Wednesday, May 20, 2026
Homeតារាខ្មែរឌួង ហ្សូរីដា ធ្វើបុណ្យខួបម្ដាយ ៣ឆ្នាំ

ឌួង ហ្សូរីដា ធ្វើបុណ្យខួបម្ដាយ ៣ឆ្នាំ

ភ្នំពេញ ៖ ឌួង ហ្សូរីដា បានធ្វើបុណ្យគម្រប់ខួប ៣ឆ្នាំ ជូនអ្នកម្ដាយនាង លោកស្រី យ៉ាលីន សុខលឹម (មារតី) កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ នៅវីឡារបស់នាង ផ្ទះលេខ k-17 ផ្លូវ MC  (បុរី The Mekong Land ស្ពានទី១០) សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។ តារាល្បីៗ មន្រ្ដីរាជការ និងអ្នករកស៊ីធំៗជាច្រើន បានចូលរួមពិធីបុណ្យសពម្ដាយហ្សូរីដា ដែលភាគច្រើនពួកគេមានការាប់អានជាមួយលោកស្រី សុខលីម តាំងពីពេលម្ដាយហ្សូរីដា នៅមានជីវិត ។ 

ក្នុងជំនួបផ្ទាល់ ឌួង ហ្សូរីដា បានប្រាប់អ្នកយកព័ត៌មាន «នគរធំ» ថា ពិធីបុណ្យខួបម្ដាយនាង គម្រប់៣ឆ្នាំ ហៅភ្ញៀវប្រមាណ ៤០០ ទៅ៥០០នាក់ ក្នុងនោះមានអ្នកសិល្បៈដែលនាងអញ្ជើញ ត្រឹមតែ ១០ទៅ២០% ប៉ុណ្ណោះ ក្រៅពីនេះ ជាមិត្តភក្ដិ និងថ្នាក់ដឹកនាំ តាមក្រសួងនីមួយៗ។ ហ្សូរីដា ថាកម្មវិធីពេលព្រឹក ថ្ងៃទី៣០ មេសា មាន ការនិមន្ដចូលរួមពីសម្ដេចព្រះពោធិវ័ង្ស ណយ ច្រឹក សូត្រមន្ដ និងទេសនា។ ចំណែកព្រឹកថ្ងៃទី១ ខែឧសភា ចំថ្ងៃថ្ងៃបុណ្យពិសាខបូជា និមន្ដព្រះសង្ឃ ៣វត្ត ១០៥អង្គ រួមទាំងព្រះសង្ឃក្នុងពិធី ៧អង្គទៀត សរុបព្រះសង្ឃ ១១២ អង្គ ធ្វើពិធីសូត្រវេរ ឆ្លងបុណ្យ ជូនអ្នកម្ដាយនាង។

  ពិធីការិនី ឌួង ហ្សូរីដា បានឲ្យដឹងដែរថា តាំងពីម្ដាយលាចាកលោក ៣ឆ្នាំទៅនេះ នាងធ្លាប់យល់សុបិនឃើញម្ដាយនិងឪពុក ជួបគ្នា ដើរជាមួយគ្នា សប្បាយ ហើយមិត្តភក្ដិ ក៏បានយល់សុបិនឃើញម្ដាយនាង ស្លៀកពាក់ស្អាតបាតដែរ មិនមានអ្នកណាឃើញម្ដាយក្នុងរូបភាពលំបាកទេ ហេតុនេះនាងមានជំនឿថា ម្ដាយនាងបានទៅទីឋានបរមសុខហើយ។ ហ្សូរីដា បានឲ្យដឹងទៀតថា សពម្ដាយនាង បញ្ចុះនៅវត្តប្រាសាទ ខេត្តកណ្ដាល ព្រោះទីនោះក៏ជាទីបញ្ចុះសពឪពុកនាងដែរ ហើយនាងនិងក្រុមគ្រួសារ តែងតែទៅធ្វើបុណ្យជូនឪពុកម្ដាយ រាល់ពិធីបុ ណ្យប្រពៃណីជាតិផ្សេងៗ ។ នាងថា ផ្ទះវីឡា រាល់ថ្ងៃនេះ តាមពិតនាងទិញកាដូឲ្យម្ដាយ នៅថ្ងៃខួបកំណើត តែជាអកុសល ម្ដាយបានស្លាប់ ទាំងផ្ទះនេះធ្វើមិនទាន់ហើយ ព្រោះនាងទិញតាំងពីនៅគម្រោង មុនបុកគ្រឹះ ហេតុនេះហើយបានជានាងស្រណោះ ព្រោះម្ដាយ មិនបាននៅផ្ទះធំនេះ ដោយសារម្ដាយឃើញគម្រោងផ្ទះនេះ ម្ដាយស្រលាញ់ណាស់។ នាងថា ជីវិតនាង តាំងពីអត់ពីម្ដាយទៅ ៣ឆ្នាំ នេះហាក់ឯកោ រស់នៅ ៣នាក់បងប្អូន ហើយនៅមុខផ្ទះ នាងបានដាក់អក្សរថា «ភូមិគ្រឹះលោកម៉ែ» ដែលបញ្ជាក់ថា ផ្ទះនេះ ជាផ្ទះម្ដាយនាង ។

