Friday, September 20, 2024
Homeតារាខ្មែរសារ៉ាយ សក្ខណា ៖សម្រាលកូនប្រុសខែ១១

សារ៉ាយ សក្ខណា ៖សម្រាលកូនប្រុសខែ១១

ភ្នំពេញ៖សារ៉ាយ សក្ខណា បានផ្អាកការងារសិល្បៈទាំងស្រុងហើយ ខណៈដែលពេលនេះនាង​ពពោះកូនទី៣ ជាង៦ខែ នឹងត្រៀមសម្រាលនាអំឡុងខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខនេះ។សក្ខ​ណា​ ថាការមានកូន៣នាក់គឺគ្រប់​គ្រាន់សម្រាប់រូបនាង ហេតុនេះនាងគ្មានគម្រោងយកកូនទី៤ នោះទេ ។

 សារ៉ាយ សក្ខណា បានប្រាប់អ្នកយកព័តមានយើងតាមទូរស័ព្ទកាលពីរសៀលថ្ងៃទី៣១ កក្កដា ថានាងនឹងត្រៀម​សម្រាលកូននៅខ្មែរនៅខែ១១  ពោលគឺមិនទៅសម្រាលនៅ​អាមេរិក​នោះទេ ហើយពេលនេះនាងបានផ្អាកការងារសិល្បៈ​ដូចជាការថតភាពយន្ដ​ទាំងស្រុង​ទៅ​ហើយ ប៉ុន្ដែនៅបន្ដថតស្ពតជាធម្មតា។សារ៉ាយ សក្ខណា ថ្លែងថា”ខ្ញុំនឹងសម្រាលកូន​នៅខែ​វិច្ឆិកា ខាង​មុខនេះ។ខ្ញុំសម្រាលនៅខ្មែរ អត់ទៅសមម្រាលនៅអាមេរិកទេ ។កូនទី៣នេះជា​កូនប្រុស ហើយ​សម្រាប់ខ្ញុំគិតថាមានកូន៣នាក់នេះគឺគ្រប់គ្រាន់ហើយ ខ្ញុំអត់មានគម្រោង​យកកូនទី៤នោះទេ “។

 ការអះអាងរបស់សារ៉ាយ សក្ខណា ថាសម្រាលកូននៅខ្មែរនេះខុសពីមិត្តភក្ដិ​របស់​នាង​បង្ហើបប្រាប់ថានាងអាចនឹងហោះទៅសម្រាលកូននៅអាមេរិកដើម្បីកើតភ្លាម បាន​សញ្ជាតិ​អា​មេរិកភ្លែតតែម្ដង។ប៉ុន្ដែសក្ខណា បញ្ជាក់ច្បាស់ៗថានាងនឹងផ្ដល់កំណើតឲ្យកូនទី៣របស់នាង​សម្រាលនៅ​មន្ទី​សម្ភពមួយនៅ​ខ្មែរ មិនមែននៅអាមេរិកដូចកូនទី១និងទី២ឡើយ ។សក្ខណា ថាអំឡុងពេលដែល​នាង​មានផ្ទៃពោះកាន់តែធំនេះ ក៍គ្មានផលិតកម្មហៅថតរឿងទៀតដែរ ព្រោះ​គេដឹងថានាងពោះធំ ប៉ុន្ដែនាងនៅតែទទួលធ្វើការងារ​សិល្បៈខ្លីៗដូច​ជាការថតស្ពត​ ។

