្ដុះបណ្ដាលថ្នាក់ដឹកនាំវ័យក្មេងគណបក្ស ខេត្តជាប់ព្រំដែន នៃប្រទេសទាំងបី ជាលើកទី២ នៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤។

វគ្គបណ្តុះបណ្តាលថ្នាក់ដឹកនាំវ័យក្មេងគណបក្សជាប់ព្រំដែន កម្ពុជា-ឡាវ-វៀតណាម ដើរតួនាទីយ៉ាងសំខាន់ក្នុងការបណ្តុះថ្នាលយុវជនឆ្នើម ដើម្បីចូលរួមកាន់តែសកម្មថែមទៀតក្នុងការអភិវឌ្ឍប្រទេសជាតិ និងពង្រឹងចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការ ដើម្បីវឌ្ឍនភាពនិងវិបុលភាពសម្រាប់ប្រជាជននៃប្រទេសយើងទាំងបី និងបណ្តាប្រទេសក្នុងមហាអនុតំបន់ទន្លេមេគង្គ ទទួលបានបទពិសោធន៍ពីវគ្គបណ្តុះបណ្តាលថ្នាក់ដឹកនាំវ័យក្មេង និងបានឃើញជាក់ស្តែងនូវសមិទ្ធផលសង្គមជាតិ។

នៅចុងបញ្ចប់នៃកិច្ចជួបសំណេះសំណាល សម្ដេចហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញ ថតរូបអនុស្សាវរីយ៍ជាមួយសិក្ខាកាមនៃប្រទេសទាំង៣ ប្រកបដោយបរិយាកាសសប្បាយរីករាយ៕ ខៀវទុំ