Wednesday, March 12, 2025
Homeតារាខ្មែរវណ្ណដា-ដេវីតៈ ត្រូវគ្នាវិញ !

វណ្ណដា-ដេវីតៈ ត្រូវគ្នាវិញ !

ភ្នំពេញ ៖ តារារ៉េប ម៉ាន់ វណ្ណដា និងងួន ចាន់ដាវិត ហៅជី ដេវីត បានងាកមកបង្ហាញភាពផ្អែមល្ហែមដាក់គ្នាជាលើកដំបូងបំផុត តាមរយៈការសមចម្រៀងមួយ លើឆាក ដែលវណ្ណដា ច្រៀងបទ «ខូចចិត្តព្រោះអ្នកណា?» ពេលនោះមានវណ្ណដា និងសង្សារ នាងឡូរីន (Lauryn) ចាំបន្ទរផងដែរ ។ អ្នកលេងបណ្ដាញសង្គម បានលើកឡើងថា សកម្មភាពរបស់វណ្ណដា-ដេវីត នោះធ្វើឲ្យ Fan ទាំងសងខាងដែលតែងតែទុកគ្នាជាសត្រូវ មិនអាចត្រូវគ្នា ប្រៀបបានទឹកនិងប្រេងនោះ ដាច់ផ្ងារតែម្ដង ពេលដែលតារារ៉េប ទាំង២ លេង១ក្បាច់នេះ ព្រោះថារាល់លើក ឲ្យតែវណ្ណដា និងដេវីត ចេញ បទ Diss Track គ្នា Fan ឈ្លោះគ្នាពេញបណ្ដាញសង្គម រហូតមានបែងចែកបក្ខពួកចង់ច្បាំងគ្នាទៀតផង ។ ប៉ុន្ដែពេលនេះ វណ្ណដា និងដេវីត ផ្អែមល្ហែមជាមួយគ្នា ធ្វើឲ្យ Fan គ្មានវាចានឹងថ្លែង ។ យ៉ាងណា នេះជាសញ្ញាមួយដើម្បីឲ្យតារារ៉េប ទាំងពីរ បញ្ឈប់ការចេញចម្រៀងវាយប្រហារគ្នាទៀត ទោះជារូបភាពដែលពួកគេបង្ហាញនោះ ត្រូវបានគេចាត់ទុកថាគ្រាន់តែជាការសម្ដែង (Drama) ឲ្យFan ទាំងសងខាងត្រជាក់ចិត្តបន្ដិចក្ដី ។

 សូមបញ្ជាក់ថា ការប្ដូរយុទ្ធសាស្រ្ដសឹងតែ ១៨០ដឺក្រេ រវាងវណ្ណដា និងដេវីត នាពេលនេះ កើតមានក្រោយពីមានសេចក្ដីប្រកាសកាលពីពាក់កណ្ដាលខែកុម្ភៈ ពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ឲ្យអ្នកធ្វើការពាក់ព័ន្ធវិស័យសិល្បៈ លុបចោលចម្រៀងបែបគ្រោតគ្រាត ប៉ះពាល់ដល់សេចក្ដីថ្លៃថ្នូររបស់សង្គម។

 ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានចេញសេចក្ដីប្រកាសកាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ ធ្វើការណែនាំដល់សិល្បករ បុគ្គលដែលប្រើប្រាស់បណ្ដាញសង្គម ឈរលើមូលដ្ឋានសិល្បៈ វប្បធម៌ សូមបញ្ឈប់ជាបន្ទាន់នូវការ តែងនិពន្ធ ច្រៀង ការផ្សព្វផ្សាយបទចម្រៀង និងស្នាដៃសិល្បៈនានាដែលមានខ្លឹមសាគ្រោតគ្រាត អសុររោះ ប្រាសចាកពីក្រមសីលធ័ម និងសេចក្ដីថ្លៃថ្នូរសង្គម  និងសូមលុបនូវរាល់ស្នាដៃអវិជ្ជមានដែលបង្ហោះផ្សព្វផ្សាយក្នុងបណ្ដាញសង្គម នាពេលកន្លងមក ។

 ចំណែកក្នុងពិធីអបអរសាទរទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៧ កាលពីពេលថ្មីៗនេះសម្ដេចហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា មិនបាច់ទាល់តែរ៉េប ទាល់តែជេរដូចអាមេរិក បានល្បីនោះទេ  រក្សារភាពថ្លៃថ្នូរ គោរពគ្នា ក៏ល្បីដែរ។ ក្រុមអ្នកចម្រៀងរ៉េប ក៏ត្រូវរួមគ្នាថែរក្សាអត្តសញ្ញាណរបស់ជាតិខ្មែរ  ហើយត្រូវអភិវឌ្ឍតាមបែបបទខ្មែរ ។សង្ឃឹមថា ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ  នឹងជួយណែនាំដល់អ្នកចម្រៀងរ៉េប  ហើយកុំរំពឹងទៅលើតែក្រសួងស្ថាប័ន គឺត្រូវរួមគ្នា ។

 គួរបញ្ជាក់ថា វណ្ណដា-ដេវីត ធ្លាប់ចេញបទ Diss Track គ្នា ផ្អើលមហាជន ដូចជាពេលវណ្ណដា ច្រៀងបទ «J+o2 » ដេវីត ចេញបទ «ចុម! អាអូនអត់ដេក?» វណ្ណដា ចេញបទ«J+O Zero 3» ដេវីត ចេញបទ «ថីអ្ហែងថី?» ដែលធ្វើឲ្យកម្ដៅតារាទាំងពីរឡើងដូចបាយពុះ ខណៈវណ្ណដាដេវីត កាច់កុងគ្នាមធ្យមទេ ប៉ុន្ដែងំ Fan  ទាំងសងខាង ពាក់មុខយក្សដាក់គ្នាតែម្ដង។

តាមព័តមាន វណ្ណដា នៅតែមានតម្លៃខ្លួនខ្ពស់ជាងដេវីត សម្រាប់ការចេញច្រៀងសម្ដែងតាម Concerts មួយចំនួន ហើយបើទោះជាពេលនេះ ពួកគេចេញសញ្ញាត្រូវគ្នាមែន ប៉ុន្ដែគេជឿថា នឹងមិនអាចទេដែលវណ្ណដា ចេញបទចម្រៀង ឬ MV ចាប់ដៃគ្នាជាមួយដេវីត ។ ចំពោះសកម្មភាពរបស់វណ្ណដា និងដេវីត ពិតជាត្រូវគ្នាមែន ឬគ្រាន់តែជាការសម្ដែងនោះ គេអាចចាំមើលសកម្មភាពជាក់ស្ដែងថា តើតារារ៉េប ចូលចិត្តចាក់សាក់ដូចគ្នា ទាំងពីរនេះឈប់ចេញបទ Diss Track  គ្នាតទៅទៀតមែនឬយ៉ាងណា? ប្រភពខ្លះថា ទាំងវណ្ណដា និងដេវីត សុទ្ធតែមិនចង់ឃើញបទរបស់ខ្លួនដែលមាន Views ច្រើននោះ ត្រូវបានគេរកឃើញថា ស្ថិតក្នុងចម្រៀងដែលត្រូវលុបចេញនោះទេ ហេតុនេះហើយ ការវិលមកត្រូវរ៉ូវគ្នាវិញ នាពេលនេះ គឺចំកាលៈទេសៈដើម្បីធានាបានសុវត្ថិភាពលើបទ Diss Track គ្នាកក្រើក នាពេលកន្លងមក កុំឲ្យត្រូវលុបចេញ៕

RELATED ARTICLES