Wednesday, December 11, 2024
Homeកីឡាជាតិប្រណាំងទូកឆ្នាំនេះ ផ្ទុះការរិះ.../គន់អ្នករៀបចំកម្មវិធី

ប្រណាំងទូកឆ្នាំនេះ ផ្ទុះការរិះ…/គន់អ្នករៀបចំកម្មវិធី

ភ្នំពេញ ៖ បន្ទាប់ពីព្រឹត្តិការណ៍នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ឆ្នាំ២០២៤ រយៈពេល៣ថ្ងៃ ត្រូវបានបញ្ចប់រួចមក ស្រាប់តែផ្ទុះការរិះគន់ទៅលើការរៀបចំព្រះរាជពិធីបុណ្យដ៏ធំនេះ ទាំង ចំនួនទឹកប្រាក់ សម្រាប់ពានរង្វាន់ជើងឯកទូទាំងប្រទេស ដែលផ្តល់ជូនត្រឹមតែ ១លានរៀលប៉ុណ្ណោះ សម្រាប់ជ័យលាភីលេខ១ និងពិធីកាត់ព្រ័ត្រ មានទូកចូលរួមតិចតួច។

គួរបញ្ជាក់ថា កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្រោយព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក បានបញ្ចប់ទៅភ្លាម មានម្ចាស់គណនីបណ្តាញសង្គមមួយ ឈ្មោះ Bunthoeun Yem បានបង្ហោះវីដេអូ និងសំណេររិះគន់ចំពោះការរៀបចំពិធីបុណ្យអុំទូក ឆ្នាំនេះថា “មតិរិះគន់ស្ថាបនាលើការរៀបចំកម្មវិធីបុណ្យអុំទូក…”។

ថ្លែងក្នុងឃ្លីបវីដេអូ រយៈពេលប្រមាណជាង៦នាទី ម្ចាស់គណនីបណ្តាញសង្គម ខាងលើ បាននិយាយថា “ព្រឹត្ត ការណ៍អុំទូក ៣ថ្ងៃ ត្រូវបានបញ្ចប់ ហើយល្ងាចមិញ ខ្ញុំបានតាមដានផ្ទាល់ដែរ ទាក់ទងទៅនឹងការប្រគល់ពានរង្វាន់ ពានរង្វាន់យើងឃើញថា ការប្រកាសឡើង គឺពានរង្វាន់លេខ១ បាន១លានរៀល ខ្ញុំមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅពេលឮការប្រកាសពានរង្វាន់ ថាជាសាច់ប្រាក់ ដែលបាន ពាន១ ជាមួយនឹងទឹកប្រាក់ ១លានរៀល ព្រោះទូកយើងមានគ្នាច្រើនណាស់ ហើយការប្រកួត គឺរយៈពេល៣ថ្ងៃ ហើយបរិបទនៃសង្គមបច្ចុប្បន្ន ១លានរៀល មិនដឹងយកទៅធ្វើអីកើត ធ្វើអីបាន បើយើងចែកគ្នាវិញ ស្ទើរអត់បាន ១ម៉ឺនម្នាក់ទេ ព្រោះទូក១ក្រុមៗ លើសពី១០០នាក់ ទាំងគណៈកម្មការ ទាំងអ្នកចែវទាំងអី ហើយវាជារឿងមួយ ចំពោះខ្ញុំជារឿងអាម៉ាស់មែនទែន ដែលមិនគួរមាននៅក្នុងសម័យឆ្នាំសេដ្ឋកិច្ចយើងដើរដល់កម្រិតនេះហើយ ពានរង្វាន់ ទោះបីជាយើងថា អាហ្នឹងគ្រាន់ជាទឹកប្រាក់លួងចិត្តយ៉ាងម៉េច ក៏វាមិនត្រូវឱ្យមានប៉ុណ្ណឹងដែរ ព្រោះវាតិចខ្លាំងណាស់ ហើយលុយ ១លាននេះ បើក្នុងសម័យសង្គមរាស្ត្រនិយម វាអាចថាសមរម្យ វាច្រើនគួរសម ដែលធ្វើឱ្យទឹកចិត្តយើងពុះកញ្ជ្រោលគួរសម តែសម័យនេះ វាមិនដឹងថាយកទៅធ្វើអីកើត វាអត់ស្មើកូនក្មេងប្រកួតកូនកង់តូចមួយផង ពានរង្វាន់នេះ បើសិនជាតាមភូមិ វាស្ទើរតែមិនសមផង ចុះយើងពានរង្វាន់ថ្នាក់ជាតិ ហើយដាក់ ១លានរៀល ជាមួយនឹងមនុស្សជាង ១០០នាក់ អាហ្នឹងលេខ១ផង ចុះលេខ២ បានប៉ុន្មាន? លេខ៣ បានប៉ុន្មាន? ហើយគណៈកម្មការរៀបចំការអុំទូកនេះ ត្រូវគិតឡើងវិញចំណុចនេះ វាជារឿងមួយគួរឱ្យអាម៉ាស់មែនទែន ចំពោះពានរង្វាន់នេះ…”។

