Saturday, May 2, 2026
Homeសន្ដិសុខសង្គមសន្តិសុខសង្គមខ្ចីម៉ូតូមិត្តភក្តិជិះ ស៊ីដាច់ ជាប់ខ្នោះ 

ខ្ចីម៉ូតូមិត្តភក្តិជិះ ស៊ីដាច់ ជាប់ខ្នោះ 

ខេត្តកណ្តាល ៖ យុវជនម្នាក់ ជានិស្សិត បានខ្ចីម៉ូតូមិត្តភក្តិជិះ រួចបែកគំនិតយកទៅលក់ បានលុយជាង ១ពាន់ដុល្លារ ចាយអស់ ត្រូវជនរងគ្រោះប្តឹងសមត្ថកិច្ចចាប់វាយខ្នោះ។

ករណីខ្ចីម៉ូតូជិះ យកទៅលក់នេះ បានកើតឡើងកាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៦ នៅចំណុចភូមិកំពង់សំណាញ់១ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល។ រហូតមកដល់ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៦ ទើបកម្លាំងសមត្ថកិច្ចជំនាញ ស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យបាន។

ជនសង្ស័យដែលស៊ីដាច់ម៉ូតូមិត្តភក្តិ ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះ ឈន សុធីន ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរនិស្សិត មានលំនៅ ភូមិកំពង់សំណាញ់១ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល។ ចំណែកម៉ូតូដែលជនសង្ស័យស៊ីដាច់នោះ ម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ចាម 1AA-7546 ជារបស់ជនរងគ្រោះ ឈ្មោះអាត រតនៈ ភេទប្រុស អាយុ២០ឆ្នាំ មុខរបរនិស្សិត មានលំនៅ ភូមិកំពង់សំណាញ់១ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល។

តាមប្រភពជនរងគ្រោះ បានរៀបរាប់ប្រាប់ថា មុនពេលកើតហេតុ កាលពីវេលាម៉ោង ៩ព្រឹក ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៦ ជនសង្ស័យឈ្មោះ ឈន សុធីន ដែលត្រូវជាមិត្តភក្តិ បានខ្ចីម៉ូតូរបស់ខ្លួន (ជនរងេគ្រោះ) ម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ចាម 1AA-7546 ជិះ ដោយប្រាប់ថា មានការមួយភ្លែត រួចជន សង្ស័យបានយកម៉ូតូទៅលក់នៅហាងបញ្ចាំ មួយកន្លែង យីហោ សេង ពិសិដ្ឋ ផន សប ស្ថិតនៅភូមិកំពង់សំ ណាញ់១ ឃុំកំពង់សំណាញ់១ ក្រុងតាខ្មៅ ខេត្តកណ្តាល។

ជនរងគ្រោះ បន្តថា តាមពិត ម៉ូតូ១គ្រឿងនោះ ជាកម្មសិទ្ធិរបស់ឪពុកខ្លួន ឈ្មោះអុល សំអាត អាយុ៤៦ឆ្នាំ រស់នៅភូមិអន្លង់ជ្រៃ ឃុំផ្តៅជុំ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ហើយកាតគ្រីម៉ូតូ គឺទុកនៅក្រោមកែប ទៀតផង។ បន្ទាប់មក នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៦ ខ្លួនបានដាក់ពាក្យបណ្តឹង ឱ្យសមត្ថកិច្ចជួយអន្តរាគមន៍តែម្តង។

ជុំវិញករណីនេះ ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានបញ្ជាក់នៅយប់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ ថា បន្ទាប់ពីទទួលបានពាក្យបណ្តឹងពីជនរងគ្រោះ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានបញ្ជាកម្លាំងជំនាញពាក់ព័ន្ធ ចុះស្រាវជ្រាវនិងឈានដល់ការឃាត់ខ្លួនជនសង្ស័យឈ្មោះ ឈន សុធីន កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៦ យកមកធ្វើការសាកសួរ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យខាងលើ បានឆ្លើយសារភាពថា ខ្លួនពិតជាបានខ្ចីម៉ូតូជនរងគ្រោះ ហើយយកទៅលក់ឱ្យបុគ្គលមិនស្គាល់អត្តសញ្ញាណ ដោយមានឯកសារ (កាតគ្រីម៉ូតូ) ដែលទុកនៅក្រោមកែប និងបានលក់ក្នុងតម្លៃ ១២៨០ដុល្លារ។

សមត្ថកិច្ច បានបញ្ជាក់ថា ចំពោះម៉ូតូខាងលើ តាមការស្រាវជ្រាវបឋម ឃើញថា បុគ្គលម្នាក់ឈ្មោះស៊ន់ ធា អាយុ៥០ឆ្នាំ មុខរបរទិញ-លក់ម៉ូតូ បានទិញម៉ូតូនោះ និងដោយពិនិត្យឃើញមានឯកសារគ្រប់គ្រាន់ បន្ទាប់មក ក៏បានលក់បន្តទៅឱ្យអ្នកផ្សេងទៀត។

បច្ចុប្បន្ន សមត្ថកិច្ចកំពុងបន្តស្រាវជ្រាវដើម្បីស្វែងរកម៉ូតូ។ ចំណែកជនសង្ស័យ ត្រូវបានឃាត់ខ្លួននៅអធិការ ដ្ឋាននគរបាលក្រុងតាខ្មៅ កំពុងកសាងសំណុំរឿង បញ្ជូនទៅតុលាការ ចាត់ការតាមនីតិវិធី៕

RELATED ARTICLES