ភ្នំពេញ ៖ មន្រ្តីនៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា ការដែលមន្ត្រីជំនាញ ដែលចុះពិនិត្យ ធ្វើកោសល្យវិច័យទុរេន ដែលមានការរាយការណ៍ថា ជាផលិតផលនាំចូលពីថៃ តែអ្នកជំនាញអះអាងថា ជាទុរេនខ្មែរ ប៉ុន្តែអ្នកលក់ទុរេន សារភាពថា បានលួចនាំចូលទុរេន ពីថៃ មកលក់នៅក្នុងប្រទេសកម្ពុជា ខណៈពេលដែលកម្ពុជា បន្តពហិការទំនិញថៃ នោះបង្ហាញថា សង្គមយើង កំពុងស្ថិតក្នុង «វិបត្តិនៃទំនុកចិត្ត» យ៉ាងធ្ងន់បំផុត ហើយវិបត្តិនេះ មិនមែនកើតឡើងដោយចៃដន្យនោះទេ ការភូតភរ ការបោកប្រាស់ និងការក្បត់សីលធម៌ ហាក់បានក្លាយជាវប្បធម៌ទូទៅក្នុងសង្គមទៅហើយ។ ចំណែកមន្ត្រីជាន់ខ្ពស់ នៃរាជរដ្ឋាភិបាលកម្ពុជា បានលើកឡើងថា អ្នក ណាដែលនៅបន្តលួចនាំចូលផលិតផលសៀម និងលួចទិញផលសៀម ប្រើប្រាស់ មានឈ្មោះជាជនក្បត់ជាតិ ក្បត់ទឹកដីហើយ ។

គួរបញ្ជាក់ថា នៅវេលាម៉ោង ៨និង១០នាទី យប់ ថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៦ កម្លាំងមន្ត្រីជំនាញនៃការិយាល័យ ក.ប.ប. បានចុះប្រតិបត្តិការត្រួតពិនិត្យផ្លែទុរេន នៅផ្សារភូពុយ ទាំងយប់ ដើម្បីស្វែងរកប្រភពនាំចូល និងធានាសុវត្ថិភាពអាហារ សម្រាប់អ្នកទទួលទាន បន្ទាប់ពីលេចឮតាមបណ្តាញសង្គម ហ្វេសប៊ុក ថាមានអាជីវករខ្មែរ នាំចូលទុរេន ពីប្រទេសថៃ មកលក់ ។ ប្រតិបត្តិការនេះ ធ្វើឡើង ដោយមានការសហការជាមួយម្ចាស់ផ្សារ ដែ លជាកូនរបស់លោកឧកញ៉ា ភូ ពុយ និងជាប្រធានសភាពាណិជ្ជកម្មខេត្តបាត់ដំបង ។ ការត្រួតពិនិត្យ គឺផ្តោតលើទុរេន ជាច្រើនសន្ធឹកសន្ធាប់ ដែលអាជីវករ នាំយកមកលក់ នៅផ្សារភូពុយ ស្ថិតក្នុងសង្កាត់អូរចារ ក្រុង បាត់ដំបង ខេត្តបាត់ដំបង។
តាមការសង្កេតផ្ទាល់ ក្រុមការងារជំនាញ បានប្រទះឃើញផ្លែទុរេន រៀបជាគំនរ ជាច្រើន ប្រមាណជាង ១០ គំនរ ដែលត្រូវបានត្រៀមសម្រាប់ដាក់លក់ក្នុងផ្សារ។ តាមប្រភពថា ផ្លែទុរេន ទាំងនេះ អាចនាំចូលពីប្រទេសថៃ ដោយមានការដឹកជញ្ជូនឆ្លងព្រំដែន តាមរយៈកម្មករលីសែង។ យ៉ាងណា ក្នុងការចុះពិនិត្យនោះ មន្រ្តីជំនាញ អះអាងថា មិនមានករណីនាំ ទុរេន ពីប្រទេសថៃ ចូលមកលក់នោះឡើយ ដោយទុរេន ទាំងនោះ នាំមកពីខេត្តកំពង់ចាម ។

នៅថ្ងៃអាទិត្យ ២រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៦ ក្រោយការចុះត្រួតពិនិត្យ អគ្គយកដ្ឋានការពារអ្នកប្រើប្រាស់ ការប្រកួតប្រជង និងបង្ក្រាបការក្លែងបន្លំ សាខា ក.ប.