Thursday, April 24, 2025
Homeព័ត៌មានអន្តរជាតិរដ្ឋបាលលោកត្រាំ កំណត់​ពន្ធសូឡា​ នាំ​ចូល​ពី​ប្រទេស​អាស៊ាន​៤ ​ដល់ ៣៥២១%

រដ្ឋបាលលោកត្រាំ កំណត់​ពន្ធសូឡា​ នាំ​ចូល​ពី​ប្រទេស​អាស៊ាន​៤ ​ដល់ ៣៥២១%

សហរដ្ឋអាមេរិក ៖ រដ្ឋបាលលោកប្រធានាធិបតី ដូណាល់ ត្រាំ (Donald Trump) បានប្រកាសពីផែនការយកពន្ធរហូតដល់ ៣៥២១% លើឧបករណ៍ថាមពលពន្លឺព្រះអាទិត្យ (សូឡា) ដែលនាំចូលពីប្រទេសអាស៊ាន ចំនួន៤ រួមទាំងប្រទេសកម្ពុជា ផងដែរ។

តាមប្រភពទីភ្នាក់ងារ​ព័ត៌មាន BBC បាន​រាយការណ៍នៅ​ថ្ងៃ​ទី​២៣ ខែមេសា ឆ្នាំ​២០២៥ ​ថា ក្រសួង​ពាណិជ្ជកម្ម​សហរដ្ឋអាមេរិក ​បាន​ប្រកាស​ពី​គម្រោង​ដំឡើង​ពន្ធ​លើ​ផ្ទាំង​សូឡា ​ដែល​នាំ​ចូល​ពី​ក្រុមហ៊ុន​ក្នុង​ប្រទេស​ចំនួន​៤ ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ ​គឺ​ថៃ កម្ពុជា ម៉ាឡេស៊ី និង​វៀតណាម ក្នុង​អត្រា​ខ្ពស់​បំផុត ​៣៥២១% ។

ការផ្លាស់ប្តូរនេះ កើតឡើងបន្ទាប់ពីក្រុមហ៊ុនផលិតឧបករណ៍ថាមពលពន្លឺព្រះអាទិត្យធំៗ ជាច្រើន កាលពីឆ្នាំមុន ពួកគេបានអំពាវនាវឱ្យរដ្ឋបាលប្រធានាធិបតី ចូ បៃដិន (Joe Biden) ការពារអាជីវកម្មរបស់ពួកគេ នៅក្នុងស ហរដ្ឋអាមេរិក បណ្ដាល​ឲ្យ​ក្រសួង​ពាណិជ្ជកម្ម ​ចាប់​ផ្ដើម​ស៊ើបអង្កេត​រក​ការពិត។

ក្រុមហ៊ុន​នាំ​ចេញ​ឧបករណ៍​សូឡា​របស់​កម្ពុជា ​មួយ​ចំនួន ​នឹង​ប្រឈម​នឹង​ការ​យក​ពន្ធ​រហូត​ដល់​ទៅ ៣៥២១% ដោយ​សារ​​ការ​ស៊ើបអង្កេត​របស់​ក្រសួង​ពាណិជ្ជកម្មសហរដ្ឋអាមេរិក បានរកឃើញថា ​ផលិតផល​ផ្ទាំងសូឡាដែលនាំចូលសហរដ្ឋអាមេរិក មួយចំនួន​ផលិត​ដោយ​ក្រុម​ហ៊ុន​ចិន ។

ប្រភពដដែល ឲ្យដឹងបន្តថា ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ក្រុមហ៊ុន​ចិន ​ជាច្រើន ​កំពុង​ផ្លាស់ប្តូរ​ផលិតកម្ម​ទៅកាន់​ប្រទេស​អាស៊ីអាគ្នេយ៍ ដើម្បីចៀសវាងការយកពន្ធនាំចូលនៅសហរដ្ឋអាមេរិក ដែលត្រូវបានអនុវត្តចាប់តាំងពីអាណត្តិដំបូងរបស់លោកប្រធានាធិបតី  ដូណាល់ ត្រាំ (Donald Trump)។

នៅឆ្នាំ២០២៣ សហរដ្ឋអាមេរិក បាននាំចូលឧបករណ៍សូឡា ពីប្រទេសថៃ កម្ពុជា ម៉ាឡេស៊ី និងវៀតណាម ដែលមានតម្លៃសរុប ១២ពាន់លានដុល្លារ៕

RELATED ARTICLES