ញូវយ៉ក (អាមេរិក) ៖ អគ្គិភ័យបានឆេះប្រាសាទថៃ ក្នុងទីក្រុងញូវយ៉ក បណ្តាលឲ្យព្រះសង្ឃជនជាតិថៃ ២អង្គ បានសុគត មន្ត្រីជំនាញ ជាង១៥០នាក់ ត្រូវបានបញ្ជូនទៅកន្លែងកើតហេតុ ដើម្បីគ្រប់គ្រងអគ្គិភ័យ។

តាមប្រភពសារព័ត៌មានបរទេស បានរាយការណ៍នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ ថា នៅព្រឹកថ្ងៃពុធ ទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ វេលាម៉ោង ៦:០០នាទី ម៉ោងក្នុងស្រុក។ មានភ្លើងឆេះនៅវត្ត ឧសាពុទ្ធយារ៉ាម នៅខណ្ឌប្រុនស៍ (Bronx) ទីក្រុងញូវយ៉ក (New York) សហរដ្ឋអាមេរិក ដែលមានព្រះសង្ឃ ៤អង្គ គង់នៅ និងមានភ្ញៀវអាមេរិក ម្នាក់ និងបុរសថៃ ម្នាក់ មកស្នាក់នៅក្នុងវត្ត ជាបណ្ដោះអាសន្ន។

ប្រភពដដែល បានឲ្យដឹងបន្តថា អគ្គិភ័យបានចាប់ផ្តើមឆេះនៅជាន់ទី២ ហើយរាលដាលយ៉ាងឆាប់រហ័ស បណ្តាលឲ្យព្រះមហាឌីរេក ជម្ពូនិត (ព្រះចៅអធិការវត្ត) និងព្រះភិក្ខុ ថាណាផាត ចាន់រ៉ាត់ បានសុគត ហើយលោកអាចារ្យ ម៉ាណុប ស្រ៊ីសាវ៉ាត រងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ។
ក្នុងអំឡុងពេលដែលអគ្គិភ័យបានឆាបឆេះ ចាប់ពីម៉ោង ៦ព្រឹកដល់ម៉ោង ៨:៣០នាទីយប់ អ្នកពន្លត់អគ្គិភ័យនៅទីក្រុងញូវយ៉ក ចំនួន ១៥០នាក់ ត្រូវបានបញ្ជូនទៅកន្លែងកើតហេតុ ដើម្បីជួយពន្លត់ភ្លើង ចំពេលអាកាសធាតុត្រជាក់ខ្លាំង និងខ្យល់បក់ខ្លាំង ដែលរារាំងដល់កិច្ចខិតខំប្រឹងប្រែងពន្លត់អគ្គិភ័យ។

គួរបញ្ជាក់ថា វត្តឧសាពុទ្ធយារ៉ាម វាជាវត្តថៃ ដំបូង នៅទីក្រុងញូវយ៉ក។ មានអគារពីរ នៅជាប់គ្នា ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៦៥ ឬជាង ៦០ឆ្នាំមុន ហើយជាវត្តថៃ ទី៣ នៅក្នុងសហរដ្ឋអាមេរិក៕