Wednesday, July 9, 2025
Homeសង្គម និងជីវិតម៉ែវ៉ែប ការ៧ថ្ងៃ ប្តីរត់ចោល

ម៉ែវ៉ែប ការ៧ថ្ងៃ ប្តីរត់ចោល

ភ្នំពេញ ៖ តារាកំប្លែងភេទទី៣ ម៉ែ វ៉ែប ដែលទើបនឹងដឹកដៃគូស្នេហ៍រូបសង្ហា វ័យក្មេង ចូលរោងការ ផ្អើលពេញបណ្តាញសង្គម កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៥ កន្លងទៅនោះ បន្ទាប់ពីក្រេបទឹកឃ្មុំជាមួយប្តីក្មេង បានរយៈពេល៧ថ្ងៃ ស្រាប់តែប្តីរត់ចោលបាត់ ទុកឱ្យម៉ែ វ៉ែប ឈឺចុកចាប់បេះដូង យំរៀបរាប់តាមបណ្តាញសង្គម។

គួរបញ្ជាក់ថា កាលពីយប់ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥ តារាកំប្លែងភេទទី៣ ម៉ែ វ៉ែប បានបង្ហោះវិដេអូមួយ ទួញ យំរៀបរាប់ពីទុក្ខសោករបស់ខ្លួន ដែលត្រូវប្តីទើបនឹងរៀបការថ្មោងថ្មី ក្រេបទឹកឃ្មុំទើបនឹងបាន ៧ថ្ងៃ បែរជារត់ចោលខ្លួនបាត់ ដោយភ្ជាប់ជាមួយសំណេរថា “ម៉េចបានជាខ្ញុំត្រូវមានឈ្មោះជាស្ត្រីមេម៉ាយ ទាំងវ័យក្មេងចឹង ម៉ែ? កញ្ញា យ៉េយ៉េ Neang SK គេទៅចោលកូនហើយម៉ែ…”។

តាមរយៈវីដេអូ រយៈពេលប្រមាណជាង១នាទី តារាកំប្លែងភេទទី៣ ម៉ែ វ៉ែប បានរៀបរាប់ថា “អ្នកទាំងអស់គ្នា ចង់និយាយថា អ្នកទាំងអស់គ្នា ខម្មិនសួរថា ម៉េចមួយរយៈហ្នឹង អត់ឃើញខ្ញុំស្វីតជាមួយប្តីខ្ញុំ? ប្តីខ្ញុំគាត់ទៅចោលខ្ញុំហើយ អ្នកទាំងអស់គ្នា គាត់ទៅចោលខ្ញុំហើយ គាត់ទៅចោលខ្ញុំ បានបន្សល់ទុកនូវកូន២ (តុក្កតា) អ្នកទាំង អស់គ្នា ទុកនៅសៀវហ្គេច និងឡុងហ្វេ ម៉ាក់សន្យាថា នឹងមើលថែកូនឱ្យល្អ។ ប៉ុន្តែម៉ាក់គ្មានសមត្ថភាពរកប៉ាដែលល្អឱ្យកូនទៅទៀត អ្នកទាំងអស់គ្នា ឈប់ខម្មិនសួរខ្ញុំទៀតទៅ ថាប្តីខ្ញុំទៅណា? ប្តីខ្ញុំគាត់ទៅចោលខ្ញុំហើយ ប៉ុន្តែខ្ញុំអត់ខ្វល់ទេ អ្នកទាំងអស់គ្នា ខ្ញុំនឹងមើលថែកូន២នេះ ឱ្យបានល្អ ខ្ញុំនឹងមើលថែខ្លួនឡើងវិញ។ អ្នកទាំងអស់គ្នា ខ្ញុំសន្យាថា ខ្ញុំឈប់ព្រលែងខ្លួនហើយអ្នកទាំងអស់គ្នា ខ្ញុំនឹងបកមកលាបឡេឡើងវិញ…”។

