Friday, August 8, 2025
Homeព័ត៌មានអន្តរជាតិសហរដ្ឋអាមេរិក បន្តតាមដាន ការអនុវត្តបទឈប់បាញ់កម្ពុជា-ថៃ

សហរដ្ឋអាមេរិក បន្តតាមដាន ការអនុវត្តបទឈប់បាញ់កម្ពុជា-ថៃ

ប្រទេសម៉ាឡេស៊ី ៖ សហរដ្ឋអាមេរិក បានប្តេជ្ញាថា នឹងបន្តតាមដានការអនុវត្តបទឈប់បាញ់ រវាងកម្ពុជា និងថៃ យ៉ាងជិតស្និទ្ធ ដើម្បីធានាឲ្យមានភាពជោគជ័យ និងប្រសិទ្ធភាពខ្ពស់  ព្រមទាំងបង្ហាញពីការគាំទ្រផ្នែកភ័ស្តុភារនិងបច្ចេកទេស ដើម្បីបង្កើតក្រុមសង្កេតការណ៍អាស៊ាន (AMT) ឲ្យបានលឿន និងមានសមត្ថភាព។

នៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៥ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានជួបប្រជុំជាមួយនាយឧត្តមនាវី សាមុយអែល ប៉ាប៉ារ៉ូ (Samuel Paparo) មេបញ្ជា ការបញ្ជាការដ្ឋានឥណ្ឌូ-ប៉ាស៊ីហ្វិក សហរដ្ឋអាមេរិក (USINDOPACOM) និងលោក អេដហ្គាដ កាហ្គែន (Edgard Kagan) ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំប្រទេសម៉ាឡេស៊ី។

ក្នុងកិច្ចជំនួបនេះ ភាគីទាំងពីរ បានបញ្ជាក់ពីជំហររឹងមាំរបស់សហរដ្ឋអាមេរិក ក្នុងការគាំទ្របទឈប់បាញ់រវាងកម្ពុជា និងថៃ ដែលបានផ្តួចផ្តើមដោយប្រធានាធិបតី ដូណាល់ ត្រាំ (Donald Trump) ហើយដឹកនាំដោយប្រ ទេសម៉ាឡេស៊ី ក្នុងនាមជាប្រធានអាស៊ានប្តូរវេនបច្ចុប្បន្ន។

សហរដ្ឋអាមេរិក បានប្តេជ្ញាថា នឹងតាមដានការអនុវត្តយ៉ាងជិតស្និទ្ធ ដើម្បីធានាឲ្យមានភាពជោគជ័យ និងប្រសិទ្ធភាពខ្ពស់។ ភាគីទាំង២ ក៏បង្ហាញពីការគាំទ្រផ្នែកភ័ស្តុភារ និងបច្ចេកទេស ដើម្បីបង្កើតក្រុមសង្កេត ការណ៍អាស៊ាន AMT (ASEAN Monitoring Team) ឲ្យបានលឿន និងមានសមត្ថភាព។

បន្ថែមពីនេះ សហរដ្ឋអាមេរិក ក៏បានបង្ហាញពីការអនុវត្តបន្ត រួមមាន ៖ ការធ្វើផែនការយោធា, ការផ្គត់ផ្គង់គ្រឿង បរិក្ខារ, ប្រព័ន្ធបញ្ជូនកម្លាំង, ប្រព័ន្ធឃ្លាំមើលតាមអាកាស និងបច្ចេកវិទ្យាទំនើបជាច្រើនទៀត។

សូមបញ្ជាក់ថា ជំនួបដ៏មានសារៈសំខាន់នេះ បានបង្ហាញថា សហរដ្ឋអាមេរិក បានត្រៀមខ្លួន និងឆន្ទៈពិតប្រាកដ ក្នុងការគាំទ្រដល់សន្តិភាពយូរអង្វែងនៅក្នុងតំបន់។

ដោយឡែក ថ្លែងនៅក្នុងការធ្វើបច្ចុប្បន្នភាពព័ត៌មានស្ដីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នៅទីស្ដីការគណៈរដ្ឋមន្ត្រី នាម៉ោង ៧:០០នាទីព្រឹក ថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ បានគូសបញ្ជាក់ថា សហរដ្ឋអាមេរិក បានបញ្ជាក់ពីជំហររបស់ខ្លួន ក្នុងការគាំទ្របទឈប់បាញ់ ដែលជាគំនិតផ្តួចផ្តើមរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ (Donald Trump) និងបានដឹកនាំដោយប្រទេសម៉ាឡេស៊ី ដែលជាប្រធានអាស៊ានប្តូរវេន ក្នុងការអនុវត្តបទឈប់បាញ់។

