Thursday, October 31, 2024
Homeសន្ដិសុខសង្គម បង់រំលស់ឡាន៥គ្រឿង ឯកសារក្លែងក្លាយ៣គ្រឿង

 បង់រំលស់ឡាន៥គ្រឿង ឯកសារក្លែងក្លាយ៣គ្រឿង

ខេត្តព្រះសីហនុ ៖ បុរសជាជនជាតិចិន ម្នាក់ បានអះអាងថា ខ្លួនបានទិញរថយន្ត សរុបចំនួន៥គ្រឿង ពីស្ត្រីម្នាក់ លុះក្រោយមកស្រាប់តែរថយន្ត ចំនួន៣គ្រឿង បានមានបញ្ហា (ឯកសារក្លែងក្លាយ) ដោយក្នុងនោះរថយន្ត ១គ្រឿង ត្រូវបានបង់រំលស់ដាច់ ជាង១ឆ្នាំមកហើយ។

បុរសជនជាតិចិន បានបញ្ជាក់ប្រាប់ថា ខ្លួនបានទិញរថយន្ត ៥គ្រឿង (បង់រំលស់) ពីលោកស្រី ម៉ុង សុធារី ប៉ុន្តែរថយន្តដែលមានបញ្ហា មានចំនួន៣គ្រឿង ក្នុងនោះ១គ្រឿង មានតម្លៃ ១២ ៨០០០ដុល្លារ ហើយខ្លួនបានបង់រំលស់ដាច់ ជាងមួយឆ្នាំមកហើយ ស្រាប់តែនៅរសៀលថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ លោកអ៊ឹម សុភ័ក្ត្រ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ បានដឹកនាំគណៈកម្មការ ចុះអនុវត្តដីកាសម្រេចរឹបអូសរថយន្ត ជាបណ្តោះអាសន្ន តាមដីកាលេខ ៣៤៧ “ឃ១” ដ.រ ចុះថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៤ របស់សាលាដំបូងរាជធានីភ្នំ ពេញ។

សំណុំរឿងអនុវត្តរក្សាការពារលេខ០៥០ ចុះថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤ របស់សាលាដំបូងខេត្តព្រះសីហនុ រវាងម្ចាស់បំណុលនៃការអនុវត្ត ក្រុមហ៊ុនឆាយលីស រ៉ូយ៉ាល់ ហ្វាយនែន ម.ក (Chailease Royal Finance Plc) តំណាងដោយលោក Cheng Yi-Cheng និងសហកូនបំណុល នៃការអនុវត្តឈ្មោះម៉ុង សុធាវី និងហោ សុធារ៉ា។

ដីកាសម្រេចរឹបអូសជាបណ្តោះអាសន្ន លេខ ៖ ៣៤៧ “ឃ១” ដ.រ ចុះថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៤ របស់សាលាដំបូងរាជធានីភ្នំពេញ ដែលមានខ្លឹមសារសេចក្តីសម្រេចបញ្ចប់ថា ៖

១-រឹបអូសរថយន្ត ចំនួន៣គ្រឿង ជាបណ្តោះអាសន្ន ១-រថយន្តម៉ាក TOYOTA ALPHARD ផលិតឆ្នាំ២០២០ ពណ៌ខ្មៅ លេខតួ JINGZ3DH608059122 លេខម៉ាស៊ីន 2GRK788874 ផ្លាកលេខ ភ្នំពេញ 2AP-5377។ ២-រថយន្តម៉ាក TOYOTA ALPHARD ផលិតឆ្នាំ២០២០ ពណ៌ខ្មៅ លេខតួ JINGZ3DHX08059236 លេខម៉ាស៊ីន 2GRK790946 ផ្លាកលេខ ភ្នំពេញ 2AM-6277 និង៣-រថយន្តម៉ាក TOYOTA ALPHARD ផលិតឆ្នាំ២០២០ ពណ៌ខ្មៅ លេខតួ JINGZ3DH908059051 លេខម៉ាស៊ីន 2GRK787430 ពាក់ស្លាកលេខ ភ្នំពេញ 2AR-3377។

