Saturday, August 9, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមមេការខារ៉ាអូខេ ភ្ញៀវវ៉ៃបែកមុខ

មេការខារ៉ាអូខេ ភ្ញៀវវ៉ៃបែកមុខ

ភ្នំពេញ ៖ បុរសមួយក្រុម ត្រូវបាននារីជាមេការហាងខារ៉ាអូខេម្នាក់ ចោទប្រកាន់ថា បានប្រើហិង្សាលើនាង បណ្តាលឱ្យរងរបួសបែកមុខ ប៉ោងភ្នែក បន្ទាប់ពីក្រុមភ្ញៀវទាំងនោះបានចូលច្រៀង ផឹកស៊ី អុកកែវខ្លាំងៗ ធ្វើឱ្យបែកកញ្ចក់តុ អស់៣ លុះខឹងគិតលុយថ្លៃកញ្ចក់តុ ក្រុមបុរសជាភ្ញៀវ ផ្ទុះកំហឹង វាយនារីជាមេការម្នាក់ បណ្តាលឱ្យរងរបួសតែម្តង។

ហេតុការណ៍អំពើហិង្សានេះ បានកើតឡើងកាលពីវេលារំលងអធ្រាត្រ ឈានចូលថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៥ នៅចំណុចបន្ទប់ លេខ៦៦៦៦ ក្នុងហាងខារ៉ាអូខេមួយកន្លែងនៅម្តុំបឹងកក់ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មាន បានឱ្យដឹងថា កាលពីវេលាម៉ោង ៩និង៣៥នាទីយប់ ថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ មានភ្ញៀវ ១ក្រុម បានជិះរថយន្តទំនើប ចំនួន២គ្រឿង ក្នុងនោះ១គ្រឿង ម៉ាក Lexus LX-570 ពណ៌ខ្មៅ ស្លាកលេខ ភ្នំពេញ AN-1211 និង១គ្រឿងទៀត ម៉ាក Range Rover ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2BH-1211 ចូលទៅផឹកស៊ីច្រៀងខារ៉ាអូខេ នៅបន្ទប់លេខ៦៦៦៦ ទីតាំងកើតហេតុខាងលើ។

ប្រភពដដែល បន្តថា បន្ទាប់ពីផឹកស៊ីស្រវឹង ភ្ញៀវបុរសទាំងនោះបានអុកកែវខ្លាំងៗ បណ្តាលឱ្យបែកកញ្ចក់តុ អស់ចំនួន៣។ រហូតដល់ម៉ោងជាង១រំលងអធ្រាត្រ ឈានចូលថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៥ ក្រុមភ្ញៀវទាំងនោះ បានហៅមេការឱ្យគិតលុយ ។ បន្ទប់មក នារីជាមេការ បានគិតលុយ ដោយបូកបញ្ចូលទាំងថ្លៃបែកកញ្ចក់ផង គិតជាទឹកប្រាក់សរុប ជាង១០០០ដុល្លារ។

លុះពេលឃើញបុងគិតលុយអស់ដល់ទៅជាង ១ពាន់ដុល្លារ និងឃើញមេការគិតលុយទាំងថ្លៃបែកកញ្ចក់តុ ចំនួន៣ តម្លៃ ៤៥០ដុល្លារ ទើបភ្ញៀវម្នាក់ ដែលទំនងជាមេគេ បានទះកំផ្លៀងនារីជាមេការ ជាច្រើនដៃ ហើយនាំគ្នាដើរចេញទៅក្រៅខារ៉ាអូខេ រួចឡើងរថយន្តទំនើប ទាំង២គ្រឿង បើកចេញយ៉ាងរំភើយ។

ប្រភពខាងលើ បានឱ្យដឹងថា តាមការស្រាវជ្រាវអត្តសញ្ញាណម្ចាស់គណនីធនាគារ ដែលបានទូទាត់ថ្លៃខារ៉ាអូខេ មានឈ្មោះ ចាន់ គង់។ ចំណែកម្ចាស់រថយន្តស៊េរីទាំង២គ្រឿង ខាងលើ ត្រូវបានគេស្គាល់ថា ឈ្មោះចាន់ ហាក់ មានលំនៅ ភូមិ២ ផ្លូវ៤២០ សង្កាត់បឹងត្របែក ខណ្ឌចម្ការមន ។

តាមការអះអាងពីនារីរងគ្រោះ ជាមេការខារ៉ាអូខេខាងលើ បានបញ្ជាក់ថា ពេលនេះ នាងបានរៀបចំដាក់ពាក្យបណ្តឹង ប្តឹងទៅសមត្ថកិច្ច ឲ្យជួយអន្តរាគមន៍ និងចាត់ការតាមផ្លូវច្បាប់ហើយ។

ជុំវិញករណីខាងលើនេះ “នគរធំ” មិនអាចទាក់ទងសុំការបំភ្លឺពីភាគីភ្ញៀវដែលរងការចោទប្រកាន់ប្រើអំពើហិង្សាខាងលើបានទេ កាលពីម្សិលមិញ។ យ៉ាងណា យើងរង់ចាំទទួលការបកស្រាយបំភ្លឺពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់៕

RELATED ARTICLES