 ឌួង ហ្សូរីដា ថាក្នុងនាមជាកូនស្រីច្បង កំព្រាឪពុកតាំងពីតូច កន្លងមក នាងបានធ្វើអ្វីៗគ្រប់យ៉ាង ដើម្បីម្ដាយ និងក្រុមគ្រួសារច្រើន តែពេលអត់ពីម្ដាយទៅ ពេលខ្លះនាងមានអារម្មណ៍ថា «អត់ន័យ» ។ ប៉ុន្ដែនាងថា កេរ ដំណែលនិងស្នាដៃដែលម្ដាយនាងបន្សល់ទុក ដែលនាងត្រូវបន្ដធ្វើកិច្ចការនោះពីម្ដាយ ឲ្យបានល្អ តទៅទៀតនោះ គឺហាងកាត់ដេរ ដាណាម៉ា ព្រោះហាងនេះ ម្ដាយនាងជាស្ថាបនិក ហើយនៅឆ្នាំ២០២៧ ខាងមុខ ជាខួបគម្រប់ ២០ឆ្នាំ នៃហាងមួយនេះ។

  ឌួង ហ្សូរីដា ថាការធ្វើបុណ្យខួបគម្រប់៣ឆ្នាំ ឲ្យម្ដាយនាងនេះ ជាការបានជួបជុំមិត្តភក្ដិឡើងវិញ ព្រោះតែដោយសារវល់រៀងៗខ្លួន មិនងាយមានឱកាសជួបគ្នានោះទេ ។ ប៉ុន្ដែនាងមិនច្បាស់ថា តើប៉ុន្មានឆ្នាំទៀត ទើបនាងត្រូវធ្វើខួបឲ្យម្ដាយ ទ្រង់ទ្រាយធំបែបនេះទៀតទេ ព្រោះតែនាងខ្លាចចិត្តភ្ញៀវដែរ ។ ប៉ុន្ដែនាងអាចធ្វើបុណ្យ ធ្វើទាន និងកម្មវិធីសប្បុរធម៌នានាឧទ្ទិសកុសលជូនម្ដាយ នៅតាមទីអារ៉ាម ឬកម្មវិធីផ្សេងៗវិញ ។

 គួរំលឹកថា ម្ដាយឌួង ហ្សូរីដា លោកស្រី យ៉ាលីន សុខលីម បានទទួលមរណភាពក្នុងអាយុ ៦០ឆ្នាំ កាលពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៣ ដោយជំងឺមហារីក ។ ក្រោយបាត់បង់ម្ដាយហ្សូរីដា បានដឹកនាំប្អូនស្រីទាំងពីរ គឺប្អូនទី១ ឈ្មោះឌួង កូហ្សូណា និងប្អូនពៅ ឈ្មោះឌួង ហ្សូរីម៉ា រកស៊ីមុខរបរមួយចំនួន ដំណើរការព្រមគ្នា ដូចជា ហាងកាត់ដេរ ដាណាម៉ា, ហាងកាហ្វេមុទិតា និងអាជីកម្ម Online ទាក់ទងផ្នែក Cosmetic ជាដើម ។ យ៉ាងណា ក្រោយធ្វើបុណ្យខួបឲ្យម្ដាយ រួចរាល់ នៅឆ្នាំ២០២៦ នៅតែគ្មានដំណឹងហ្សូរីដា ត្រៀមរៀបការស្វាមីឡើយ ៕

RELATED ARTICLES