ភ្នំពេញ ៖ គម្រោងព្រែកជីកហ្វូណនតេជោ ដែលមានប្រវែង ១៨០គីឡូម៉ែត ភ្ជាប់ផ្លូវទឹកពីទន្លេ ទៅសមុទ្រ ជាព្រែកជីកដំបូងក្នុងប្រវត្តិសាស្ត្រកម្ពុជា ដែលផ្តួចផ្តើមគំនិតដោយសម្តេចហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ប្រធានគណបក្សប្រជាជនកម្ពុជា ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានព្រឹទ្ធសភា នៃព្រះរាជា ណាចក្រកម្ពុជា នឹងបើកការដ្ឋានជាផ្លូវការ នៅព្រឹកថ្ងៃចន្ទ ទី០៥ ខែសីហា ឆ្នាំ២០២៤ ចំថ្ងៃជ័យមង្គល ដែលជាថ្ងៃកំណើតរបស់សម្តេចហ៊ុន សែន គម្រប់ ៧២ ឈានចូល៧៣ឆ្នាំ ដែលពិធីបើកការដ្ឋានព្រែកជីកហ្វូណនតេជោ នេះ នឹងប្រារព្ធធ្វើឡើង នៅភូមិព្រែកតាកែវ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ក្រោមអធិបតីភាពសម្តេចហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
នៅព្រឹកថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៤ គណៈកម្មការអន្តរក្រសួង ដឹកនាំដោយលោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដោយមានការចូលរួមពីបណ្តាថ្នាក់ដឹកនាំក្រសួង-ស្ថាប័នពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ និងអាជ្ញាធរខេត្តកណ្តាល បានអញ្ជើញចុះពិនិត្យទីតាំងបើកការដ្ឋានព្រែកជីកហ្វូណន តេជោ ស្ថិតក្នុងភូមិព្រែកតាកែវ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ដើម្បីត្រៀមពិធីអបអរសាទរជាប្រវត្តិសាស្រ្តជាមួយមហាជនប្រមាណ ១ម៉ឺននាក់។
លោកឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល អតីតរដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន ប្រធានគណៈកម្មការអន្តរក្រសួង ដើម្បីជំរុញដំណើរការអនុវត្តគម្រោងផ្លូវនាវាចរណ៍ព្រែកជីកហ្វូណនតេជោ បានបញ្ជាក់ថា ការចុះ ពិនិត្យនេះ លោកសង្កេតឃើញមានការរៀបចំតុបតែងចាប់តាំងពីបណ្តោយផ្លូវជាតិលេខ១ ដោយបំពាក់ដងទង់ ជាតិ និងផ្ទាំងប៉ាណូដែលគាំទ្រគម្រោងព្រែកជីកហ្វូណនតេជោ។ ក្រៅពីនោះ នៅទីតាំងរៀបចំពិធីបើកការដ្ឋាន មានការតម្រៀបគ្រឿងចក្រជាច្រើន និងប្រទីប យ៉ាងស្រស់បំព្រង រំលេចរូបភាព បន្ថែមសោភណភាពក្នុងថ្ងៃ បើកការដ្ឋានព្រែកជីកហ្វូណនតេជោ ខណ:ដែលប្រជាពលរដ្ឋ និងមន្រ្តីរាជការ ទូទាំងប្រទេស កំពុងត្រៀមខ្លួនចូលរួមពិធីបើកការដ្ឋានព្រែកជីកហ្វូណនតេជោ បានបង្ហាញក្តីសប្បាយរីករាយ និងការទន្ទឹងរង់ចាំគម្រោងជាប្រវត្តិសាស្រ្ត ដែលជាផលប្រយោជន៍សម្រាប់ជាតិ និងប្រជាជន។
