Tuesday, May 5, 2026
Homeតារាខ្មែរJayX កម្មកររោងចក្រ ក្លាយជាម្ចាស់ពានរ៉េប

JayX កម្មកររោងចក្រ ក្លាយជាម្ចាស់ពានរ៉េប

ភ្នំពេញ ៖ JayX មកពីខេត្តព្រៃវែង បានលើកពាន The Next Level ៖ Rapstar កាលពីរាត្រីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៦ ដោយយកឈ្នះបេក្ខភាព ២រូបផ្សេងទៀត នៅវគ្គផ្ដាច់ព្រ័ត្រ (Final) គឺ Chris Diva និង SlideO ។ តាមប្រភពថា JayX ទទួលបានរង្វាន់ ទឹកប្រាក់ ចំនួន៤០លានរៀល (ប្រមាណ ១០០០០ដុល្លារ)។

 គួរបញ្ជាក់ថា លោក JayX មានឈ្មោះពិតថា ខុម យ៉ុងជេ ត្រូវបានគេចាប់អារម្មណ៍នៅពេលដែលច្រៀងបទ «ស្រែ», «Cold Start» និងបទច្រៀងឆ្លងឆ្លើយជាមួយអ្នកនាង ខាត់ សុឃីម «បង្ខំ» ជាដើម ។ លោកយ៉ុងជេ បានអះអាងថា លោកមានប្រវត្តិកម្សត់ លោកនិងក្រុមគ្រួសារ សុទ្ធតែជាអ្នកធ្វើការនៅរោងចក្រ និងធ្វើស្រែ ជាមួយយាយតា ផងដែរ។ លោកថាពេលធ្វើរោងចក្រនោះ ខ្លួនក៏ឆ្លៀតច្រៀងរ៉េប ទៀតផង តែត្រូវគេមើលងាយមើលស្រាល និងចំអកថា ធ្វើការត្រឹមរោងចក្រ ចង់រ៉េប អីឯណា …សមតែជាអ្នកធ្វើការលើភ្នំរាម (រើសអេត ចាយ) បានត្រូវ ។ ប៉ុន្ដែលោកហ៊ានបំពេញក្ដីស្រមៃ ឲ្យខ្លួនឯង មិនរាថយទេ រហូតតស៊ូរៀនសូត្រនៅវត្ត ហើយពេលចេញធ្វើការនៅក្រុមហ៊ុនមួយ ធ្លាប់ត្រូវមេទះកំផ្លៀង ពេលធ្វើការ ព្រោះតែការយល់ច្រឡំទៀតផង ។

 មានការកត់សម្គាល់ នៅវគ្គមួយ ដែល JayX ច្រៀងបទ «ស្រែ» នោះ ដោយសារតែសម្លៀកបំពាក់របស់គេ មិនមានអ្វីលើសពីមួយកំប្លេនោះ តារាចម្រៀង ម៉ាន់ វណ្ណដា ដែលជាគណៈកម្មការ បានប្រកាសជួយដល់រូបគេ ផ្នែកផ្គត់ផ្គង់សម្លៀកបំពាក់ឡើងឆាក ។ មិនត្រឹមតែប៉ុណ្ណោះ JayX ច្រៀងបទ «ស្រែ» នោះហើយ ដែលធ្វើឲ្យមានការចាប់អារម្មណ៍ពីលោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងទស្សនិក ជនជាច្រើន ដោយយល់ថា បទនោះ លើកស្ទួយវិស័យស្រូវអង្ករ នៅកម្ពុជា ហើយយ៉ុងជេ ច្រៀងរ៉េប ឲ្យគ្រប់គ្នាមើលឃើញថា តាមពិត ចង្វាក់រ៉េប មិនចាំបាច់តែច្រៀងមានពាក្យអសុរោះ ឬជេរដៀមដាម Diss Track ឲ្យអ្នកណាទេ ច្រៀងធម្មតាៗ ក៏បានដែរ ។

 លោក ខុម យ៉ុងជេ និយាយថា ទោះជាលោកមិនចេះភាសាអង់គ្លេស ក៏អាចច្រៀងរ៉េប  បានដែរ។ លោកថា ពាក្យពេចន៍ខ្មែរ ល្អៗច្រើនណាស់ ដែលអាចច្រៀងជាចង្វាក់រ៉េប បាន។