 សារ៉ាយ សក្ខណា មកខ្មែរលើកនេះខុសពីរាល់ដងព្រោះនាងនៅស្រុកកំណើត​បាន​ដល់​ទៅជាង១ឆ្នាំ ហើយក៍ទទួលបានកូនម្នាក់ទៀត ដែលនេះជាកាដូមិន​អាចកាត់​ថ្លៃ​បាន ស្របពេលដែលនាងក៍បានយកកូនទាំងពីរនាក់មក​ឲ្យរៀនសាលាភាសារខ្មែរក្នុង​ស្រុក​ផង​​ដែរ ព្រោះខ្លាចពួកគេនៅអាមេរិកតាំងពីតូចដល់ធំរៀនតែសាលាបរ​ទេស​អត់ចេះភាសារខ្មែរ ។ប្រ​ភពបានឲ្យដឹងថាសក្ខណា ត្រូវផ្អាកការងារសិល្បៈយ៉ាងហោចណាស់ក៍៥ខែដែរ ដើម្បីត្រៀម​និង​ថែរក្សារសុខភាពទាំងមុននិងក្រោយសម្រាលកូនរួច ប៉ុន្ដែនាងមានគ្លីនិកកែ​សម្ផស្ស​មួយ​នៅម្ដុំ​ទួលគោក ហេតុនេះប្រាក់ចំណូលពីមុខជំនួញផ្នែកសម្រស់នោះគឺនៅតែមាន។

 គួររំលឹកថាសារ៉ាយ សក្ខណា បានរៀបការជាមួយអាណិកជនខ្មែរមកពីអាមេរិក​លោក​មេធាវីប៊ុន កែវមេត្រី កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៣ ដែលចំណងស្នេហាជាង១០ឆ្នាំនេះ ទទួលបានចំណងដៃកូន២នាក់គឺកូន​ស្រីឈ្មោះ​Mataysia អាយុជាង៨ឆ្នាំ  និងកូនប្រុស​ឈ្មោះ​ព្រីនស្ទីន អាយុជា៣ឆ្នាំ ។មុនពពោះ​កូនប្រុស​ទី៣នេះសក្ខណា ធ្លាប់ប្រាប់ថា​នាងចង់​បានកូន​ភ្លោះ ព្រោះចង់បង្កើតម្ដង២ តែពេលនេះលទ្ធ​ផលបានម្ដងតែមួយទេ ហើយនាងពេញ​ចិត្តនឹង​ទទួលយក ប៉ុន្ដែនាងថាលែងចង់បាន​កូនថែម​ទៀតហើយ ។

  សារ៉ាយ សក្ខណា ស្ថិតក្នុងចំណោមតារាយកស្វាមីជាបុរសខ្មែរអាមេរិក​មានដូច​ជាអ្នក​នាងអម្ពរ ទេវី ,គឹម លក្ខិណា ,វ៉េត រតនា ,សុគន្ធ និសា និងខៀវ សុខារ៉ាវី ជាដើម ប៉ុន្ដែក្នុងចំ​ណោ​មនោះមានតែរូបនាងនិងអ្នកនាងសុគន្ធ និសា ទេដែលនាំស្វាមីមករស់នៅខ្មែរ ហើយ​សក្ខណា និងនិសា បន្ដ​ការ​ងារសិល្បៈដូចកាលនៅលីវ ។សក្ខណា និងសុគន្ធ និសា ពេលនេះ​ក៍​មានហាងគ្លីនិករក្សារ​សម្រស់ដូចគ្នាផងដែរ ទើបអ្នកទាំងពីររក្សារបានរូបរាងស្វែល មិនសូវ​ឡើងទម្ងន់ និងបែក​សាច់​​នោះទេ ទើបធ្វើឲ្យតារាទាំងពីរនៅតែមានទីផ្សារការងារសិល្បៈ។

 ក្រៅពីសារ៉ាយ សក្ខណា តារាដែលមានកូន៣នាក់ដូចគ្នាគិត​ត្រឹមឆ្នាំ២០២៤ នេះ​មាន​ដូចជាអ្នកនាងគង់ សុជាតិ ,លោកព្រាប សុវត្ថិ និងខេមរៈ សិរីមន្ដ ជាដើម ។សម្រាប់​សក្ខ​ណា វិញនាងក៍ចង់ឲ្យកូនស្រីច្បង Mataysia បន្ដស្នងតំណែងសិល្បៈពីនាងដែរ ប៉ុន្ដែនាងថា​នឹងគោ​រព​ទៅតាមឆន្ទៈរបស់កូនថាតើចង់សិល្បៈជំនាញផ្សេង ឬរៀនផ្នែកសិល្បៈ នាងនឹង​បំ​ពេញបំ​ណងរបស់កូនជានិច្ច ៕

RELATED ARTICLES