ភ្នំពេញៈ ប្តីប្រពន្ធ ជាគ្រូបង្រៀន ២នាក់ សម្រាលបានកូនភ្លោះ ៣នាក់ និងត្រូវបានប្រសិទ្ធនាមថាជាចៅសម្តេច ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងបានទទួលអំណោយឧបត្ថម្ភ ដើម្បីជួយដោះស្រាយការលំបាកនៅពេលសម្រាល ហើយពេលនេះ គ្រួសារកូនភ្លោះ៣ នៅទទួលបានការយកចិត្តទុកដាក់បន្ថែមពីសំណាក់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងលោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ផងដែរ។

ស្ត្រីជាម្តាយកូនភ្លោះ៣ មានឈ្មោះសេង សុខណាន់ អាយុ២៨ឆ្នាំ មុខរបរជាគ្រូបង្រៀន មានប្តីឈ្មោះគឹម កន អាយុ៣៦ឆ្នាំ មុខរបរជាគ្រូបង្រៀនដូចគ្នា និងមានលំនៅក្នុងភូមិព្រៃវែង ឃុំទ្រៀន ស្រុកតាំងគោគ ខេត្តខេត្តកំពង់ធំ។ ចំណែកកូនភ្លោះ ទាំង៣នាក់ (ប្រុស១ ស្រី២) កើតនៅថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៥ នៅមន្ទីរពេទ្យកាល់ ម៉ែត រាជធានីភ្នំពេញ។

ក្រោយទទួលបានព័ត៌មានថា មានក្រុមគ្រួសារគ្រូបង្រៀន សម្រាលបានកូនភ្លោះ៣នាក់ លោកសេង ទៀង នាយករងខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី បាននាំយកអំណោយសប្បុរសធម៌របស់សម្តេចហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្តេចហ៊ុន ម៉ាណែត និងលោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត យកទៅជូនផ្ទាល់ដៃដល់ ប្រជាពលរដ្ឋសម្រាលកូនភ្លោះ ៣នាក់ ត្រូវជាចៅៗរបស់សម្តេចហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងជាក្មួយៗរបស់សម្តេចនាយករដ្ឋមន្ត្រី និងលោកស្រីបណ្ឌិត កំពុងសម្រាកថែទាំសុខភាព នៅមន្ទីរពេទ្យកាល់ម៉ែត។
អំណោយសប្បុសធម៌ រួមមាន ថវិកា ១០លានរៀល អង្ករ ៥០គីឡូក្រាម ទឹកដោះគោ ២កេសធំ ស្ករ-ស ៥គីឡូក្រាម សារុង២ និងក្រមា២។

នៅចំពោះមុខគ្រួសារកូនភ្លោះ៣ លោក សេង ទៀង មានប្រសាសន៍ពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ ដោយសេចក្តីនឹករលឹកយ៉ាងជ្រាលជ្រៅបំផុត ពីសម្តេចហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក៏ដូចជាសម្តេចហ៊ុន ម៉ាណែត និងលោកស្រីបណ្ឌិត ដែលជានិច្ចកាល តែងតែផ្ញើនូវការនឹករលឹកចំពោះប្រជាពលរដ្ឋនៅគ្រប់ទីកន្លែងទាំងអស់ក្នុងប្រទេសកម្ពុជា។
លោកនាយករងខុទ្ទកាល័យ មានប្រសាសន៍ថា ចាប់តាំងពីឆ្នាំ១៩៩៩ រហូតមកដល់បច្ចុប្បន្ននេះ ពោលគឺរយៈ ពេលជាង ២៦ឆ្នាំ កន្លងមកនេះ មានគ្រួសារកូនភ្លោះ៣នាក់ ឬ៤នាក់ ចំនួន៤២៥គ្រួសាររួចហើយ បានទទួលអំ ណោយឧបត្ថម្ភដ៏សប្បុរសធម៌ ពីសម្តេចហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងការជួយទំនុកបំរុងដល់ការលំបាកខ្វះខាតក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ពិសេសការចិញ្ចឹមបីបាច់កូនភ្លោះ បីនាក់ ត្រូវជាចៅៗរបស់សម្តេច ទាំងទ្វេ នៅពេលឆ្លងទន្លេរួច។