ប. ខេត្តបាត់ដំបង បានចេញសេចក្ដីបំភ្លឺព័ត៌មាន ជម្រាបជូនសាធារណជនថា «ថ្មីៗនេះ មានការបង្ហោះក្នុងបណ្តាញទំនាក់ទំនងសង្គម (Facebook, Telegram) ដែលបានលើកឡើងថា មានការនាំចូលទុរេន ពីប្រទេសថៃ ចូលមកលក់នៅផ្សារភូពុយ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ ក្រោយពីបានទទួលព័ត៌មាននេះ សាខា ក.ប.ប. សហការជាមួយមន្ទីរពាណិជ្ជកម្មខេត្តបាត់ដំបង ចុះត្រួតពិនិត្យជាក់ស្ដែង នាវេលាម៉ោង ២០និង៣០នាទី ថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៦ និងព្រឹកថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង ៨ព្រឹក នៅទីតាំងអាជីវករលក់ទុរេន ចំនួន ៨ទីតាំង បានសាកសួរពីប្រភពទុរេន ដែលនាំចូលមកលក់នៅផ្សារភូពុយ គឺមានប្រភពមកពីបែកអន្លូង ស្ទឹងត្រង់ មេមត់ ខេត្តកំពង់ចាម ផ្សារនាគមាស ផ្សារដើមគថ្មី រាជធានីភ្នំពេញ និងបានបញ្ជាទិញទុរេន តាមរយៈទូរស័ព្ទ ប្រព័ន្ធទំនាក់ទំនងសង្គម (Facebook, Telegram) ដោយពុំមានវិក្កយបត្រទិញ-លក់ ហើយក៏អត់មានទិញពីឈ្មួញ ឬអ្នកនាំចូលទុរេន ពីថៃ នោះទេ។ មន្ត្រីយើង បានឈ្លេចសួរ ដោយថែមទាំងជំរុញសតិអារម្មណ៍ ស្មារតីស្រលាញ់ជាតិទៀតផង។ មន្ត្រីជំនាញសាខា ក.ប.ប. ខេត្តបាត់ដំបង បានធ្វើការណែនាំដល់អាជីវករ រាល់ការទិញ-លក់ ត្រូវមានវិក្កយបត្រត្រឹមត្រូវ និងប្រភពច្បាស់លាស់ ព្រមទាំងបានយកសំណាកគំរូ បញ្ជូនទៅមន្ទីរ ពិសោធន៍ នៃអគ្គនាយកដា្ឋន ក.ប.ប. ដើម្បីវិភាគរកសារធាតុគីមីហាមឃាត់។ អាស្រ័យហេតុនេះ សូមសា ធារណជន និងអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម មេត្តាជ្រាបជាព័ត៌មាន» ។
ជាមួយគ្នានេះ នៅថ្ងៃដដែលនោះ ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តបាត់ ដំបង ក៏បានចេញសេចក្តីបំភ្លឺព័ត៌មាន ជុំវិញករណីនេះ ផងដែរ ដោយបានជម្រាបជូនសាធារណជនថា នៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៦ មានការផ្សព្វផ្សាយក្នុងបណ្តាញសង្គម មានទាំងរូបភាពនិងសំឡេងផង ដោយភ្ជាប់នូវរូបភាពនៃគណនីហ្វេសប៊ុក ឈ្មោះ “អា ឡែន” ដែលអ្នកប្រើប្រាស់បណ្តាញសង្គម ថាជាអ្នកនាំផ្លែទុរេន យកមកលក់ ។ ដើម្បីមានមូលដ្ឋានបញ្ជាក់ក្នុងករណីខាងលើនេះ ស្របតាមបទបញ្ជារបស់លោក សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបាត់ដំបង លោកឧត្តម សេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានដាក់បញ្ជាដល់គ្រប់អធិការដ្ឋាននគរបាលក្រុង ស្រុក ធ្វើការស្រាវជ្រាវរកម្ចាស់គណនី ឈ្មោះ “អា ឡែន” ដើម្បីសាកសួរព័ត៌មាន ឬប្រភពផ្សេង មកបញ្ជាក់ចំពោះករណីខាងលើ។

ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ មហាជនទូទៅ ជួយផ្តល់ព័ត៌មានមកសមត្ថកិច្ចនគរបាល ករណីបានស្គាល់អត្តសញ្ញាណម្ចាស់គណនីខាងលើ ឬម្ចាស់គណនីឈ្មោះ “អា ឡែន” ផ្ទាល់ធ្វើការទំនាក់ទំនងមកសមត្ថកិច្ចនគរបាល ដើម្បីធ្វើការបំភ្លឺ ចំពោះបញ្ហាដែលអ្នកប្រើប្រាស់បណ្តាញសង្គម បានផ្សព្វផ្សាយ ។
ទោះបីមានការបំភ្លឺពីខាង ក.ប.ប និងពីខាងសមត្ថកិច្ចខេត្តបាត់ដំបង ដូចខាងលើនេះហើយក៏ដោយ ក៏មជ្ឈដ្ឋានតាមដាន នៅមានមន្ទិលសង្ស័យចំពោះករណីនេះ និងជំរុញឲ្យស្ថាប័នពាក់ព័ន្ធ បកស្រាយស្រាយឲ្យបានច្បាស់ ទាក់ទងនឹងការនាំចូលទុរេនពីថៃ នោះ ជាពិសេសចង់ស្តាប់សម្តីបំភ្លឺរបស់ស្ត្រីជាអាជីវករទិញ-លក់ទុរេន ដែលជាម្ចាស់គណនីហ្វេសប៊ុក ឈ្មោះ “អា ឡែន” ដែលថា នឹងចូលខ្លួនទៅបំភ្លឺជូនសមត្ថកិច្ចនោះ ។
ជាមួយគ្នានេះ សម្រាប់មន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាល និងមន្រ្តីជំនាញនៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា ករណីនេះ បើមិនឲ្យរកឃើញច្បាស់ និងទប់ស្កាត់ឲ្យមានប្រសិទ្ធភាព ប្រកបដោយសតិសម្បជញ្ញៈទទួល ខុសត្រូវខ្ពស់ទេ នឹងក្លាយជារឿងក្បត់ជាតិ ដោយប្រយោល ហើយវាក៏នឹងក្លាយជាវិបត្តិទំនុកចិត្តមួយ ដែលអាចជះឥទ្ធិពលដល់សង្គមកម្ពុជា ។
លោក ជុំ កុសល រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាទីប្រឹក្សាផ្ទាល់សម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងនៅក្នុងគណនីបណ្ដាញសង្គម ហ្វេសប៊ុក របស់លោក នៅថ្ងៃទី៤ ខែ ឧសភា ឆ្នាំ២០២៦ ថា «បើអ្នកនៅបន្តលួចលាក់នាំចូលផលិតផលសៀម អ្នកគឺជាជនក្បត់ជាតិ ក្បត់ទឹកដីហើយ» ។

បន្ថែមលើសំណេរតាមបណ្ដាញសង្គម ខាងលើនេះ លោកជុំ កុសល បានបញ្ជាក់ប្រាប់ “នគរធំ” នៅរសៀលថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៦ ថា មិនចាំបាច់ដល់ទៅកាត់ទឹកដី ឲ្យបរទេសទេ គឺតាមរយៈលួចនាំផលិតសត្រូវបរ ទេស ដែលបានឈ្លានប្រទេសរបស់ខ្លួននេះ មានឈ្មោះថា ជាអ្នកក្បត់ជាតិ ក្បត់ទឹកដីហើយ ។
លោក ជុំ កុសល បានមានប្រសាសន៍ថា “បាទ! ខ្ញុំចំណុចនេះ ខ្ញុំសុំនិយាយជារួមតែម្ដងទៅ យើងដឹងទាំង អស់គ្នាហើយថា ជាតិយើង ជាមួយនឹងថៃ ហ្នឹងវាយ៉ាងម៉េចខ្លះ? ហើយរាជរដ្ឋាភិបាល ក៏ដូចជាសម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី ជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា លោកក៏បានលើកឡើងជាសា ធារណៈតែម្ដង បញ្ហាការនាំចូលទំនិញរបស់ថៃ ប៉ុន្តែនៅក្នុងហ្នឹង វាមានទំនិញមួយចំនួន ដែលវាជាទំនិញយុទ្ធសាស្រ្ត ដែលពាក់ព័ន្ធនឹងការហាមជាផ្លូវការ ។ ក៏ប៉ុន្តែក្នុងនាមយើងជាពលរដ្ឋម្នាក់ៗ យើងត្រូវមានសម្បជញ្ញៈភ្ញាក់រលឹកដោយខ្លួនឯងថា