២-អនុញ្ញាតឱ្យក្រុមហ៊ុនឆាយលីស រ៉ូយ៉ាល់ ហ្វាយនែន ម.ក (Chailease Royal Finance Plc) គ្រប់គ្រងនិងថែរក្សានូវរថយន្តខាងលើ ទុកនៅអាសយដ្ឋានផ្ទះលេខ ១៤៦ មហាវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន រាជធានីភ្នំពេញ ជាបណ្តោះអាសន្ន។

ជុំវិញករណីខាងលើ លោកអ៊ឹម សុភ័ក្ត្រ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ បានបញ្ជាក់បន្ថែមថា នៅពេលចុះទៅដល់ទីតាំងអនុវត្ត ស្ថិតនៅភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ យើង ឃើញវត្តមានលោកឆេង សុផាត ជាអ្នកតំណាងឱ្យម្ចាស់បំណុលនៃការអនុវត្ត ឈ្មោះក្រុមហ៊ុន ឆាយលីស រ៉ូយ៉ាល់ ហ្វាយនែន ម.ក (Chailiease Royal Finance Plc) និងមិនបានឃើញវត្តមានរបស់សហកូនបំ ណុលនៃការអនុវត្តទេ ប៉ុន្តែបានជួបនឹងតតិយជនដែលកំពុងកាន់កាប់រថយន្តទាំង៣គ្រឿង ខាងលើនេះ។

លោកអ៊ឹម សុភ័ក្ត្រ បន្តថា បន្ទាប់មក យើងបានជូនដំណឹងស្តីពីការអនុវត្ត និងបានអានដីកាសម្រេចរឹបអូសជាបណ្តោះអាសន្នលេខ ៣៤៧ “ឃ១” ដ.រ ចុះថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៤ របស់សាលាដំបូងរាជធានីភ្នំពេញឱ្យអ្នកចូលរួមបានស្តាប់ ហើយបានពន្យល់ណែនាំអំពីនីតិវិធី នៃការអនុវត្ត។

ចំពោះតតិយជនដែលកំពុងកាន់កាប់រថយន្ត ទាំង៣គ្រឿងនេះ បានយល់ព្រមប្រគល់សោ និងរថយន្ត ទាំង៣គ្រឿង ដោយស្ម័គ្រចិត្ត ហើយតតិយជន បានបញ្ជាក់បន្ថែមថា រថយន្តទាំង៣គ្រឿង នោះខ្លួនបានទិញពីកូនបំណុលនៃការអនុវត្ត ឈ្មោះម៉ុង សុធារី ដោយបានបង់ប្រាក់ថ្លៃ លក់ទិញរថយន្តគ្រប់ចំនួនហើយ។

ក្រោយពេលអាជ្ញាសាលា បានពិនិត្យប័ណ្ណសម្គាល់យានយន្ត (កាតគ្រី) ទាំង៣នោះ ឃើញថាជាឯកសារក្លែងក្លាយ។ បន្ទាប់មកយើង បានបង្គាប់ឱ្យតតិយជនយកសម្ភារៈជាចលនវត្ថុចេញពីខាងក្នុងរថយន្តទាំង៣គ្រឿងខាងលើ។ ចំពោះរថយន្តទាំង៣គ្រឿង ខាងលើនេះ ត្រូវយក ទៅរក្សាទុកនៅឃ្លាំងរបស់សាលាដំបូងខេត្តព្រះសីហនុ (រក្សាទុករយៈពេលតែ៧ថ្ងៃប៉ុណ្ណោះ) ជាបណ្តោះអាសន្នសិន ក្រោមការគ្រប់គ្រងរបស់អាជ្ញាសាលា។

ជាមួយគ្នានេះ ជនជាតិចិន ជាអ្នកវិនិយោគរកស៊ីនៅស្រុកខ្មែរ បានអំពាវនាវដល់ផ្នែកច្បាប់ ឱ្យជួយដល់គាត់ជាជនរងគ្រោះ ដែលបានទិញរថយន្តបង់ប្រាក់គ្រប់ត្រឹមត្រូវ ប៉ុន្តែមិននឹកស្មានថាលោកស្រី ម៉ុង សុធារី ក្លែងឯកសារបន្លំបោកប្រាស់បែបនោះទេ។ អាស្រ័យហេតុដូច្នេះហើយ ខ្លួនបានឱ្យពឹងផ្នែកច្បាប់ ជួយស្វែងរកយុត្តិធម៌ចំពោះខ្លួន៕

RELATED ARTICLES