បាងកក (ថៃ) ៖ ស្ត្រីម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្រោយពីបែកធ្លាយរឿងលួចទាក់ទងរួមភេទជាមួយព្រះសង្ឃជាច្រើនអង្គ សុទ្ធតែជាព្រះសង្ឃថ្នាក់ខ្ពស់ និងបានបោកយកបច្ច័យព្រះសង្ឃ អស់ប្រមាណ ៣៨៥លានបាត (ប្រមាណ១២លានដុល្លារ) និងបានធ្វើឲ្យព្រះសង្ឃចំនួន ៨១អង្គ ត្រូវរបូតឋាន:តួនាទី របូតស្បង់ចីវរ ដោយត្រូវបានសឹកដោយខ្លួនឯងនិងត្រូវចាប់ផ្សឹក។

ករណីស្ត្រីម្នាក់ ប្រល័យលោកសង្ឃដល់ទៅ៨១អង្គនេះ បានកើតមានការភ្ញាក់ផ្អើលពេញសង្គមថៃ នាប៉ុន្មានថ្ងៃចុងក្រោយនេះ ពិសេសក្រោយពេលសមត្ថកិច្ចបានចាប់ខ្លួនស្ត្រីសង្ស័យម្នាក់ ឈ្មោះវិឡាវ៉ាន់ អេមសវត្ថិ ហៅស៊ិកា គោល ជនជាតិថៃ អាយុ ៣៥ឆ្នាំ ។

តាមប្រភពបណ្តាញព័ត៌មានថៃ បានរាយការណ៍នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥ ថា ប៉ូលិសថៃ បានចាប់ខ្លួនស្ត្រីខាងលើ ក្រោមបទចោទប្រកាន់មានទំនាក់ទំនងផ្លូវភេទជាមួយព្រះសង្ឃថៃ ជាច្រើនអង្គ ភាគច្រើនជាសង្ឃថ្នាក់ខ្ពស់ ហើយបន្ទាប់មកបានប្រើរូបថត និងវីដេអូដែលនាងលួចថតពេលនៅជាមួយព្រះសង្ឃ និងពេលរួមភេទ ដើ ម្បីជំរិតទារប្រាក់ពីបណ្តាលោកសង្ឃទាំងនោះ។

តាមប្រភពដដែល ឲ្យដឹងថា ប៉ូលិសថៃ បានប្រកាសក្នុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃអង្គារ ទី១៥ ខែកក្កដា ឆ្នា២០២៥ ថា ស្ត្រីសង្ស័យ ឈ្មោះ “ស៊ិកា គោល” បានរួមភេទជាមួយព្រះសង្ឃ យ៉ាងតិច ៩អង្គ ដោយនាងបានគំរាមទាប្រាក់បានប្រហែល ៣៨៥លានបាត (ប្រមាណលានដុល្លារ) ក្នុងរយៈពេល ៣ឆ្នាំកន្លងមកនេះ។ រឿងអាស្រូវផ្លូវភេទនេះ បានបែកធ្លាយ បន្ទាប់ពីព្រះសង្ឃមួយអង្គ នៅវត្តទ្រីថូសៈថេត វរវីហាន បានបាត់ខ្លួនយ៉ាងចម្លែក កាលពីខែមិថុនា ហើយអាជ្ញាធរបានរកឃើញថា ព្រះសង្ឃអង្គនោះ មានទំនាក់ទំនងផ្លូវភេទជាមួយស្ត្រីវ័យ៣៥ឆ្នាំ ឈ្មោះស៊ិកា គោល ហើយនៅពេលប៉ូលិសចុះទៅឆែកឆេរផ្ទះស្ត្រីសង្ស័យនោះ កាលពីដើមខែកក្កដា នេះ ប្រមូលបានរូបថត និងវីដេអូ ជាង៨ម៉ឺនឃ្លីប-សន្លឹក ដែលខ្លះមានទម្រង់ជារូបអាសអាភាសផ្លូវភេទរបស់ព្រះសង្ឃជាន់ខ្ពស់ នៅតាមវត្តល្បីៗរបស់ថៃ។ បន្ទាប់មក នៅថ្ងៃទី១៥ កក្កដា ឆ្នាំ២០២៥ ប៉ូលិសបានចាប់ខ្លួនស្ត្រីឈ្មោះស៊ិកា គោល នៅក្នុងគេហដ្ឋានប្រណិតមួយ ស្ថិតក្នុងខេត្តនន្ទបុរី ខាងជើងក្រុងបាងកក ក្រោមការ ចោទ ប្រកាន់ពីបទឆបោក ជំរិតលុយ និងលាងលុយ។

