Thursday, October 31, 2024
Homeកីឡាជាតិលោកគួច ខេវិន ៖លើកទឹកចិត្តលោកគ្រូអេ ភូថង និងភរិយា ព្រមទាំងកូន បន្ដលើកស្ទួយគុនខ្មែរ ប្រកបដោយមនសិការជាតិ !

លោកគួច ខេវិន ៖លើកទឹកចិត្តលោកគ្រូអេ ភូថង និងភរិយា ព្រមទាំងកូន បន្ដលើកស្ទួយគុនខ្មែរ ប្រកបដោយមនសិការជាតិ !

ភ្នំពេញ៖លោកគួច ខេវិន ដែលជាអ្នកដឹកនាំផលិតកម្មវិធីជាន់ខ្ពស់ទូរទស្សន៍ម្នាក់មានបទពិសោធន៍ជាង២០ឆ្នាំ នោះបានចេញមុខគាំទ្រ និងលើកទឹកចិត្តដល់លោកគ្រូអេ ភូថង និងភរិយាលោកស្រីសាំង សុម៉ាលី និងកូនស្រីអា ព្រីយ៉ានុត ឲ្យបន្ដសកម្មភាពលើកស្ទួយវិស័យគុនខ្មែរឲ្យខ្ពស់ត្រដែត ល្បីរន្ទឺជួយបណ្តុះគ្រាប់ពូជគុនខ្មែរឲ្យដុះដាលរីកលូតលាស់តទៅទៀត ខណៈដែ​លលោកយល់ថាគួរតែបន្ធូរបន្ថយនូវអ្វីដែលជាកំហុសអចេតនា ឬកំហឹងមួយគ្រា របស់គ្នា ព្រោះ​ពួកគេហ្នឹងហើយដែលជាសសរទ្រូងគុណខ្មែរ មិនមែនមន្ត្រីក្រវាត់ ក ទៅហូរឈាម បែកច្រមុះ ដេកសន្លប់ ជំនួសឯណា?

 លោកគួច ខេវិន ៖អតីតអគ្គនាយករងទូរទស្សន៍CTN ,Seatv និងETV បានលើកឡើងថា” “គុណមួយសំពៅ កំហុសប៉ុនចង្វាចូលទៅរលាយគុណអស់” បើនឹកគិតពិចារណាទៅដល់សុភាសិតខ្មែរមួយឃ្លានេះរូបខ្ញុំនឹងអ្នក​ផងទាំងឡាយពិតជាខ្លោចចិត្តអាណិតលោកគ្រូប្រដាល់អេ ភូថង ភរិយានិងកូនស្រីព្រមទាំងសិស្សគុនផ្សេង​ទៀតដែលត្រូវ បញ្ឈរជើង៦ខែមិនឲ្យទៅក្បែរសង្វៀន ដោយសារតែការតវ៉ាទៅនឹងអ្វីដែលពួកគាត់នឹងអ្នក​ទស្សនាកីឡាវាយតប់នេះយល់ឃើញថាអយុត្តិធ៌ម។ក្នុងនាមជាកូនខ្មែរជាអ្នកគាំទ្រគុនខ្មែរដែលទើបតែមានគេស្គាល់ដោយសារការថែរក្សា ការពារ លើកស្ទួយដោយពូជអំបូរអ្នកក្បាច់គុន តួយ៉ាងដូចជាពូជអ្នកប្រដាល់អេ ភូថង នេះជាដើម ដែលលះលង់ប្រឹងប្រែងលើជ្រោង បង្វឹកបង្ហាត់កូនខ្មែរស្រឡាញ់គុនខ្មែរឲ្យរឹងមាំល្បីល្បាញរហូតឆាកអន្តរជាតិទទួលស្គាល់ និងជួយឲ្យពួកពាក់ក្រវាត់ ក បានហ៊ោកញ្ជ្រៀវរងាវអើតចំពុះទទៈស្លាបទាំងពុំបានបណ្តុះសូម្បីតែអ្នកបោសជូតសង្វៀនម្នាក់។ ខ្ញុំបានស្គាល់អេ ភូថង តាំងតែពីនៅជាកីឡាករក្រីក្រ រហូតឥឡូវក្លាយទៅជាតាគ្រូប្រដាល់ដែលស្ទើរតែដាច់ពេលម្តងៗ ក៏គាត់នៅតែប្រកាន់នឹងលើកតម្កើងអាជីពនេះ ។ ជាឪពុក ជាគ្រូបើកាលណា មើលឃើញនូវអ្វីដែលហួសហេតុពេកកើតមានចំពោះកូន ចំពោះសិស្សរបស់ខ្លួនតើឈឺចាប់ក្នុងចិត្តយ៉ាងណា បើសិនជាអ្នកវិញតើមានអារម្មណ៍បែបណាដែរ? អ្នកប្រដាល់បែកញើស ហូរឈាម ហ្វឹកហាត់ទាត់ធាក់ មិនមានចំណេះស្មើកុង្សី មន្ត្រីក្រវាត់ កនោះទេ គួរតែបន្ធូរបន្ថយនូវអ្វីដែលជាកំហុសអចេតនា ឬកំហឹងមួយគ្រា របស់គ្នា ព្រោះពួកគេហ្នឹងហើយដែលជាសសរទ្រូងគុណខ្មែរ មិនមែនមន្ត្រីក្រវាត់ ក ទៅហូរឈាម បែកច្រមុះ ដេកសន្លប់ ជំនួសឯណា?។ទោះមានអ្វីដែលមិនសប្បាយចិត្ត មានសម្ពាធយ៉ាងណា ក្នុងនាមជាអ្នកគោរព ស្រឡាញ់ត្រកូលទាយាទគុណខ្មែរខ្ញុំសូមលើកទឹកចិត្ត លោកគ្រូអេ ភូថង អ្នកគ្រូសាំង សុម៉ាលី ក្មួយអេ ព្រីយ៉ានុត សូមបន្តលើកស្ទួយ គុនខ្មែរឲ្យខ្ពស់ត្រដែត ល្បីរន្ទឺជួយបណ្តុះគ្រាប់ពូជគុនខ្មែរឲ្យដុះ​ដាល​រីកលូតលាស់ប្រកបដោយមនសិកាជាតិពិតៗតទៅទៀត!” ។

