ភ្នំពេញ ៖ បន្ទាប់ពីមានសញ្ញានៃការផ្ទុះឡើងវិញនៃការឆ្លងវីរុសកូវីដ-១៩ ប្រភេទបំប្លែងថ្មី ជេអិន១ (JN.1) ហើយរដ្ឋមន្ត្រីក្រសួងសុខាភិបាល បានណែនាំឲ្យអគ្គនាយកមន្ទីរពេទ្យកាល់ម៉ែត នាយកមន្ទីរពេទ្យជាតិ និងប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានី-ខេត្ត ទូទាំងប្រទេស ជំរុញការចាក់វ៉ាក់សាំងកូវីដ-១៩ រំលឹកដល់ប្រជាជនអាយុចាប់ពី ១២ឆ្នាំឡើង ដើម្បីបង្ការជាមុន សំដៅធានាភាពស៊ាំសហគមន៍ ទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ នោះ មានប្រជាពលរដ្ឋមួយចំនួន បានផ្អើលនាំគ្នាទៅចាក់វ៉ាកសាំងកូវីដ-១៩ ដើម្បីការពារខ្លួនពីជំងឺឆ្លងកាចសាហាវនេះ ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៥ រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានចេញលិខិតលេខ ០១៤២ ស.ខ.ល ជម្រាបជូនអគ្គនាយកមន្ទីរពេទ្យកាល់ម៉ែត នាយកមន្ទីរពេទ្យជាតិ ប្រធានមន្ទីរសុខាភិបាលរាជធានី-ខេត្ត ក្នុងកម្មវត្ថុ «ជំរុញការចាក់វ៉ាក់សាំងកូវីដ-១៩ រំលឹកដល់ប្រជាជនអាយុចាប់ពី១២ឆ្នាំឡើង ដើម្បីបង្ការជាមុន សំដៅធានាភាពស៊ាំសហគមន៍ទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ឆ្នាំ២០២៥» ដោយយោង ៖ TAG statement Annex on evidence to support considerations of COVID-19 Vaccination and WHO roadmap on uses of COVID-19 vaccines។

ក្នុងលិខិតខាងលើ រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានជម្រាបជូននាយកមន្ទីរពេទ្យជាតិ និងប្រធានមន្ទីរសុខា ភិបាល នៃរដ្ឋបាលរាជធានី-ខេត្ត និងផ្នែកពាក់ព័ន្ធថា ដោយរកឃើញមានការឆ្លងដោយកន្លែងនៃជំងឺកូវីដ-១៩ ថ្មី (JN.1 lineages) (Covid-19 Omicron) កន្លងមក។ ដូចនេះដើម្បីបង្ការជាមុនសំដៅធានាភាពស៊ាំសហគមន៍ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ថ្មី ក្រសួងសុខាភិបាល សូមណែនាំលោក លោកស្រី នាយកមន្ទី រពេទ្យជាតិ និងប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានី-ខេត្ត និងផ្នែកពាក់ព័ន្ធ ជំរុញការចាក់វ៉ាក់សាំងកូវីដ-១៩ រំលឹកដល់ប្រជាជន អាយុចាប់ពី ១២ឆ្នាំឡើង រាល់ ៦ខែម្តង តាមយុទ្ធសាស្ត្រនៃការចាក់រំលឹកវ៉ាក់សាំងកូវីដ-១៩ ជាពិសេស សូមលើកទឹកចិត្តមកទទួលវ៉ាក់សាំង ដើម្បីការពារជំងឺកូវីដ-១៩ ថ្មី សម្រាប់ជនវ័យចាស់ ជនចាស់ជរា អ្នកមានជំងឺរ៉ាំរ៉ៃ និងមានភាពស៊ាំថយចុះជាដើម ដូចខាងក្រោម ៖