ប្រភពខាងលើ បានឲ្យដឹងបន្តថា ស្ត្រីសង្ស័យខាងលើ ជាមេម៉ាយសាច់សខ្ចី វ័យ៣៥ឆ្នាំ ដំបូងឡើយ នាងបានប្រើប្រាស់ឧបាយកលជាអ្នកមានសទ្ធាខ្លាំងចំពោះពុទ្ធសាសនា ជាពិសេសនៅគោលដៅវត្តល្បីៗ។ នៅពេលចូលទៅវត្តនីមួយៗលើកដំបូង នាងតែងខ្លួងយ៉ាងស្អាត ពាក់គ្រឿងអលង្ការជ្រែកខ្លួន និងប្រើប្រាស់របស់សុទ្ធតែម៉ាកល្បីៗ ហើយជិះឡានទំនើបៗ ព្រមទាំងប្រគេនបច្ច័យច្រើនៗ ដល់ព្រះសង្ឃ។ លុះនៅពេលដែលបានស្គាល់ជិតស្និទ្ធ រហូតដល់មានទំនាក់ទំនងស៊ីជម្រៅជាមួយព្រះសង្ឃហើយ ឧបាសិកា គោល ឬស៊ិកា គោល នេះ បានលួចថតរូប និងវីដេអូ ហើយក្រោយមក បានប្រើរូបភាពទាំងនោះ គំរាមទារប្រាក់ពីព្រះសង្ឃរងគ្រោះ ដោយនាងបានបង្កើតទំនាក់ទំនងស្នេហាស៊ីជម្រៅជាមួយព្រះសង្ឃក្នុងពេលតែមួយ ជាច្រើនអង្គតែម្តង។ ចុងក្រោយមានព័ត៌មានថា មានព្រះសង្ឃដល់ទៅ ៨១អង្គ រងគ្រោះ ដោយសារអ្នកមេម៉ាយសម្ពូរស្នេហ៍រូបនេះ ដែលសុទ្ធតែជាមន្រ្តីសង្ឃជាន់ខ្ពស់ ជាព្រះមេគណ ជាព្រអនុគណ ជាចៅអធិការវត្ត សាស្រ្តាចារ្យនៅពុទ្ធិកសាកលវិទ្យាល័យ ជាដើម។ មន្រ្តីសង្ឃទាំងនោះ ខ្លះត្រូវបានចាប់ផ្សឹក ខ្លះសឹកដោយខ្លួនឯង ហើយបច្ចុប្បន្ននេះ ស្ត្រីសង្ស័យរូបនេះ ត្រូវបានប៉ូលិសឃុំខ្លួន និងកំពុងស្រាវជ្រាវស៊ើបអង្កេតបន្ត ដើម្បីរកអ្នកពាក់ព័ន្ធបន្ថែមទៀត។