ម្ចាស់គណនីហ្វេសប៊ុក ខាងលើ បានបន្តថា “ហើយមួយទៀត គឺការកាត់ព្រ័ត្រ យើងឃើញមានទូកតែអត់ដល់១០ ដង្ហែទៅ ហើយមានទូក ៤-៥ទៀត ដង្ហែពីក្រោយ ហើយការកាត់ព្រ័ត្រនេះ ជាព្រឹត្តិការណ៍មួយសំខាន់ណាស់ ដែលយើងត្រូវយកទូកទាំងអស់ ទៅដាក់ក្នុងទន្លេហើយតម្រៀបគ្នា ហើយអុំស្មើគ្នាទៅកាន់ទីកាត់ព្រ័ត្រហ្នឹង វាបង្ហាញពីកម្លាំងសាមគ្គី វាបង្ហាញពីសោភ័ណភាព វាបង្ហាញពីព្រឹត្តិការណ៍មួយដ៏អស្ចារ្យរបស់ខ្មែរយើង ដើម្បីបង្ហាញទៅពិភពលោក មិនមែនយើងរៀបចំឱ្យតែបានៗទេ ហើយបើសិនជាលោកអ្នករៀបចំ អាចរៀបចំនៅឆ្នាំ ក្រោយៗទៀត កុំធ្វើដូច្នេះ ហើយបើគ្មានលទ្ធភាពក្នុងការរៀបចំឱ្យស្រួលបួលទេ គួរតែហៅខាង ស.ស.យ.ក ឬក៏ខាងណា ដើម្បីឱ្យជួយ ព្រោះការរៀបចំនេះ វាអន់ហួស ធ្វើទៅឱ្យតែបានៗ ឯអ្នកកាត់ព្រ័ត្រទៀត ឃើញយកអ៊ំមួយដែលយកមកកាន់ដាវ ដែលទទួលពីស្តេច មករាងស្ញយៗ ហើយអត់មានការហាត់សមទេ។ ឯទូកព្រះទី នាំងហ្នឹង គឺវានិយាយទៅអន់មែនទែន ហើយក៏អត់មានការហាត់សមដែរ គ្រាន់តែលើកច្រវាទូក ជយោ! លើកអត់ទាំងស្មើគ្នាផង ចែវក៏អត់ស្មើគ្នា ហើយការតុបតែងរៀបចំហ្នឹង វាអត់មានសោភណភាពអីសោះហ្មង ព្រីនបេនន័រមួយ អស់ប្រហែលជា ១០ដុល្លារចុះ បេនន័រ ១ហ្នឹង ព្រីនទៅ កាន់ទៅ ហើយទូកព្រះទីនាំង គួរតែជាទូកមួយឱ្យស្នំស្នួន អស្ចារ្យយើងមើលទៅ ហើយបើយើងប្រៀបធៀបទៅគេ ខ្មាសគេហួស ហួសថ្លែងហើយរឿងអ៊ីចឹងៗ យើងមិនគួរកើតឡើងនៅក្នុងសម័យនេះទេ ព្រោះសម័យឥឡូវយើងមានសេដ្ឋកិច្ចគ្រាន់បើ ហើយថ្នាក់ដឹកនាំមួយៗគឺមានណាស់ ម្នាក់ៗមានលុយច្រើនណាស់ ហើយមករៀបចំបែបហ្នឹង គឺខ្មាសគេខ្លាំងណាស់…”។