លោកសេង ទៀង បានលើកឡើងថា ជំនួយឧបត្ថម្ភទាំងអស់នេះ មិនមែនជាអំណោយរបស់រាជរដ្ឋាភិបាល អំណោយរបស់កាកបាទក្រហមកម្ពុជា ឬអំណោយរបស់គណបក្ស ដែលបម្រើឱ្យសកម្មភាពនយោបាយនោះទេ គឺជាអំណោយទាន កើតចេញពីទឹកចិត្តជ្រះថ្លា ប្រកបដោយការគិតគួរខ្ពស់របស់សម្តេចហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានឈ្វេងយល់ពីការលំបាកពិតប្រាកដចំពោះប្រជាពលរដ្ឋដែលមានសម្រាលកូនភ្លោះបី ឬបួននាក់។

លោកនាយករងខុទ្ទកាល័យ មានប្រសាសន៍ដែរថា ដោយក្តីអាណិតស្រឡាញ់ពីសម្តេចហ៊ុន ម៉ាណែត និងលោកស្រីបណ្ឌិត សម្តេច និងលោកស្រីបណ្ឌិត បានជួយឧបត្ថម្ភថវិកា ចំនួន៥លានរៀល ដើម្បីជួយសម្រាលដល់ការលំបាករបស់គ្រួសារដែលទទួលបានកូនភ្លោះ ៣នាក់ និងជាគ្រួសារលើកទី១ ដែលទទួលបានថវិកាឧបត្ថម្ភពីសម្តេច ហ៊ុន ម៉ាណែត និងលោកស្រីបណ្ឌិត។
លោកសេង ទៀង បានណែនាំដល់មាតាបិតា និងអាណាព្យាបាលកូនភ្លោះ បន្តយកចិត្តតាមដានពីសុខភាពរបស់កូន ឱ្យបានគត់មត់ ពោលគឺប្រសិនបើកូនមានអាការអ្វីខុសពីប្រក្រតី សូមរាយការណ៍ជូនក្រុមគ្រូពេទ្យប្រចាំការ និងស្តាប់តាមការណែនាំរបស់ក្រុមគ្រូពេទ្យ ប្រសិនបើអនុញ្ញាតឱ្យចាកចាញពីមន្ទីរពេទ្យ សឹមនាំកូនៗទៅកាន់លំនៅឋាន ដើម្បីកាត់បន្ថយគ្រោះថ្នាក់ដល់អាយុជីវិតរបស់កូន។

តំណាងមាតាបិតាកូនភ្លោះ បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនសម្តេចហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្តេចហ៊ុន ម៉ាណែត និងលោកស្រីបណ្ឌិត ដែលជានិច្ចកាលចាត់ទុកប្រជាពលរដ្ឋទីទ័លក្រ ងាយរងគ្រោះ គឺជាការលំបាកផ្ទាល់របស់សម្តេច ទាំង៣ និងលោកជំទាវបណ្ឌិត ហើយបានចាត់តំណាងរបស់សម្តេច នាំយកថវិកា និងសម្ភារៈដ៏មានតម្លៃបំផុតនេះ មកចែកជូនផ្ទាល់ដៃ ដល់គ្រួសាររបស់ខ្លួន ដែលសម្រាលកូនភ្លោះបីនាក់ ដើម្បីជួយសម្រាលដល់ការលំបាក់ក្នុងការចិញ្ចឹមបីបាច់កូនភ្លោះទាំងបីនាក់នេះ ឱ្យមានជីវិតរស់នៅ និងមានអនាគតល្អ ដូចពលរដ្ឋដទៃទៀតក្នុងសង្គម៕