Saturday, October 4, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមចេញពីផឹក បើកឡានបុករះឡានម៉ូតូ៧គ្រឿង

ចេញពីផឹក បើកឡានបុករះឡានម៉ូតូ៧គ្រឿង

ភ្នំពេញ ៖  បុរសម្នាក់ បានបើករថយន្តចេញពីផឹកស៊ី បានប្រមាណ ១០ម៉ែត្រ ស្រាប់តែជ្រុលបុករះរថយន្តនិងម៉ូតូ សរុបចំនួន៦គ្រឿង ហើយបានទៅបុករុញម៉ូតូ ១គ្រឿងទៀត ចូលទៅក្នុង យានដ្ឋានជួសជុលរថយន្ត នៅក្បែរនោះ បណ្តាលឱ្យកៀបជាប់ ទៅមុខលែងរួច និងបណ្តាលឱ្យបុរសម្នាក់ រងរបួស។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍បុករះនេះ បានកើតឡើង កាលពីវេលាម៉ោង ១១និង២០នាទីយប់ ថ្ងៃទី២ ខែតុលា ឆ្នាំ២០២៥ នៅតាមបណ្តោយផ្លូវលេខ១៤៦ ត្រង់ចំណុចយានដ្ឋានជួសជុលរថយន្តយីហោ CA AUTO ស្ថិតក្នុងសង្កាត់ផ្សារដេប៉ូ២ ខណ្ឌទួលគោក។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញបុរសម្នាក់ បើករថ យន្ត ១គ្រឿង ម៉ាក Lexus GS200 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2X-9199 មានអ្នករួមដំណើរម្នាក់ បានបើកចេញពីកន្លែងផឹកស៊ី ១កន្លែង បានប្រហែល ១០ម៉ែត្រ មិនដឹងថារថយន្តមានបញ្ហាអ្វី ស្រាប់តែជ្រុលទៅបុករថយន្ត ១គ្រឿង ម៉ាកតូយ៉ូតា ព្រូស ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BG-3462 ដែលចតនៅចិញ្ចើមផ្លូវ រុញទៅបុករះម៉ូតូ ៥គ្រឿង ដែលឈប់នៅពីមុខរថយន្ត បណ្តាលឱ្យខូចខាត។

ប្រភពដដែល បន្តថា ភ្លាមនោះ រថយន្តបង្កហេតុ នៅមិនទាន់អស់ល្បឿន បានបុកម៉ូតូមួយគ្រឿងទៀត រុញទម្លុះចូលយានដ្ឋានជួសជុលរថយន្ត CA AUTO កៀបជាប់ម៉ូតូជាមួយនឹងប៉ុងឡើងរថយន្ត បណ្តាលឱ្យខ្ទេច ១គ្រឿង ទៀត ទើបកល់ជាប់ ទៅមុខលែងរួច ហើយនៅក្នុង ហេតុការណ៍នេះដែរ បានបណ្តាលឱ្យបុរសអ្នករួមដំណើរម្នាក់ រងរបួស និងត្រូវបានដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ។ ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះ មកដល់ ហើយទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចរាចរណ៍ ចុះមកវាស់វែងស្ទូចយករថយន្តបង្កហេតុ រថយន្តនិងម៉ូតូរងគ្រោះ ទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក រង់ចាំដោះស្រាយនៅពេលក្រោយ៕

RELATED ARTICLES