តាមការសួរចម្លើយពីសមត្ថកិច្ច ស្ត្រីសង្ស័យ ស៊ិកា គោល បានសារភាពថា កន្លងមកនាងធ្លាប់មានទំនាក់ទំនងស្នេហា ឬមានទំនាក់ទំនងស្និទ្ធស្នាលជាមួយព្រះសង្ឃជាន់ខ្ពស់ ជាច្រើនអង្គដូចដែលបានចុះផ្សាយក្នុងសារ ព័ត៌មាននានានោះមែន ។ ចំពោះមូលហេតុដែលនាងតែងតែជ្រើសរើសណាត់ជួបជាមួយព្រះសង្ឃថ្នាក់ខ្ពស់ មួយផ្នែកគឺដោយសារតែនាងមានរបួសអតីតកាល ត្រូវឪពុកបោះបង់ចោល កាលពីនាងនៅក្មេង ទើបធ្វើឱ្យនាងធំឡើងក្នុងគ្រួសារដែលខ្វះភាពកក់ក្តៅ។



ស្ត្រីសង្ស័យ ឲ្យដឹងថា ព្រះសង្ឃជាន់ខ្ពស់ដំបូង ដែលនាងណាត់ជួប ឬហៅថាស្នេហាដំបូងរបស់នាង ជាមួយព្រះសង្ឃ គឺអតីតព្រះសង្ឃ ព្រះនាម ភិជិត ជាចៅអធិការវត្តថាហ្លួង ដោយបានចាប់ផ្តើមទាក់ទងគ្នា តាំងពីឆ្នាំ២០១៣ ដល់ឆ្នាំ២០១៥ ហើយពេលទាក់ទងជាមួយអតីតព្រះសង្ឃអង្គនេះ នាងតែងតែមានលុយចាយពេញដៃ ដោយចាយ ៣លាន ក្នុងមួយថ្ងៃ។ ប៉ុន្តែព្រះសង្ឃអង្គនេះ គឺជាបុគ្គលដែលធ្វើឲ្យនាងខូចចិត្ត ឬឈឺចាប់បំផុត ក្នុងចំណោមព្រះសង្ឃទាំងអស់ដែលនាងធ្លាប់បានណាត់ជួប។ នាងថាធ្លាប់មានកូនជាមួយព្រះសង្ឃមួយចំនួនផងដែរ តែត្រូវបានបង្ខំឲ្យរំលូតចោល។ នាងថា តាមពិត នាងក៏គិតថាខ្លួនឯងធ្វើខុស ជាបាប ដែលទាក់ទងជាមួយលោកសង្ឃបែបនេះ តែអ្វីដែលនាងធ្វើ គ្រាន់តែមានអារម្មណ៍ថាចង់មានលុយចិញ្ចឹមកូន និងរស់នៅសុខស្រួល ព្រោះនាងគ្មានអ្នកណាជាទីពឹងទេ។

ស្ត្រីសង្ស័យ ស៊ិកា គោល និយាយថា “ដំបូងឡើយ ខ្ញុំមានអារម្មណ៍ថាខ្លួនឯងធ្វើខុស ដែលបានរួមរ័កជាមួយព្រះសង្ឃមួយអង្គ (អតីតព្រះចៅអធិការវត្ត) ខ្ញុំគិតថា ពិតជាមានបាបមែន.. ក្រោយមក គាត់សារភាពថា គាត់ធ្លាប់មានប្រពន្ធនិងកូន។ ហេតុការណ៍នេះ ធ្វើឲ្យខ្ញុំភ្ញាក់ផ្អើល។ ដំបូងខ្ញុំគិតថា ខ្ញុំជាមនុស្សអាក្រក់ដំបូងគេ ដែលរួមភេទជាមួយព្រះសង្ឃ វាបានធ្វើឱ្យខ្ញុំមានអារម្មណ៍ថាដូចជាខ្ញុំអាក្រក់ខ្លាំងណាស់។ ប៉ុន្តែនៅទីបំផុត គាត់បានសារភាពថា គាត់មានប្រពន្ធហើយ។ ពេលបានឮបែបនេះ ខ្ញុំមានអារម្មណ៍ខកចិត្តជាខ្លាំង»៕