ម្ចាស់គណនីហ្វេសប៊ុក ដដែលបានបន្ថែមថា “ហើយការបាញ់កាំជ្រួច ក៏អ៊ីចឹងដែរ ឃើញការបាញ់កាំជ្រួច រាល់ឆ្នាំ ឆ្នាំនេះ យើងឃើញថា ថ្ងៃទី១ បាញ់បានយូរ រយៈពេល២ម៉ោងជាង ប៉ុន្តែការបាញ់នេះ យើងកុំឱ្យយកតែ រយៈពេល យើងធ្វើម៉េចបាញ់ឱ្យវាមើលទៅអស្ចារ្យ រយៈពេលខ្លីក៏បានដែរ ឱ្យតែមើលទៅវាបាញ់ផ្ទុះពេញមេឃទៅវាអស្ចារ្យ វាស្អាត បង្ហាញទៅអន្តរជាតិផង ព្រោះយើងធ្វើអ្វីៗគឺទាក់ទាញទេសចរ ទាំងក្នុងស្រុក និងអន្តរជាតិ ហើយក៏យើងចង់បង្ហាញពិភពលោកឱ្យដឹងថា ព្រឹត្តិការណ៍អុំទូកយើង គឺវាអស្ចារ្យ កុំធ្វើឱ្យតែបានៗអ៊ីចឹង ព្រោះវាជាសម័យកាលមួយ បើនិយាយឯកជនគេទៅដល់ណាដល់ណីអស់ហើយ។ ឯការយាងរបស់ព្រះមហាក្សត្រ ដែលមកកម្មវិធី គួរតែឱ្យបានល្អជាងនេះទៀត ព្រះអង្គចេញពីវាំងមក គួរតែឡានអីហ្នឹង ឃើញ Range Rover មួយព្រះអង្គទៅណា ក៏ជិះឡានហ្នឹងដែរ ហើយគួរតែមានឡានស្ព័រឡានអី ឱ្យវាសមរម្យជាងនេះ ខណៈដែលអស់លោកដែលជាមន្ត្រីត្រឹមថ្នាក់អគ្គនាយកអី ឡានរាប់ឡូហើយ ហើយយើងឡានព្រះមហាក្សត្រ មួយហ្នឹង ទៅណាក៏មួយហ្នឹងដែរ គួរតែមានជាឡានស្ព័រ ឬក៏ឡានអីមើលទៅវាអស្ចារ្យបន្តិច ហើយបើមិនអ៊ីចឹងទេ លោកយាងចេញមកដាក់អមភ្លើងអមអីឱ្យព្រះបរមរាជវាំងហ្នឹង ភ្លើងដែលចេញមកពីខ្លោងទ្វារ មកកាន់កន្លែងអង្គុយមើលទូក គឺឱ្យវាបានស្អាត ឱ្យវាបានភ្លឹងៗ គួរតែមានផ្កាភ្ញីអីឱ្យវាប្រសើរជាងនេះ ព្រោះការកូនអស់លោក សម្បើមៗណាស់ អ៊ីចឹងពិធីអុំទូកនេះ គួរតែរៀបថ្នាក់ជាតិហ្នឹង ឱ្យវាគ្រាន់បើបន្តិច កុំធ្វើឱ្យតែបានៗ ហើយពីមួយឆ្នាំទៅមួយឆ្នាំហ្នឹង វាថយទៅវិញ វាអត់មានប្រសើរឡើងទេ ខ្ញុំធ្លាប់ចូលរួមពិធីអុំទូកតាំងពីក្មេងមក ខ្ញុំឃើញថា ពីក្មេងគឺអស្ចារ្យណាស់ មានសិល្បៈអីបន្ថែមពីលើហ្នឹង ដូចទូកអី ក៏យើងមានល្បែងរបាំ នៅក្នុងទឹកអីឱ្យវាអ៊ឹកធឹកបន្តិច កុំធ្វើឡើងឆ្កុយៗ វាអត់មានភាពទាក់ទាញ ត្រូវបញ្ចូលសិល្បៈនៅក្នុងការរៀបចំហ្នឹង ឱ្យមើលទៅវាអស្ចារ្យបន្តិច។ចំពោះខ្ញុំ ការរៀបចំព្រឹត្តិការណ៍អុំទូកនេះ គឺអន់ខ្លាំង គឺពិន្ទុវិញ ក្រោម៥ទៅទៀត លើ១០ អ៊ីចឹងគួរតែរៀបចំឱ្យបានប្រសើរជាងនេះ ដើម្បីជាមុខមាត់របស់ជាតិ ជាមុខមាត់របស់ព្រះរាជពិធី ហើយក៏ជាមុខមាត់របស់ជាតិខ្មែរយើងទាំងមូលដែរ…”។

គួរបញ្ជាក់ថា រយៈពេល៣ថ្ងៃ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែអកអំបុក ឆ្នាំ២០២៤ មានបងប្អូនប្រជាពលរដ្ឋ ជាភ្ញៀវជាតិនិងភ្ញៀវទេសចរអន្តរជាតិ ជាង ៦លាននាក់ បានមកទស្សនាការប្រណាំងទូក នៅរាជធានីភ្នំពេញ និងដើរទិញទំនិញតាមស្តង់តាំងពិព័រណ៍ជាច្រើន នៅតាមទីតាំងនីមួយៗ ព្រមទាំងទស្ស នាការប្រគំតន្ត្រីតាមទម្រង់សិល្បៈបុរាណនិងសម័យ នៅតាមសួនសាធារណៈផងដែរ។

លោកស្រី ដោ សម្ផស្ស នាយិការងរដ្ឋបាល និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងនៅរាត្រីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ថា សម្រាប់ថ្ងៃទី១ នៃព្រះរាជពិធីបុណ្យអុំទូកនៅរាជធានីភ្នំពេញ ឆ្នាំ២០២៤ នេះ មានអ្នកចូលរួមទស្សនាកម្សាន្ត ជាង១លាន១សែននាក់។ ថ្ងៃទី២ មានប្រមាណជាង ២លាន ២សែននាក់ និងថ្ងៃទី៣ ដែលជាថ្ងៃបញ្ចប់នៃព្រះរាជពិធីបុណ្យអុំទូក មានប្រមាណជាង ២លាន៩សែននាក់៕

RELATED ARTICLES