ភ្នំពេញ ៖ កម្ពុជា នឹងធ្វើម្ចាស់ផ្ទះរៀបចំការប្រកួតជើងឯកប្រដាល់ឃីកបុកស៊ីងអាស៊ី ឆ្នាំ២០២៤ ចាប់ពីថ្ងៃទី០៦ ដល់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៤ ដោយសហព័ន្ធកីឡាប្រដាល់ឃីកបុកស៊ីងកម្ពុជា និងក្រុមហ៊ុនដៃគូ នឹងទទួលរ៉ាប់រងចំណាយលើការហូបចុក ការស្នាក់នៅ ការដឹកជញ្ជូនក្នុងស្រុក ។ដោយឡែកការចំណាយលើសំបុត្រយន្តហោះទៅមក ជាបន្ទុករបស់ភាគីចូលរួម។

យោងតាមលិខិតរបស់ទីស្តីការគណៈរដ្ឋមន្ត្រី ដែលចុះហត្ថលេខាដោយលោក អ៊ីន វីរជាតិ រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី គោរពជូនលោកបណ្ឌិត ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជននិងកីឡា ក្នុងកម្មវត្ថុ ៖ ករណីសូមគោរពស្នើសុំគោលការណ៍អនុញ្ញាតដ៏ខ្ពង់ខ្ពស់ ដើម្បីឱ្យសហព័ន្ធកីឡាប្រដាល់ឃីកបុកស៊ីងកម្ពុជា រៀបចំការប្រកួតជើងឯកឃីកបុកស៊ីងអាស៊ី ឆ្នាំ២០២៤ នៅព្រះរាជាណាចក្រកម្ពុជា ដោយយោង – លិខិតលេខ២៨៩៣ អយក.រប ចុះថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៤ របស់ក្រសួងអប់រំ យុវជន និងកីឡា និង – ចំណារដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ចុះថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤ បានបញ្ជាក់ថា «សេចក្តីដូចមានចែងក្នុងកម្មវត្ថុនិងយោងខាងលើ ទីស្តីការគណៈរដ្ឋមន្ត្រី សូមជម្រាបជូនឯកឧត្តមបណ្ឌិតសភាចារ្យ ជ្រាបថា រាជរដ្ឋាភិបាល យល់ព្រមជាគោលការណ៍ជូនសហព័ន្ធកីឡាប្រដាល់ឃីកបុកស៊ីងកម្ពុជា ធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតជើងឯកប្រដាល់ឃីកបុកស៊ីងអាស៊ី ឆ្នាំ២០២៤ ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៤ នៅព្រះរាជាណាចក្រកម្ពុជា។
សហព័ន្ធកីឡាប្រដាល់បើកបុកស៊ីងកម្ពុជា និងក្រុមហ៊ុនដៃគូ នឹងទទួលរ៉ាប់រងចំណាយលើការហូបចុក ការស្នាក់នៅ ការដឹកជញ្ជូនក្នុងស្រុក និងការរៀបចំការប្រកួតជើងឯកឃីកបុកស៊ីងអាស៊ី ឆ្នាំ២០២៤។ ដោយឡែកការចំណាយលើសំបុត្រយន្តហោះទៅមក ជាបន្ទុករបស់ភាគីចូលរួម។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមឯកឧត្តមបណ្ឌិតសភាចារ្យជ្រាបនឹងចាត់ចែងអនុវត្ត»។

លោកហេង សុខឃន ប្រធានសហព័ន្ធកីឡាឃីកបុកស៊ីងកម្ពុជា បានសរសេរក្នុងទំព័រហ្វេសប៊ុក របស់លោក នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ ថា «កីឡារស់ក្រោមម្លប់សន្តិភាព សូមគោរពទទួលស្វាគមន៍មិត្តអន្តរជាតិ ២០ ប្រទេស ដែលបានអញ្ចើញចូលរួមប្រកួតនៅប្រទេសខ្ញុំ។ អរគុណសន្តិភាព ។ ជាពិសេស សូមគោរពអញ្ជើ ញពុកម៉ែ បងប្អូន ចូលរួមទស្សនា មិនមានលក់សំបុត្រទេ នៅ (6-13/10/2024) ពីម៉ោង ៩ព្រឹក រហូតដល់ម៉ោង ១០យប់ នៅស្តាតអូឡាំពិកសូមអរគុណ!»៕ ខៀវទុំ