Thursday, January 8, 2026
Homeព័ត៌មានអន្តរជាតិមន្រ្តីអាមេរិក ស្នើលោកត្រាំ បង្ខំឲ្យថៃ សងការខូចខាតសង្គ្រាមឈ្លានពានកម្ពុជា

មន្រ្តីអាមេរិក ស្នើលោកត្រាំ បង្ខំឲ្យថៃ សងការខូចខាតសង្គ្រាមឈ្លានពានកម្ពុជា

សហរដ្ឋអាមេរិក ៖ អតីតបេក្ខភាពឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំប្រទេសថៃ ឆ្នាំ២០១៧ លោក ភូ លីវុឌ្ឍ បានដាក់លិខិតទៅលោកដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក និងលោក ម៉ៃខ៍ ចនសាន់ (Mike Johnson) ប្រធានរដ្ឋសភា នៃសហរដ្ឋអាមេរិក ស្នើសុំពិនិត្យលើការខូចខាតនៃសង្គ្រាមថៃឈ្លានពានមកលើកម្ពុជា ឆ្នាំ២០២៥ ពាក់ព័ន្ធនឹងការប្រើយន្តហោះទម្លាក់គ្រាប់បែក ទាំងបីប្រភេទ លើទីតាំងស៊ីវិល ដែលបណ្តាលឲ្យខូចខាតយ៉ាងធ្ងន់ដល់ហេដ្ឋារចនាសម្ព័ន្ធស៊ីវិលសំខាន់ៗដែលមិនមែនជាយោធា រួមទាំងមន្ទីរពេទ្យ អគារលំនៅឋាន និងពាណិជ្ជកម្ម បូជនីយដ្ឋានសាសនា និងទីតាំងបេតិកភណ្ឌវប្បធម៌ដែលត្រូវបានទទួលស្គាល់ថាជាសម្បត្តិបេតិកភណ្ឌពិភពលោក ។ លោក ភូ លីវុឌ្ឍ បានលើកឡើងថា សង្គ្រាមឈ្លានពានឆ្នាំ២០២៥ បានចប់ហើយ នៅឡើយតែសំណងខូចខាត និងកំណត់ព្រំដែនស្របច្បាប់ ហើយតួលេខបឋមការខូចខាតនៃសង្គ្រាមថៃឈ្លានពានកម្ពុជា ដែលថៃ ត្រូវតែសងកម្ពុជា គឺ ៣០០ពាន់លានដុល្លារ ។

លិខិតរបស់លោក ភូ លីវុឌ្ឍ ចុះថ្ងៃទី៥ ខែមករា ឆ្នាំ២០២៥ បានគោរពជូនលោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក ក្នុងកម្មវត្ថុ “ការកសាងឡើងវិញនៅកម្ពុជា ក្រោយការឈ្លានពានរបស់ថៃ ឆ្នាំ២០២៥“ លោក ភូ លីវុឌ្ឍ បានជម្រាបជូនលោកដូណាល់ ត្រាំ ថា “សូមគោរពលោកប្រធានាធិបតី! ខ្ញុំសូមកោតសរសើរដោយ ស្មោះចំពោះការខិតខំប្រឹងប្រែងរបស់លោក ក្នុងការទប់ស្កាត់សង្គ្រាមបំផ្លិចបំផ្លាញនៅជុំវិញពិភពលោក និងដើម្បីជំរុញសន្តិភាព និងស្ថិរភាព រួមទាំងគំនិតផ្តួចផ្តើមរបស់អ្នកក្នុងការកាត់បន្ថយភាពតានតឹងនៅតាមព្រំដែនកម្ពុជា-ថៃ។ មិនអាចប្រកែកបានទេ គំនិតផ្តួចផ្តើមដ៏ថ្លៃថ្លាររបស់លោកប្រធានាធិបតី សមនឹងទទួលបានរង្វាន់ណូបែលសន្តិភាព។