ដោយឡែក តាមរយៈវីដេអូ ១ទៀត តារាកំប្លែងភេទទី៣ ម៉ែ វ៉ែប បានរៀបរាប់ថា “ហេតុអ្វី? ហេតុអ្វីអ្នកស្អាតអភ័ព្វម៉្លេះ? ហេតុអ្វី ស្រីដែលកើតមកស្អាតដូចខ្ញុំ អភ័ព្វម៉្លេះ? ឱ្យខ្ញុំត្រូវមានឈ្មោះជាស្រីមេម៉ាយ ទាំងខ្លួននៅក្មេងៗកំពុងតែស្អាត? បើដឹងថាកើតមកស្អាតអ៊ីចឹងអភ័ព្វ ខ្ញុំអត់កើតមកស្អាតទេ អ្នកទាំងអស់គ្នា។ ហេតុអ្វីឱ្យក្មេងស្រីដែលស្អាត ដែលអត់ដឹងខ្យល់អី មកមានឈ្មោះមេម៉ាយទាំងវ័យក្មេង អ្នកទាំងអស់គ្នាជួយគិតមើល ហេតុអ្វីអ្នកទៅចោលខ្ញុំ? ហេតុអ្វីអ្នកកម្ទេចបេះដូងខ្ញុំ? បើអ្នកអត់អាណិតខ្ញុំ អ្នកគួរតែគិតអាណិតកូន២នេះ ហើយឥឡូវខ្ញុំត្រូវមានកូនភ្លោះ ៤ទៀត អ្នកទាំងអស់គ្នា ពីរបូកបួន ប្រាំមួយ ខ្ញុំចិញ្ចឹមម៉េចរស់ អ្នកទាំងអស់គ្នា ?ហេតុអ្វីមនុស្សដែលស្អាត មនុស្សដែលឆ្លាតស្អាតដូចនាងខ្ញុំ កើតមកអភ័ព្វម៉្លេះ? ខ្ញុំត្រូវមានឈ្មោះជាស្ត្រីមេម៉ាយកូន៦ ទាំងវ័យក្មេង ខ្ញុំអត់ចង់នៅទេ ខ្ញុំចង់ទៅឱ្យបាត់ៗ…”។

បន្ទាប់ពីបានឃើញវីដេអូតារាកំប្លែងភេទទី៣ ម៉ែ វ៉ែប ទួញយំរៀបរាប់ពីរឿងរ៉ាវប្តីរត់ចោលមក មហាជន អ្នកប្រើប្រាស់បណ្តាញសង្គម ហ្វេសប៊ុក បែរជានាំគ្នាផ្ទុះសំណើច និងលើកឡើងទាំងហួសចិត្តថា “ថាគេសម្តែងៗមែន”។ អ្នកខ្លះថា “ខំតាមដានខ្សែជីវិតម៉ែ វ៉ែប ដូចខ្សែភាពយន្ត តាមពិត គេសម្តែងមែន”។ ប៉ុន្តែជាមួយគ្នានេះ មានអ្នករិះគន់ថា ទាំងពិធីមង្គលការ និងទាំងរឿងរ៉ាវប្តីរត់ចោល របស់ម៉ែ វ៉ែប សុទ្ធតែជាការសម្តែង ដើម្បីតែចង់បាន Views និងលក់ផលិតផលប៉ុណ្ណោះ។

គួររំលឹកថា កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៥ តារាកំប្លែងភេទទី៣ ម៉ែ វ៉ែប បានដឹកដៃប្រុសសង្ហាវ័យក្មេង ១រូប ចូលរោងការ ផ្អើលពេញបណ្តាញសង្គម ដោយមានការចូលរួមពីសាច់ញាតិ ចាស់ទុំទាំងសងខាង និងមានវត្តមានមិត្តភក្តិរួមអាជីពសិល្បៈ ចូលរួមយ៉ាងច្រើនផងដែរ ខណៈដែលតារាភេទទី៣រូបនេះ បាន អះអាងថា “ប្តីក្មេង អត់មានលុយ១រៀល តែអត់បញ្ហា ព្រោះអូនស្រលាញ់បង…”។

គួរបញ្ជាក់ដែរថា តារាកំប្លែងភេទទី៣ ម៉ែ វ៉ែប កំពុងមានប្រជាប្រិយភាពខ្ពស់ និងការចាប់អារម្មណ៍ខ្លាំង នាពេលបច្ចុប្បន្ន ក្រោយសម្រកទម្ងន់បានជាង ៤០គីឡូក្រាម (ពី១២០គីឡូ មក៧៨គីឡូ) រហូតទទួលបានប្រាក់រង្វាន់ពីម្ចាស់ប្រេន ចំនួនទឹកប្រាក់ ១ម៉ឺនដុល្លារ ស្រាប់តែនៅថ្ងៃចុះកុងត្រាធ្វើជា BA ផលិតផល និងទទួលប្រាក់រង្វាន់ ១ម៉ឺនដុល្លារនោះ តារាកំប្លែងភេទទី៣រូបនេះ ប្រកាសបង្ហាញមុខគូស្នេហ៍ និងឈានដល់ដឹកដៃគ្នាចូលរោងការ ភ្លាមតែម្តង តែគួរឲ្យស្តាយ រៀបការរួច បង្ហាញភាពផ្អែមស្អិតជាមួយប្តីក្មេង ឲ្យគេច្រណែន បានតែ៧ថ្ងៃ ស្រាប់តែម៉ែ វ៉ែប ទម្លាយទាំងទឹកភ្នែកថា ប្តីក្មេងបានរត់ចោលខ្លួនបាត់ទៅហើយ៕

RELATED ARTICLES