គួរបញ្ជាក់ថា គម្រោងព្រែកជីកហ្វូណនតេជោ គឺជាប្រព័ន្ធផ្លូវទឹក តភ្ជាប់ប្រព័ន្ធដៃទន្លេមេគង្គ និងផ្លូវសមុទ្រ ប្រវែងសរុបប្រមាណ ១៨០គីឡូម៉ែត្រ គ្រោងចំណាយថវិកាសរុបប្រមាណ ១៧០០លានដុល្លារអាមេរិក ជាប្រភេទគម្រោងវិនិយោគ BOT (Build-Operate-Transfer)។ ទីតាំងព្រែកជីកនេះ គឺចាប់ពីព្រែកតាកែវ ស្ថិតក្នុងភូមិព្រែកតាកែវ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ឆ្លងកាត់ព្រែកតាឯក ចូលតាមព្រែកតាហ៊ីង និងបន្តរហូតដល់សមុទ្រខេត្តកែប។ ព្រែកជីកនេះ ឆ្លងកាត់ខេត្តចំនួន៤ រួមមាន ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត និងខេត្តកែប។ តាមការប៉ាន់ស្មាន មានចំនួនប្រជាជនសរុបប្រមាណ ១លាន៦សែននាក់ រស់នៅអមសងខាងព្រែកជីកនេះ នឹងទទួលផលពីព្រែកជីកនេះ ។ ព្រែកជីកនេះ មានទទឹងខាងលើ ១០០ម៉ែត្រ ទទឹងខាងក្រោម ៨០ម៉ែត្រ និងជម្រៅ ៥,៤ម៉ែត្រ (ជម្រៅនាវា ៤,៧ម៉ែត្រ) ។
គម្រោងព្រែកជីកហ្វូណនតេជោ ជាគម្រោងព្រែកជីកប្រវត្តិសាស្រ្ត លើកទីមួយ ក្នុងវិស័យដឹកជញ្ជូនផ្លូវទឹក របស់កម្ពុជា ដែលតភ្ជាប់ផ្លូវទឹក ពីទន្លេបាសាក់ ទៅសមុទ្រ ដោយផ្ទាល់។ គម្រោងនេះ នឹងផ្ដល់អត្ថប្រយោជន៍ជាច្រើន ដូចជាកាត់បន្ថយពេលវេលាធ្វើដំណើរ ចម្ងាយផ្លូវ ការចំណាយ នីតិវិធីផ្សេងៗសម្រាប់នាវានិងទំនិញចូល-ចេញ ហើយធ្វើឱ្យចំណេញ និងបង្កើនល្បឿននៃការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងធ្វើសមាហរណកម្មការដឹកជញ្ជូនផ្លូវទឹក តាមរយៈការពង្រីកការតភ្ជាប់ពហុមធ្យោបាយដឹកជញ្ជូន។ គម្រោងនេះ ក៏នឹងចូលរួមកាត់ បន្ថយការខូចខាតផ្លូវថ្នល់ ការកកស្ទះ និងគ្រោះថ្នាក់ចរាចរណ៍ ព្រមទាំងកាត់បន្ថយគ្រោះទឹកជំនន់ បញ្ហាខ្វះខាតទឹក និងផ្តល់ផលប្រយោជន៍ដល់សេដ្ឋកិច្ចសង្គមផ្សេងៗទៀតជាច្រើនផងដែរ។ គម្រោងព្រែកជីកហ្វូណន តេជោ នឹងបើកការដ្ឋានជាផ្លូវការ នៅថ្ងៃចន្ទ ទី០៥ ខែសីហា ឆ្នាំ២០២៤ ដើមសប្តាហ៍ខាងមុខនេះ ក្រោមអធិប តីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ។
នៅថ្ងៃបើកការដ្ឋានព្រែកជីកហ្វូណនតេជោ ខាងមុខ រាជរដ្ឋាភិបាលកម្ពុជា បានចេញសារាចរណែនាំឲ្យប្រជា ពលរដ្ឋ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ គ្រប់ ក្រសួង ស្ថាប័ន ព្រះសង្ឃគ្រប់វត្តអារាម នៅទូទាំងប្រទេស វាយគង ទូងស្គរ ទះប៉ោត អបអរសារទរពិធីបើកការដ្ឋានព្រែកជីកហ្វូណនតេជោ ព្រមៗគ្នានា នៅវេលាម៉ោង ៩:៩នាទី ព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤ និងបានអនុញ្ញាតឲ្យសិស្ស និស្សិត កម្មករនិយោជិត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ បានឈប់សម្រាក ១ថ្ងៃ ដើម្បីចូលរួមអបអរសាទរពិធីការដ្ឋានព្រែកជីកហ្វូណនតេជោ នេះផងដែរ៕ ខៀវទុំ