គួរឱ្យសោកស្ដាយ ការវិវត្តថ្មីៗ បានធ្វើឱ្យខូចដល់កិច្ចខិតខំប្រឹងប្រែងដ៏មានតម្លៃរបស់លោកប្រធាននាធិបតី ។ ក្នុងអំឡុងពេលជម្លោះឆ្នាំ២០២៥ ប្រតិបត្តិការយោធាថៃ បានពង្រីកហួសព្រំដែន និងជ្រៅក្នុងទឹកដីកម្ពុជា ដែលបណ្តាលឱ្យមានការបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរ និងការបាត់បង់ជីវិតជនស៊ីវិល ។ របាយការណ៍បង្ហាញពីការទម្លាក់គ្រាប់បែកតាមអាកាស និងការបាញ់ផ្លោងយ៉ាងជ្រៅ ដែលឈានដល់ចម្ងាយប្រហែល 60ម៉ៃល៍ ក្នុងប្រទេសកម្ពុជា ដែលប៉ះពាល់ដល់គោលដៅមិនមែនយោធា និងនាំឱ្យមានការបំផ្លិចបំផ្លាញនិងការខូចខាតដល់ជនស៊ីវិល។ កន្លែងដែលត្រូវបានរាយការណ៍ថា រងផលប៉ះពាល់ រួមមាន មន្ទីរពេទ្យ អគារ លំនៅឋាន សាលារៀន វត្តអារាម វិហារសាសនា ប្រាសាទ និងទីតាំងដែលត្រូវបានទទួលស្គាល់ថាជាតំបន់បេតិកភណ្ឌពិភព លោក។ ភ័ស្តុតាងដែលទាក់ទងនឹងឧប្បត្តិហេតុទាំងនេះ ត្រូវបានចងក្រងជាឯកសារ ហើយអាចរកបានតាម រយៈបណ្តាញផ្លូវការ រួមទាំងស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា ផងដែរ។ វាមិនមែនជាជម្លោះព្រំដែនទៀតទេ ប៉ុន្តែជាការឈ្លានពាន ។

 ការវាយតម្លៃបឋម ប៉ាន់ប្រមាណថា ការចំណាយលើការកសាងឡើងវិញក្រោយការឈ្លានពាន និងការស្តារឡើងវិញ មានចំនួនប្រហែល 300ពាន់លានដុល្លារ ដែលឆ្លុះបញ្ចាំងពីទំហំនៃការខូចខាតដល់មនុស្ស ហេ ដ្ឋារចនាសម្ព័ន្ធ លំនៅឋាន និងសេវាសាធារណៈសំខាន់ៗ “ ។

លិខិតរបស់លោក ភូ លីវុឌ្ឍ បានជម្រាបជូនលោកដូណាល់ ត្រាំ បន្តថា “លោកប្រធានាធិបតី! ខ្ញុំចង់បានការណែនាំនិងអនុសាសន៍របស់លោក ដោយគោរព ទាក់ទងនឹងក្រុមហ៊ុនអាមេរិក ដែលមានបទពិសោធន៍ ជាមួយនឹងអ្នកជំនាញក្នុងការកសាងឡើងវិញ ក្រោយការឈ្លានពានវាយប្រហារទ្រង់ទ្រាយធំនេះ និងការស្តារឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធ ដែលអាចសម្រេចបានផលល្អក្នុងការអនុវត្តកិច្ចខិតខំប្រឹងប្រែងដ៏សំខាន់ទាំងនេះនៅក្នុងប្រទេសកម្ពុជា ។

 ប្រសិនបើលោកប្រធាននាធិបតី ត្រូវការព័ត៌មានបន្ថែម សូមកុំស្ទាក់ស្ទើរក្នុងការទាក់ទងមកខ្ញុំ ដោយប្រើព័ត៌មានលម្អិតដែលបានផ្តល់ជូនខាងក្រោម“ ។