១- ផ្តល់វ៉ាក់សាំងកូវីដ-១៩ ជាប្រចាំ នៅគ្រប់មូលដ្ឋានសុខាភិបាលសាធារណៈ រួមមាន មន្ទីរពេទ្យជាតិ និងមណ្ឌលសុខភាព។
២- ផ្តល់វ៉ាក់សាំងកូវីដ-១៩ ដោយរួមបញ្ចូលជាមួយសកម្មភាពចុះផ្តល់សេវាសុខភាពមូលដ្ឋាន។
បន្ទាប់ពីមានការភា្ញក់ផ្អើលពីការផ្ទុះការឆ្លងរាលដាលឡើងវិញ នៃវីរុសកូវីដ-១៩ នេះ មានប្រជាពលរដ្ឋមួយចំនួន បាននាំគ្នាទៅចាក់វ៉ាកសាំងកូវីដ-១៩ ដើម្បីការពារខ្លួនពីជំងឺឆ្លងកាចសាហាវនេះ ជាបន្តបន្ទាប់។
ចំណែកលោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ បង្កើនការយកចិត្តទុកដាក់និងប្រុងប្រយ័ត្នខ្ពស់ ការពារខ្លួនពីការឆ្លងវីរុសកូវីដ-១៩ ដែលអាចមានផលប៉ះពាល់សុខភាព ដោយសារជំងឺកូវីដ-១៩ ជាពិសេសជន ដែលងាយរងគ្រោះ មានដូចជា ជនវ័យចាស់ចាស់ជរា អ្នកដែលមានជំងឺរ៉ាំរ៉ៃ និងអ្នកដែលមានប្រព័ន្ធការពាររាងកាយខ្សោយជាដើម។
លោកស្រីវេជ្ជបណ្ឌិត បានជំរុញបងប្អូនដែលជាក្រុមងាយរងគ្រោះ នាំគ្នាទៅចាក់វ៉ាក់សាំងកូវីដ-១៩ ភីហ្វាយហ្សឺ (Pfizer) ដែលមាននៅតាមបណ្តារាជធានី-ខេត្ត ទាំង២៥ (នៅតាមមណ្ឌលសុខភាព ឬមន្ទីរពេទ្យរដ្ឋ) ចាប់ពីពេលនេះតទៅ។
លោកស្រី ឱ វណ្ណឌីន បានណែនាំថា ដើម្បីអាចការពារខ្លួនពីការវាយលុកក្នុងសរីរាង្គរាងកាយបុគ្គល ជាពិ សេស ក្រុមងាយទទួលរងគ្រោះ ពីជំងឺកូវីដ-១៩ ដែលអាចឈានដល់ភាពធ្ងន់ធ្ងរ និងអាចបាត់បង់ជីវិតបាន សូមបងប្អូនប្រជាពលរដ្ឋកម្ពុជា ទាំងអស់ ជាពិសេសក្រុមងាយរងគ្រោះ ដូចបានរៀបរាប់ខាងលើ នាំគ្នាទៅចាក់វ៉ាក់សាំងកូវីដ-១៩ ភីហ្វាយហ្សឺ (Pfizer) ដែលមាននៅតាមបណ្តារាជធានី-ខេត្តទាំង២៥ (នៅតាមមណ្ឌលសុខភាព ឬមន្ទីរពេទ្យរដ្ឋ) ចាប់ពីពេលនេះតទៅ។

សូមបញ្ជាក់ថា យោងតាមសេចក្តីជូនព័ត៌មាន របស់ក្រសួងសុខាភិបាល ស្តីពីការសរុបស្ថានភាពជំងឺកូវីដ-១៩ ក្នុងព្រះរាជាណាចក្រកម្ពុជា សេចក្តីជូនព័ត៌មាន ស្តីពីការសរុបស្ថានភាពជំងឺកូវីដ-១៩ ក្នុងព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទីសេចក្តីជូនព័ត៌មាន ស្តីពីការសរុបស្ថានភាពជំងឺកូវីដ-១៩ ក្នុងព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥ មានករណីឆ្លងថ្មី ចំនួន ២នាក់ ករណីជាសះស្បើយ ២នាក់ ករណីស្លាប់ ០នាក់។ ចំណែកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥ មានករណីឆ្លងថ្មី ចំនួន ៨នាក់ ករណីជាសះស្បើយ ៣នាក់ និងករណីស្លាប់ ០នាក់។ ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥ មានករណីឆ្លងថ្មី ចំនួន៨នាក់ ករណីជាសះស្បើយ ០នាក់ និងករណីស្លាប់ ០នាក់។ នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥ មានករណីឆ្លងថ្មី ចំនួន ៧នាក់ ករណីជាសះស្បើយ ០នាក់ និងករណីស្លាប់ ០នាក់ ដែលនេះបានបង្ហាញថា ករណីឆ្លងវីរុសកូវីដ-១៩ គឺមានជារៀងរាល់ថ្ងៃ ក្នុងប៉ុន្មានថ្ងៃ កន្លងមកនេះ។

ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋទាំងអស់ បង្កើនការយកចិត្តទុកដាក់និងប្រុងប្រយ័ត្នខ្ពស់ ការពារខ្លួនពីការឆ្លងវីរុសកូវីដ-១៩ និងនាំគ្នាទៅចាក់វ៉ាក់សាំងកូវីដ-១៩ ដើម្បីបង្កើនភាពស៊ាំក្នុងរាងកាយ។
ដោយឡែក នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥ សម្តេចហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានណែនាំឱ្យក្រសួងសុខាភិបាល ត្រៀមវ៉ាក់សាំង គ្រូពេទ្យ និងទីតាំងរស្រេច ដើម្បីអន្តរាគមន៍បន្ទាន់ ក្នុងករណីដែលជំងឺកវីដ-១៩ ផ្ទុះឡើងវិញ ជាទ្រង់ទ្រាយធំ។ សម្តេច បានកត់សម្គាល់ថា បច្ចុប្បន្ន ជំងឺកូវីដ-១៩ បំប្លែងខ្លួនថ្មីបានកើតឡើងវិញជាច្រើននៅប្រទេសជិតខាង ខណៈដែលនៅកម្ពុជា ក៏ចាប់ផ្តើមឆ្លងឡើងវិញដែរ។ សម្តេចនាយករដ្ឋមន្ត្រី ក៏ណែនាំឱ្យក្រសួងសុខាភិបាល ក្រើនរំលឹកប្រជាពលរដ្ឋ ឱ្យប្រុងប្រយ័ត្ន និងឱ្យត្រៀមកន្លែងសម្រាប់រក្សាទុកវ៉ាក់សាំង ១លានដួស ដែលយន្តការ “កិច្ចសម្របសម្រួលជំនួយវ៉ាក់សាំងបង្ការជំងឺកូវីដ ជាសាកល» ហៅកាត់ (COVAX) ត្រូវផ្តល់ឱ្យកម្ពុជា បន្ថែម៕ខៀវទុំ