តាមប្រភពថា JayX ក្រោយឈ្នះពាន នឹងក្លាយជាតារាចម្រៀងរបស់ផលិតកម្មបារមី ហើយអំឡុងជាប់កុងត្រានេះ រូបគេធ្វើការក្រោមថ្នាក់ដឹកនាំផលិតកម្មនេះទាំងស្រុង ។ ប៉ុន្ដែគេនៅមិនទាន់ដឹងថា JayX ដែលធ្វើឲ្យគេចាប់អារម្មណ៍ តាមរយៈទទួលបានការពេញចិត្តពី វណ្ណដា នោះនឹងមានឱកាសចាប់ដៃច្រៀងឆ្លងឆ្លើយជាមួយតារារ៉េប ល្បីឈ្មោះរូបនេះ នៅពេលណាឡើយ ។

មហាជនកត់សម្គាល់ថា ពេលនេះ វិស័យ Hip Hop ចង្វាក់រ៉េប នៅកម្ពុជា កាន់តែផុសផុលឡើងៗ ព្រោះកាល ពីឆ្នាំ២០២៥ មានស្ថានីយទូរទស្សន៍ ដល់ទៅ៣ រៀបចំការប្រលងចម្រៀងរ៉េប ដំណាលគ្នា និងរកឃើញជ័យ លាភី រៀងៗខ្លួន ក្នុងនោះ លោកជេនហ្ស៉ី (GenZy )ឈ្នះពាន Rapper Fighter រដូវកាលទី២ របស់ PNN កាលពីថ្ងៃទី១៧ ខែកម្ភៈ ឆ្នាំ២០២៦ ខណៈដែលលោក សុខ ពេជ្រចាន់ភារៈ ហៅ AK-K លើកពាន Cambo Rapper រដូវកាលទី១ នៅCTN កាលពីថ្ងៃទីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៦ ។

 ជុំវិញតារារ៉េប នៅកម្ពុជា រីកដូចផ្សិតនេះ លោក ឯល ប៊ុនណា ជាកវីនិងតន្រ្ដីករជំនាន់លោកស៊ីន ស៊ីសាមុត ដែលធ្លាប់និពន្ធបទភ្លេង ទំនុកច្រៀង និងសម្រួលតន្ត្រី ជូនលោកស៊ីសាមុត ធ្លាប់បានប្រាប់ «នគរធំ» ថាស្ថានីយទូរទស្សន៍ និងផលិតកម្មដែលរៀបចំប្រលងចម្រៀងរ៉េប ទាំងនោះ មិនបានឆ្លងកាត់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈទេ គឺគេរៀបចំខ្លួនឯង ទទួលខុសត្រូវដោយខ្លួនឯង។ លោកប៊ុនណា សំណូមពរថា សូមឲ្យខាងទូរទស្សន៍ និងផលិតកម្មទាំងនោះ ពិចារណាឡើងវិញ ព្រោះចង្វាក់រ៉េប មិនមែនជារបស់ខ្មែរទេ  ហេតុនេះកុំចាំឲ្យរបស់យើងមានស្រាប់ បាត់បង់ ទើបស្ដាយក្រោយ។ លោកបន្ថែមថា បើវិស័យរ៉េប នេះ កាន់តែរីកនៅកម្ពុជា ថែមទៀត អាចធ្វើឲ្យសាបអត្តសញ្ញាណជាតិខ្មែរ ។          

ប្រភពថា គិតត្រឹមឆ្នាំ២០២៦ នេះតារារ៉េប លំដាប់ជូរមុខរបស់កម្ពុជា នៅតែជាលោកវណ្ណដា និងងួន ចាន់ដេវីត ប៉ុន្ដែយូរៗម្ដង គេឃើញតារាចម្រៀងឧកញ៉ា លោកព្រាប សុវត្ថិ និងខេមរៈ សិរីមន្ដ ចេញបទរ៉េប ដែរ ដែលបញ្ជាក់ថា តារាទាំងពីរ ក៏អាចច្រៀងចង្វាក់នេះបានដែរ ៕

RELATED ARTICLES