 ប្រតិកម្មរបស់លោកគួច ខេវិន នាពេលនេះកើតមានឡើងបន្ទាប់ពីមានភាពចម្រូង​ចម្រាសក្នុងការកាត់ក្ដីរបស់អាជ្ញាកណ្ដាលក្នុងការប្រកួតរវាងកីឡាករម៉ឺន មេឃា និងចាន់ ប៊ុនហឿន នៅសែង្វៀនPnn កាលពីល្ងាចថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៤ ដែលពេលនោះអាជ្ញាកណ្ដាលបានបញ្ឈប់ម៉ឺន មេឃា ទាំងដែលកីឡាករនៅងក់ក្បាល២ដងជាសញ្ញាអាចប្រកួតទៀតបាន បន្ទាប់ពីរាប់ដល់៨ ក្រោយត្រូវ១ជើងផ្កាប់ចានចំកញ្ចឹងកររបស់កីឡាករចាន់ ប៊ុនហឿន ដែលធ្វើឲ្យលោកអេ ភូថង និងភរិយា រួមទាំងកូនស្រីមិនពេញចិត្តចំពោះការកាត់ក្ដីរបស់លោកអាជ្ញាកណ្ដាល។ក្រោយម៉ឺន មេឃា បរាជ័យដណ្ដើមខ្សែក្រវ៉ាត់ ព្រោះមិនអាចបន្ដការប្រកួតដោយសារតែលោកអាជ្ញាកណ្ដាលបញ្ឈប់ ព្រោះមើលឃើញស្ថានភាពកីឡាករធ្ងន់ធ្ងរពេកលោកស្រីសាំង សុម៉ាលី ប្រកាសឈប់ជាន់សែង្វៀនPnn ជារៀងរហូត ។ភ្លាមៗនោះសហព័ន្ទកីឡាប្រដាល់គុនខ្មែរ បានចេញសេក្ដីប្រកាសសម្រេចដាក់ពិន័យលោកអេ ភូថង ,អ្នកស្រីសាំង សុម៉ាលី និងកូនស្រីកីឡាការិនីអេ ព្រីយ៉ានុត ដោយមិនអនុញ្ញាត្តិឲ្យចូលរួមប្រកួត​គុនខ្មែររយៈពេលចំនួន៦ខែ ។ប៉ុន្ដែមួយថ្ងៃក្រោយមកអ្នកស្រីសាំង សុម៉ាលី បានទទួលស្គាល់កំហុស និងបានធ្វើការសុំទោសជាសាធារណៈដល់សហព័ន្ធប្រដាល់គុនខ្មែរ ហើយកាលពីថ្ងៃទី២៣ កក្កដា លោកស្រីនិងស្វាមីអេ ភូថង រួមទាំងកូនស្រីអេ ព្រីយ៉ានុត ក៍បានទៅជួបផ្ទាល់ជាមួយលោកខូវ ឆាយ ប្រធានសហព័ន្ធប្រដាល់គុនខ្មែរ ដើម្បីទទួលស្គាល់កំហុស និងសុំឲ្យមានការបន្ធូរបន្ថយការពិន័យលើលោកស្រី និងគ្រួសារផងដែរ ។

  លោកខូវ ឆាយ បានថ្លែងក្រោយជំនួបជាមួយលោកអេ ភូថង និងភរិយា រួមទាំងកូនស្រីនោះថាក្នុងនាមប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ លោកនឹងសិក្សាបន្ដជាមួយអនុគណៈកម្មការ​ជំនាញរបស់សហព័ន្ធលើសំណូម​ពរ សុំបន្ធូបន្ថយការដាក់ពិន័យលលោកគ្រូអេ ភូថង អ្នកគ្រូសាំង សុម៉ាលី និងកីឡាការិនីអេ ព្រីយ៉ានុត ដោយ​ហេតុថាភាគីលោកគ្រូអេ ភូថង និងក្រុមគ្រួសារបានទទួលស្គាល់កំហុស និងធ្វើការសុំទោសជាសាធារណៈចំពោះ​កំហុសឆ្គងរបស់គាត់ ព្រមទាំងសន្យាមិនឲ្យកើតមានករណីនេះជាលើកទី២នោះឡើយ។

 ការលើកឡើងរបស់លោកខូវ ឆាយ បែបនេះជាអ្វីដែលលោកគួច ខេវិន ចង់ឃើញដូចគ្នាដើម្បីឲ្យលោកគ្រូអេ ភូថង និងភរិយា ព្រមទាំងកូនស្រីបានបន្ដជំនាញនិងអាជីពគុនខ្មែរឆាប់ៗឡើងវិញតទៅទៀត ក្នុងទិសដៅលើក​ស្ទួយវិស័យគុនខ្មែរឲ្យកាន់តែល្បីល្បាញលើឆាកជាតិ និងអន្ដរជាតិ ៕

RELATED ARTICLES