ជាមួយគ្នានោះដែរ នៅក្នុងលិខិតគោរពជូនលោក Mike Johnson ប្រធានសភាសហរដ្ឋអាមេរិ ចុះថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦ ក្នុងកម្មវត្ថុ “ការកសាងឡើងវិញនៅកម្ពុជា ក្រោយការឈ្លានពានរបស់ថៃ ឆ្នាំ២០២៥“ លោក ភូ លីវុឌ្ឍ មន្ត្រីសហរដ្ឋអាមេរិក ដើមកំណើតខ្មែរ បានបញ្ជាក់ជូនលោកប្រធានសភាសហរដ្ឋអាមេរិក ថា “សូមគោរពលោកប្រធានសភា! ខ្ញុំមានកិត្តិយសក្នុងការសរសេរទៅកាន់លោក ទាក់ទងនឹងបញ្ហាប្រឈមផ្នែកមនុ ស្សធម៌ និងការកសាងឡើងវិញជាបន្ទាន់ ដែលព្រះរាជាណាចក្រកម្ពុជា កំពុងប្រឈម បន្ទាប់ពីជម្លោះនៅឆ្នាំ២០២៥ នៅតាមព្រំដែនរបស់ខ្លួន ជាមួយប្រទេសថៃ ដែលដំបូងឡើយ វាហាក់ដូចជាជម្លោះព្រំដែន ប៉ុន្តែវាបានវិវត្តយ៉ាងលឿន ទៅជាការឈ្លានពានដែលមានជម្រៅ ៦០ម៉ៃល៍ ក្នុងប្រទេសកម្ពុជា។

ការឈ្លានពាននេះ បានបណ្តាលឲ្យមានការបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរក្នុងទឹកដីកម្ពុជា រួមទាំងតំបន់ឆ្ងាយពីតំបន់ព្រំដែន ។ ភ្លាមៗ របាយការណ៍បង្ហាញពីការស្លាប់និងរបួសរបស់ជនស៊ីវិល យ៉ាងច្រើន ការផ្លាស់លំនៅយ៉ាងច្រើន និងការខូចខាតយ៉ាងធ្ងន់ធ្ងរដល់ហេដ្ឋារចនាសម្ព័ន្ធស៊ីវិលសំខាន់ៗ។ ទីតាំងដែលមិនមែនជាយោធា រួមទាំងមន្ទីរពេទ្យ អគារ លំនៅឋាន និងពាណិជ្ជកម្ម បូជនីយដ្ឋានសាសនា និងទីតាំងបេតិកភណ្ឌវប្បធម៌ ដែលត្រូវបានទទួលស្គាល់ជាសម្បត្តិបេតិកភណ្ឌពិភពលោក ត្រូវបានរាយការណ៍ថា រងផលប៉ះពាល់ ។

 ព្រឹត្ដិការណ៍ទាំងនេះ បានបង្កើនការព្រួយបារម្ភយ៉ាងខ្លាំងនៅក្រោមច្បាប់មនុស្សធម៌អន្តរជាតិ ជាពិសេសទាក់ទងនឹងការការពារជនស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល ក្នុងអំឡុងជម្លោះប្រដាប់អាវុធ ។ ព័ត៌មាននិងឯកសារពាក់ព័ន្ធនឹងឧប្បត្តិហេតុទាំងនេះ ត្រូវបានប្រមូលដោយស្ថាប័នការទូត និងអន្តរជាតិពាក់ព័ន្ធ រួមទាំងស្ថានទូតសហរដ្ឋអាមេរិក ប្រចាំនៅកម្ពុជា ផងដែរ។

 ដោយមានការរាយការណ៍ពីការប្រើប្រាស់យន្តហោះយោធាទំនើបៗ ក្នុងប្រតិបត្តិការទាំងនេះ (សហរដ្ឋអា មេរិក ផលិត F16 ស៊ុយអែត បង្កើត Gripen និងសាធារណរដ្ឋកូរ៉េ ផលិត T-50) សំណួរក៏បានកើតឡើងទាក់ទងនឹងការប្រើប្រាស់ចុងក្រោយ និងការទទួលខុសត្រូវរបស់ប្រទេសអ្នកផ្គត់ផ្គង់និងអ្នកផលិត ដើម្បីធានាថា ឧបករណ៍ការពារ មិនត្រូវបានប្រើប្រាស់បំពានច្បាប់អន្តរជាតិ ឬបង្កគ្រោះថ្នាក់ដល់ប្រជាជនស៊ីវិល។ ក្នុងន័យនេះ សភាសហរដ្ឋអាមេរិក ដើរតួនាទីត្រួតពិនិត្យយ៉ាងសំខាន់ក្នុងការការពារស្តង់ដារសីលធម៌ ទាក់ទងនឹងការនាំចេញផ្នែកការពារជាតិ និងការប្រើប្រាស់របស់ពួកគេ។ ពាក្យបណ្តឹងផ្លូវការ នឹងត្រូវបានដាក់ដាច់ដោយឡែក ប្រឆាំងនឹងអ្នកផ្គត់ផ្គង់ការពារជាតិ ដែលពាក់ព័ន្ធ ស្របតាមយន្តការច្បាប់អន្តរជាតិ ដែលអាចអនុវត្តបាន“ ។

