ភ្នំពេញ ៖ ប្តីប្រពន្ធ ២នាក់ ក្រោយពីអុជធូបសែនថ្ងៃសីលរួច នាំគ្នាចាក់សោផ្ទះ ចាកចេញទៅអស់ ដោយស្ត្រីជាប្រពន្ធ បានចេញទៅផ្សារ ទិញម្ហូប ចំណែកបុរសជាប្តី បានចេញទៅផឹកកាហ្វេ នៅក្បែរផ្ទះ ស្រាប់តែក្រោយមកកើតមានអគ្គិភ័យឆាបឆេះផ្ទះ បង្កឱ្យមានការភ្ញាក់ផ្អើលដល់កម្លាំងសមត្ថកិច្ចជំនាញ បញ្ជូនរថយន្តពន្លត់អគ្គិភ័យចុះអន្តរាគមន៍បាញ់ទឹកពន្លត់ទាន់ពេល ដោយបង្កឱ្យខូចខាតសម្ភារៈមួយចំនួនប៉ុណ្ណោះ។

ហេតុការណ៍អគ្គិភ័យនេះ បានកើតឡើងកាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ នៅចំណុចលំនៅឋានមួយកន្លែង ស្ថិតក្នុងភូមិស្លែងរលើង សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ។
ផ្ទះដែលរងការឆាបឆេះ ជាប្រភេទថ្មបេតុង មានទំហំ ៥ម៉ែត្រ គុណនឹង ១៨ម៉ែត្រ មានម្ចាស់ ឈ្មោះសំ បូណា ភេទប្រុស អាយុ៥៣ឆ្នាំ មុខរបរអាជីវករ មានលំនៅ ផ្ទះ៤៦៣ ផ្លូវលំ ភូមិស្លែងរលើង សង្កាត់អូរបែកក្អម ខណ្ឌ សែនសុខ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ បុរសជាប្តី បានធ្វើដំណើរទៅផឹកកាហ្វេ ក្បែរផ្ទះ ចំណែកស្ត្រីជាប្រពន្ធ បានចាក់សោផ្ទះ រួចចេញទៅផ្សារបាត់ទៅ។ ស្រាប់តែបន្តិចក្រោយមក ភ្លើងបានឆាបឆេះចេញពីក្នុងផ្ទះ ផ្សែងហុយទ្រលោម បង្កឱ្យមាន ការភ្ញាក់ផ្អើលដល់អ្នកជិតខាង ទូរស័ព្ទហៅម្ចាស់ផ្ទះ រួចនាំគ្នាវាយទម្លុះទ្វារ ជួយពន្លត់ និងទាក់ទងហៅរថយន្តពន្លត់ពន្លត់អគ្គិភ័យ ១គ្រឿង ចុះមកអន្តរាគមន៍បាញ់ទឹកពន្លត់ រហូតដល់ភ្លើងបានរលត់ទៅវិញទាំងស្រុង។

តាមប្រភពម្ចាស់ផ្ទះរងគ្រោះ បានឱ្យដឹងថា អគ្គិភ័យនេះបានឆេះចេញពីកៀនផ្ទះផ្នែកខាងក្រោយ (កន្លែងព្រីភ្លើង) ហើយសង្ស័យបណ្តាលមកពីឆ្លងចរន្តអគ្គិសនី។ ម្ចាស់ផ្ទះ បានបញ្ជាក់ថា មុនកើតហេតុ ពួកគាត់បានអុជធូប សែនថ្ងៃសីលដែរ តែនៅចាំរហូតដល់ភ្លើងធូបរលត់ ទើបនាំគ្នាចាកចេញ ស្រាប់តែភ្លើងបានឆាបឆេះតែម្តង។

លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យនគរបាលបង្ការ ពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ដោយមានការអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាល រាជធានីភ្នំពេញ បានណែនាំដល់កម្លាំងជំនាញការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ ត្រូវធ្វើការយកចិត្តទុកដាក់ខ្ពស់នៅក្នុង ប្រតិបត្តិការជួយសង្គ្រោះប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា លោកបានដឹកនាំបញ្ជាផ្ទាល់ដល់កងកម្លាំងពន្លត់អគ្គិភ័យដែលប្រចាំការនៅគ្រប់បណ្តាលគោលដៅទាំងអស់ ឱ្យចេញជួយអន្តរាគមន៍បាញ់ទឹកពន្លត់ឱ្យទាន់ពេលវេលា កុំឱ្យមានការឆាបឆេះបន្តដល់ផ្ទះប្រជាពលរដ្ឋដែលនៅក្បែរនោះ។

លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន បានឱ្យដឹងថា ដោយនៅក្នុងប្រតិបត្តិការខាងលើនេះ កម្លាំងសមត្ថកិច្ចជំនាញ បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ ចំនួន១គ្រឿង (រថយន្តពន្លត់អគ្គិភ័យរបស់ការិយាល័យរាជធានីភ្នំពេញ) ដោយប្រើប្រាស់ទឹកអស់ ១ឡាន ស្មើនឹង ៦ម៉ែត្រគូប។

សម្ភារៈឆេះខូចខាត រួមមាន គ្រែពួក កង្ហារ ទូដាក់សៀវភៅ និងសម្ភារៈមួយចំនួន តែពុំបានឆេះរាលដាលដល់ផ្ទះក្បែរខាងឡើយ។ គ្រោះអគ្គិភ័យខាងលើនេះ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញធ្វើការបាញ់ទឹកពន្លត់ឱ្យរលត់ នៅវេលាម៉ោង ៩និង១៥នាទីព្រឹក ថ្ងៃដដែល។ ហេតុការណ៍គ្រោះអគ្គិភ័យនេះ កម្លាំងសមត្ថកិច្ចជំនាញបានធ្វើការស្រាវជ្រាវរកឃើញថា គឺបណ្តាលមកពីការឆ្លងចរន្តអគ្គិសនី។ ហេតុការណ៍គ្រោះអគ្គិភ័យនេះ មិនបានបណ្តាលឱ្យអ្នកណាម្នាក់រងរបួសឡើយ៕