សហរដ្ឋអាមេរិក ៖ លោក អ៊ីឡុន ម៉ាស់ (Elon Musk) បានឲ្យដឹងថ បណ្តាញសង្គម X (អតីត Twitter) របស់លោក ត្រូវបានវាយប្រហារតាមអ៊ីនធឺរណិត ធ្វើឲ្យគាំងជាច្រើនដង អស់រយៈពេលជាច្រើនម៉ោង ហើយត្រូវបានគេជឿថា ត្រូវបានវាយប្រហារពីក្រុមធំមួយ ឬថាប្រទេសមួយ ប្រហែលជាមានការពាក់ព័ន្ធ។

ទីភ្នាក់ងារព័ត៌មានបរទេស បានរាយការណ៍នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ ថា X ដែលពីមុនត្រូវបានគេស្គាល់ថា Twitter គឺជាបណ្តាញសង្គមដ៏ពេញនិយមមួយ បានជួបប្រទះការគាំងប្រព័ន្ធជាច្រើន នៅថ្ងៃចន្ទ ទី១០ ខែមីនា ឆ្នាំ២០២៥ ដែលជួនកាលមានរយៈពេលជាច្រើនម៉ោង បង្កើតភាពវឹកវរ និងបង្កឱ្យមានការមិនពេញចិត្តក្នុងចំណោមអ្នកប្រើប្រាស់។

លោកអ៊ីឡុន ម៉ាស់ (Elon Musk) ម្ចាស់ក្រុមហ៊ុន X បានចេញមកបំភ្លឺតាមសារបង្ហោះក្នុងគណនីផ្ទាល់ខ្លួន ដែលមានអ្នកតាមដានជាង ២១៩លាននាក់នោះថា “មានការវាយប្រហារតាមអ៊ីនធឺរណិតដ៏ធំមួយ បានកើតឡើងចំពោះ X ។ យើងត្រូវបានគេវាយប្រហារ ជារៀងរាល់ថ្ងៃ។ ប៉ុន្តែលើកនេះវាត្រូវបានធ្វើដោយប្រភពផ្សេងៗគ្នាជាច្រើន។ វាអាចជាការសហការជាក្រុមធំ ឬមានប្រទេសពាក់ព័ន្ធ យើងកំពុងធ្វើការស៊ើបអង្កេត…”។
បើតាមអ្នកប្រើប្រាស់ X បានឲ្យដឹងថា បណ្តាញសង្គមនេះ មានបញ្ហាគាំង មិនអាចប្រើការបាន នៅវេលម៉ោងប្រមាណ ៥និង៣០នាទី ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ ម៉ោងក្នុងស្រុក ហើយក្រោយមកបញ្ហាហាក់ត្រូវបានដោះស្រាយ តែវាបានគាំងម្តងទៀត នៅវេលាម៉ោង ៩និង៣០នាទី ថ្ងៃដែល និងបានគាំងម្តងទៀត នៅវេលាមម៉ោងប្រមាណ ១១និង០០នាទី ថ្ងៃដដែល៕