លោកស្រីសុជាតា បានបន្តថា សហរដ្ឋអាមេរិក នឹងតាមដានយ៉ាងយកចិត្តទុកដាក់បំផុត ដើម្បីឲ្យការអនុវត្តនេះ ដំណើរទៅប្រកបដោយភាពជោគជ័យ និងមានប្រសិទ្ធភាព។

លោកស្រីអ្នកនាំពាក្យក្រសួងការពារជាតិ បន្តថា ដើម្បីគាំទ្រដល់ការតាមដានការអនុវត្តបទឈប់បាញ់នេះ សហរដ្ឋអាមេរិក នឹងចូលរួមគាំទ្រផ្នែកភ័ស្តុភារ និងបច្ចេកទេសសំខាន់ៗ ដើម្បីបង្កើតក្រុមការងារអ្នកសង្កេត ការណ៍អាស៊ាន (AMT) ឲ្យបានលឿនបំផុត។ លើសពីនេះទៅទៀត សហរដ្ឋអាមេរិក ក៏បានបង្ហាញពីអ្វីដែលជាការអនុវត្តបន្តរបស់សហរដ្ឋអាមេរិក រួមមាន ៖ ការធ្វើផែនការយោធា, គ្រឿងបរិក្ខារ, ប្រព័ន្ធបញ្ជូនកម្លាំង, ប្រព័ន្ធឃ្លាំមើលតាមអាកាស និងសម្ភារបច្ចេកទេសទំនើបជាច្រើនទៀត។

លោកស្រី ម៉ាលី សុជាតា បានសង្កត់ធ្ងន់ថា ការរួមចំណែករបស់សហរដ្ឋអាមេរិក ទាំងនេះ គឺជាការបង្ហាញពីការតាំងចិត្តខ្ពស់ និងបានត្រៀមខ្លួនចូលរួមកសាងឱ្យមានសន្តិភាពកើតឡើងពិតប្រាកដ នៅប្រទេសទាំងពីរ កម្ពុជា និងថៃ។

លោកឧបនាយករដ្ឋមន្ត្រី ទៀ សីហា រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា បានបញ្ជាក់តាមទំព័របណ្តាញសង្គម ហ្វេសប៊ុក របស់លោក នៅរាត្រីថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៥ ថា «ថ្ងៃនេះខ្ញុំបានជួបជាមួយនាយឧត្តមនាវី Samuel Paparo មេបញ្ជាការបញ្ជាការដ្ឋានឥណ្ឌូប៉ាស៊ីហ្វិក សហរដ្ឋអាមេរិក (USINDOPACOM) និងឯកឧត្តម Edgard Kagan ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំនៅប្រទេសម៉ាឡេស៊ី។ 

ក្នុងកិច្ចជំនួប ឯកឧត្តមបានបញ្ជាក់ខ្ញុំពីជំហររបស់សហរដ្ឋអាមេរិក ក្នុងការគាំទ្របទឈប់បាញ់ ដែលឯកឧត្តមប្រធានាធិបតី Donald Trump (ដូណាល់ ត្រាំ) បានផ្តួចផ្តើម ដោយដឹកនាំពីភាគីម៉ាឡេស៊ី ជាប្រធានអាស៊ានប្តូរវេន ក្នុងការអនុវត្តបទឈប់បាញ់។

ឯកឧត្តមទាំងពីរ ក៏បានបញ្ជាក់ថា នឹងតាមដានឲ្យការអនុវត្តនេះ ប្រកបដោយភាពជោគជ័យ និងមានប្រសិទ្ធ ភាព។  លោកនឹងចូលរួមគាំទ្រផ្នែកភ័ស្តុភារនិងបច្ចេកទេសសំខាន់ៗ ដើម្បីបង្កើតក្រុមការងារអ្នកសង្កេតការណ៍អាស៊ាន (AMT) ឲ្យបានលឿនបំផុត។ ថែមទាំងបានបង្ហាញពីអ្វីដែលជាការអនុវត្តបន្តរបស់សហរដ្ឋអាមេរិក រួមមាន ៖ ការធ្វើផែនការយោធា, គ្រឿងបរិក្ខារ, ប្រព័ន្ធបញ្ជូនកម្លាំង, ប្រព័ន្ធឃ្លាំមើលតាមអាកាស និងសម្ភារបច្ចេកទេសទំនើបជាច្រើនទៀត។ ទាំងនេះ បង្ហាញពីការត្រៀមខ្លួនរបស់ពួកគាត់ ក្នុងការចូលរួមឲ្យមានសន្តិ ភាពពិតប្រាកដ»៕ ខៀវទុំ

RELATED ARTICLES