 លិខិតរបស់លោក ភូ លីវុធ បន្តថា “លោកប្រធានសភា! ការវាយតម្លៃបឋម បានបង្ហាញថា ការចំណាយលើការកសាងឡើងវិញ ក្រោយការឈ្លានពានរបស់ថៃ នៅកម្ពុជា អាចមានចំនួនប្រហែល 300ពាន់លានដុល្លារ ដែលរួមមាន មនុស្ស លំនៅឋាន បណ្តាញដឹកជញ្ជូន កន្លែងថែទាំសុខភាព ឧបករណ៍ប្រើប្រាស់ និងការស្ដារឡើងវិញនូវបេតិកភណ្ឌវប្បធម៌។ ដោយមើលឃើញពីកិច្ចការដ៏ធំធេងនេះ ខ្ញុំស្នើសុំដោយគោរព នូវការពិចារ ណារបស់លោក ក្នុងការលើកទឹកចិត្តដល់ក្រុមហ៊ុនអាមេរិកដែលមានលក្ខណសម្បត្តិគ្រប់គ្រាន់ ជាមួយនឹងអ្នកជំនាញដែលបានបញ្ជាក់នៅក្នុងការកសាងឡើងវិញ និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទ្រង់ទ្រាយធំ ដើម្បីចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងទាំងនេះ។

 ការចូលរួមបែបនេះ មិនត្រឹមតែគាំទ្រដល់ការងើបឡើងវិញ និងស្ថិរភាពរយៈពេលវែងរបស់កម្ពុជា ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយជំរុញផលប្រយោជន៍សេដ្ឋកិច្ចអាមេរិក និងពង្រឹងការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិក ចំពោះគោលការណ៍មនុស្សធម៌ និងការដឹកនាំពិភពលោកប្រកបដោយការទទួលខុសត្រូវ។

 សូមអរគុណចំពោះពេលវេលានិងការគិតគូររបស់លោក ។ ខ្ញុំនៅតែកោតសរសើរយ៉ាងជ្រាលជ្រៅចំពោះការដឹកនាំ និងការយកចិត្តទុកដាក់របស់លោកប្រធានរដ្ឋសភា ចំពោះបញ្ហានេះ“ ។

 គួររំលឹកថា ក្នុងសង្គ្រាមឈ្លានពានលើកម្ពុជា ចំនួន២លើក កាលពីខែកក្កដា និងខែធ្នូ ឆ្នាំ២០២៥ យោធាថៃ បានប្រើកម្លាំងទ័ពនិងសព្វាវុធធុនធ្ងន់ហួសសមាមាត្រ ធៀបនឹងកម្លាំង និងសព្វាវុធកម្ពុជា។ ថៃ បានប្រើប្រាស់អាវុធធុនធ្ងន់គ្រប់ប្រភេទ រាប់ទាំងកាំភ្លើងធំ កាំភ្លើងត្បាល់ ដ្រូនពិឃាត យន្តហោះប្រតិកម្ម F-16 របស់អាមេរិក និងយន្តហោះចម្បាំងផ្សេងទៀតរបស់ប្រទេសស៊ុយអែត និងកូរ៉េខាងត្បូង មកទម្លាក់គ្រាប់បែកលើទីតាំងជនស៊ីវិល និងតំបន់ប្រាសាទបុរាណខ្មែរ នៅតាមបន្ទាត់ព្រំដែនខ្មែរ-ថៃ។ នេះបើតាមការកត់ត្រាទុករបស់ភាគីកម្ពុជា កន្លងមក៕ កុលបុត្រ

RELATED ARTICLES