Friday, November 29, 2024
Homeព័ត៌មានជាតិនាយករដ្ឋមន្ត្រី អរគុណជនរួមជាតិ ចូលរួមមូលនិធិកសាងផ្លូវក្រវាត់ព្រំដែន

នាយករដ្ឋមន្ត្រី អរគុណជនរួមជាតិ ចូលរួមមូលនិធិកសាងផ្លូវក្រវាត់ព្រំដែន

ភ្នំពេញ ៖ សម្តេចហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអរគុណជនរួមជាតិខ្មែរ ទាំងក្នុងនិងក្រៅប្រទេស ដែលបានបរិច្ចាគថវិកាចូលរួមមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ដោយតាំងពីសម្តេច បានប្រកាសបង្កើតមូលនិធិ ផ្តោតលើការកសាងផ្លូវក្រវាត់ព្រំដែននេះ ចាប់ពីថ្ងៃទី២៦ សីហា ២០២៤ មក ក្រុមការងារមូលនិធិ បានចាប់ផ្តើមទទួលការបរិច្ចាគថវិកាដោយស្ម័គ្រចិត្ត ពីជនរួមជាតិខ្មែរ គ្រប់ទិសទី ទាំងក្នុង និងក្រៅប្រទេស ជាបន្តបន្ទាប់។

សម្តេចហ៊ុន ម៉ាណែត បានសរសេរក្នុងទំព័របណ្តាញសង្គម ហ្វេសប៊ុក របស់សម្តេច នៅព្រឹកថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៤ ថា «កាលពីថ្ងៃទី២២ សីហា ២០២៤ កន្លងទៅ ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំបានប្រកាសបង្កើត “មូល និធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន” ដោយផ្តោតលើការកសាងផ្លូវក្រវាត់ព្រំដែន ហើយដែលចាប់ពីថ្ងៃទី២៦ សីហា ២០២៤ មក ក្រុមការងារមូលនិធិបានចាប់ផ្តើមទទួលការបរិច្ចាគថវិកាដោយស្ម័គ្រចិត្ត ពីជនរួមជាតិខ្មែរ គ្រប់ទិសទី ទាំងក្នុងនិងក្រៅប្រទេស ។

ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំពិតជាមានមោទនភាពក្រៃលែង ដែលមូលនិធិមួយនេះបានទទួលការគាំទ្រយ៉ាងផុលផុសពីសំណាក់អង្គព្រះមហាក្សត្រ ព្រះមហាក្សត្រី ឥស្សរជនថ្នាក់ដឹកនាំ ព្រះសង្ឃ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ សិស្ស និស្សិត កម្មករ និយោជិត អាជីវករ កសិករ និងប្រជាពលរដ្ឋខ្មែរ គ្រប់មជ្ឈដ្ឋាន ទាំងក្នុងនិងក្រៅប្រទេស ជាពិសេស លោកយាយ លោកតា អ៊ំ ពូ មីង និងបងប្អូនជាច្រើននៅតាមមូលដ្ឋានភូមិស្រុក តាមរយៈការសស្រាក់សស្រាំចូលរួមបរិច្ចាគថវិកា មានតិច មានច្រើន ទៅតាមលទ្ធភាព និងប្រកបដោយស្នាមញញឹមសប្បាយរីករាយ ក្នុងធ្លុងមហាសាមគ្គីជាតិ និងស្មារតីខ្មែរតែមួយ» ។

សម្តេចនាយករដ្ឋមន្ត្រី បន្តថា «ក្នុងនាមរាជរដ្ឋាភិបាល និងក្នុងនាមខ្លួនទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំផ្ទាល់ ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំសូមថ្លែងអំណរព្រះគុណ និងអរគុណយ៉ាងជ្រាលជ្រៅ ប្រគេន ថ្វាយជូនចំពោះព្រះថេ រានុត្ថេរៈគ្រប់ព្រះអង្គ អង្គព្រះមហាក្សត្រ ព្រះមហាក្សត្រី សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី លោក យាយ លោកតា អ៊ំ ពូ មីង និងបងប្អូនជនរួមជាតិទាំងអស់ ចំពោះការចូលរួមចំណែកដ៏ឧត្តុង្គឧត្តមថ្លៃថ្លានេះ ដែលនេះគឺជាវិភាគទានដ៏មានតម្លៃបំផុត និងមិនអាចកាត់ថ្លៃបានឡើយ ហើយក៏ជាការឆ្លុះបញ្ចាំងអំពីទឹកចិត្ត មនសិការស្នេហាជាតិមាតុភូមិ របស់ជនរួមជាតិខ្មែរយើង  ដែលតែងតែត្រៀមខ្លួនជានិច្ចក្នុងការបូជា លះបង់គ្រប់បែបយ៉ាង នៅក្នុងមហាចលនាជាតិ ដើម្បីបុព្វហេតុកសាង ការពារ និងអភិវឌ្ឍមាតុភូមិកម្ពុជា ដោយឈរលើមូលដ្ឋាន និងស្មារតីនៃខឿនការពារជាតិ របស់ប្រជាជននៅគ្រប់កាលៈទេសៈ»។

សម្តេហ៊ុន ម៉ាណែត បន្តទៀតថា «ក្រុមការងារមូលនិធិ បាននិងកំពុងខិតខំរៀបចំលិខិតថ្លែងអំណរគុណជូនដល់បងប្អូនប្រជាពលរដ្ឋ ជាសប្បុរសជន ជាបន្តបន្ទាប់ យ៉ាងសស្រាក់សស្រាំ ។ ទន្ទឹមគ្នានេះ ខ្ញុំក៏សូមបន្តអំ ពាវនាវដល់ជនរួមជាតិ មេត្តាបន្តចូលរួមឱ្យបានកាន់តែច្រើនមូលមីរន្ថែមទៀត ហើយក្រុមការងារមូលនិធិ នឹងបន្តទទួលស្វាគមន៍ដោយក្តីរីករាយ» ៕ ខៀវទុំ

RELATED ARTICLES