លោកអុិន សុភិន ឪពុកភិន សុដាលីស បានថ្លែងឱ្យដឹងថ្មីៗនេះថា កូនស្រីរបស់លោក បានវិលចូលផ្ទះវិញហើយ ហើយក៏ពុំបាននៅអាឡោះអាល័យ ប្តីហេងស៊យ លោកប៉ែន ចំរ៉ុង ហៅនាយឡប់ នោះទៀតដែរ។
លោកសុភិន បញ្ជាក់ថា “ដាលីស បានវិលចូលផ្ទះវិញហើយ ហើយសុខភាពរបស់ នាងល្អរឹងមាំធម្មតា អត់មានបញ្ហាអីទេ។ មិនត្រឹមតែប៉ុណ្ណោះ បច្ចុប្បន្ននេះ នាងជាអ្នកមើលការខុសត្រូវនៅផលិតកម្មមហាហង្ស ទៀតផង”។
នៅពេលត្រូវសួរ ពាក់ព័ន្ធនឹងបណ្តឹងរបស់ប៉ែន ចំរ៉ុង នឹងត្រូវសម្រេច នៅពេលណានោះ លោកអុិន សុភិន បានបញ្ជាក់យ៉ាងខ្លីថា “ចំពោះរឿងនេះ ខ្ញុំសុំមិនទាន់ និយាយអ្វីច្រើនទេ តែវានឹងមានភាពភ្ញាក់ផ្អើលមួយក្នុងពេលឆាប់ៗនេះ”។
ការបង្ហើបបែបនេះ នាំឱ្យមានចម្ងល់ថា ឬមួយក៏ក្រុមគ្រួសាររបស់ភិន សុដាលីស គ្រោងប្តឹងបកទៅលោកប៉ែន ចំរ៉ុង វិញ ពីបទលួងលោម បោកប្រាស់ខ្លួនប្រាណ និងបំផ្លាញកិត្តិយសនាង”
យ៉ាងណា លោកអុិន សុភិន សុំមិនបញ្ជាក់លំអិត ពីបញ្ហានេះទេ គ្រាន់តែលោកបង្ហើបថា សម្ព័ន្ធភាពរវាងសុដាលីស និងប្តីហេងស៊យ ត្រូវបានបញ្ចប់ ហើយប៉ែន ចំរ៉ុង នឹងមានរឿងភ្ញាក់ផ្អើលក្នុងពេលឆាប់ៗ។
លោកអុិន សុភិន ហាក់សប្បាយចិត្តនៅពេលដែល កូនស្រីវិលចូលផ្ទះវិញ។ ជាពិសេស ក្រោយពេលភិន សុដាលីស សម្របខ្លួន ស្តាប់បង្គាប់ក្រុមគ្រួសារ ខណៈដែលនាងកំពុង ត្រៀមសម្រាលកូន។
រឿងស្នេហ៍រវាង តារាសម្តែងនាងភិន សុដាលីស ជាមួយពិធីករលោកប៉ែន ចំរ៉ុង ហៅនាយឡប់ បានល្បីកក្រើកពេញពិភពសិល្បៈ ត្បិតអីភិន សុដាលីស ដែលខំលះបង់ កិត្តិយស ចុះចោលក្រុមគ្រួសារ រត់តាមប៉ែន ចំរ៉ុង នោះ ទីបំផុត ត្រូវចំរ៉ុង ប្តឹងលែងលះ នាងទាំងកំពុង មានផ្ទៃពោះ៤ខែ។
ភិន សុដាលីស បានបង្ហោះសារ លើបណ្តាញសង្គមថ្មីៗនេះ ហាក់បញ្ជាក់ថា អតីតប្តីក្រៅរបងប្រពៃណីរបស់នាងជាមនុស្ស គ្មានទំនួលខុសត្រូវ សម្លឹងឃើញតែទ្រព្យ ដែលធ្វើឱ្យមជ្ឈដ្ឋាន ជាច្រើន រិះគន់ប៉ែន ចំរ៉ុង កាន់តែខ្លាំង ហើយក៏ធ្វើឱ្យប៉ះពាល់ ដល់អាជីពសិល្បៈដែរ ដែលតាមប្រភពថា ចំរ៉ុង បានបាត់ប្រភពចំណូល ពីសិល្បៈជាច្រើន ដោយសាររឿងអាស្រូវ សូម្បីតែឱកាស ថតភាពយន្ត និងការងារពិធីករ ក៏គេមិនត្រូវ ការលោកដូចមុនដែរ គឺគេឃើញ លេចមុខតែតាម កញ្ចក់ទូរទស្សន៍តែប៉ុណ្ណោះ ដែលអ្នកខ្លះថា ចំរ៉ុង នឹងកាន់តែធ្លាក់កូដ ជាងនេះ ដោយសាររឿងស្នេហា មិនសមប្រកប…៕ សុខ ស៊ីឡាង