ខេត្តកំពង់ស្ពឺ ៖ ក្រសួងសាធារណការនិងដឹកជញ្ជូន បានឱ្យដឹងនៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៥ ថា ក្រុមការងារត្រួតពិនិត្យយានយន្តចល័ត របស់ក្រសួង បានពិន័យយានយន្តដឹកលើសទម្ងន់ ចំនួន៦គ្រឿង នៅលើកំណាត់ ផ្លូវជាតិលេខ៤៤ ក្រុងច្បារមន។

ក្រសួងសាធារណការនិងដឹកជញ្ជូន បានបញ្ជាក់ថា នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រុមការងារត្រួតពិនិត្យចល័ត របស់ក្រសួង ដឹកនាំដោយលោកសេង ឈួន រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារត្រួតពិនិត្យយានយន្តចល័ត សហការជាមួយស្ថានីយជញ្ជីងអចល័ត កណ្តោលដុំ ព្រមទាំងកងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធ ចុះប្រតិ បត្តិការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ នៅលើផ្លូវជាតិលេខ៤៤ គីឡូម៉ែត្រ លេខ3+500 ស្ថិតក្នុងក្រុងច្បារមន ខេត្តកំពង់ស្ពឺ។

ជាលទ្ធផល បានត្រួតពិនិត្យយានយន្ត ចំនួន៦គ្រឿង មានបិទឡូហ្គោ TH, TS ផ្ទុកទម្ងន់សរុបចន្លោះពី៤៩តោន ដល់៧២តោន លើសទម្ងន់អនុញ្ញាត ចន្លោះពី៩តោន ដល់៣២តោន។
ឆ្លៀតឱកាសនេះ ក្រុមការងារបានអប់រំណែនាំដល់ម្ចាស់យានយន្តល្មើសខាងលើ ត្រូវចូលរួមគោរពច្បាប់ កុំដឹកលើសទម្ងន់កម្រិតកំណត់បែបនេះបន្តទៀត ព្រោះធ្វើឱ្យខូចខាតដល់ផ្លូវថ្នល់យ៉ាងខ្លាំង មិនតែប៉ុណ្ណោះ បងប្អូនក៏ត្រូវរងការពិន័យជាប្រាក់ផងដែរ។

ក្រសួងសាធារណការនិងដឹកជញ្ជូន សូមរម្លឹកថា ក្រុមការងារត្រួតពិនិត្យយានយន្តចល័តម្រុះ នៅតែបន្តចុះឆ្មក់ត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ នៅទូទាំងប្រទេស ដើម្បីទប់ស្កាត់និងចាត់វិធានការរឹតបន្តឹងការអនុវត្តច្បាប់ យ៉ាងតឹងរ៉ឹងបំផុត ដោយគ្មានការ លើកលែងឡើយ៕