យើងនេះ បើសិនជាយើងនៅតែបន្តលួចលាក់នាំចូលទំនិញរបស់ថៃ យកមកលក់ចរាចរនៅក្នុងប្រទេសជាតិ ហើយអ្នកប្រើប្រាស់ នៅតែបន្តលួចលាក់ទិញទៅប្រើប្រាស់ អាហ្នឹងវាស្មើនឹងអំពើ ក្បត់ជាតិ ក្បត់ទឹកដីខ្លួនឯងហើយ ។ ខ្ញុំហ៊ាននិយាយអ៊ីចឹង ពីព្រោះការរំលោភឈ្លានពានរបស់ថៃ មកលើយើង គឺវាជាការរំលោភទឹកចិត្តតែម្ដង គេមាក់ងាយសព្វបែបយ៉ាងអ៊ីចឹង ។ ចំណុចមួយទៀត ខ្ញុំក៏សុំអំពាវនាវឲ្យសម ត្ថកិច្ចដែលពាក់ព័ន្ធ ដែលមានតួនាទីក្នុងអនុវត្តច្បាប់ ទៅលើបញ្ហាការទប់ស្កាត់ទំនិញអស់ទាំងហ្នឹង គួរតែអនុវត្តឲ្យបានម៉ឺងម៉ាត់បំផុតទៅ ។ ទី១ យកតួនាទីទៅអនុវត្តឲ្យមានប្រសិទ្ធភាព ទី២ យកសម្បជញ្ញៈខ្លួនឯងជាក្មេងដែលរងគ្រោះដោយសារថៃ នេះ ផ្សារភ្ជាប់អ៊ីចឹង ដើម្បីឲ្យវាមានការឈឺចាប់ផង កុំអាបណ្ដែតបណ្ដោយលើក្រោម ហើយនាំចូលមកហើយ ហើយមកលេចធ្លោនៅកណ្ដាលរាជធានី នៅកណ្ដាលទីប្រជុំជនអីហ្នឹង អាហ្នឹងទៅបន្ទោសអ្នកណា? រឿងឈ្លួញកណ្ដាល ដែលគេមិនគិតពីប្រយោជន៍ជាតិ គេគិតពីប្រយោជន៍ផ្ទាល់ខ្លួន អាហ្នឹងវាជារឿងមួយហើយ ក៏ប៉ុន្តែសមត្ថកិច្ចដែលតួនាទីហ្នឹង ត្រូវធ្វើម៉េច? អាហ្នឹងខ្ញុំមានប៉ុណ្ណឹង“ ។

លោក ជុំ កុសល បានមានប្រសាសន៍បន្តថា “ចំពោះសមត្ថកិច្ចដែលទទួលខុសត្រូវនោះ អាហ្នឹងពាក់ព័ន្ធនឹងសមត្ថកិច្ចពាក់ព័ន្ធ ខ្ញុំមិនចាំបាច់រ៉ាយរ៉ាប់ទេ វាមានស្ថាប័នគយហ្នឹងហើយ ដែលសំខាន់នោះ ហើយក្រៅពីនោះ អ្នកដែលមានសមត្ថកិច្ចក្នុងការត្រួតពិនិត្យគុណភាព ដើម្បីសុខភាពអីហ្នឹង គឺសុទ្ធតែមន្រ្តីពាក់ព័ន្ធហ្នឹងហើយ ។ សរុបមកវិញ ក្បត់ជាតិ ក្បត់ទឹកដី ចំណុចហ្នឹង ខ្ញុំចង់បញ្ជាក់អ៊ីចឹង ពីព្រោះធម្មតា កាលណាគេឈ្លានពានទឹកដីយើង គេរំលោភបំពានទាំងកំរោល គេមើលងាយយើងគ្រប់បែបយ៉ាងប៉ុណ្ណេះហើយ គេរើសអើង គេធ្វើសព្វបែបយ៉ាងមកលើយើង ឯយើងដែលជាជនរងគ្រោះ បែរទៅជាមិនមានការឈឺចាប់ យើងនៅតែបន្តគាំទ្រគេ អាហ្នឹងវាស្មើនឹងក្បត់ហើយ មិនចាំបាច់ទៅដល់សកម្មភាពកាត់ទឹក កាត់ដីទេ ឬគ្រាន់តែចូលរួមចេញមុខជាមួយភាគីខាងសត្រូវទេ សូម្បីតែយើងទៅគាំទ្រដោយប្រយោល ដោយមានភ័ស្តុតាងច្បាស់លាស់ អាហ្នឹងវាស្មើនឹងក្បត់ជាតិហើយ ។ ដូច្នេះអាហ្នឹងដូចខ្ញុំនិយាយមុនអ៊ីចឹង កុំឲ្យមានឈ្មោះក្បត់ជាតិ ក្បត់ទឹកដី គឺត្រូវមានសម្បជញ្ញៈភ្ញាក់រលឹកដោយខ្លួនឯង ហើយចេញពីរដ្ឋដែលរងគ្រោះដោយការរំលោភឈ្លានពាន បូករួមទាំងប្រជាពលរដ្ឋ ទាំងសមត្ថកិច្ច អាជ្ញាដែលមានសមត្ថកិច្ចហ្នឹង ដែលយកតួនាទីខ្លួនឯង ទៅប្រើឲ្យមានប្រសិទ្ធភាព ហើយនិងមានសម្បជញ្ញៈខ្លួនឯងជាខ្មែរ ដែលរងគ្រោះដោយសារការឈ្លានពាន អាហ្នឹងបានវាទៅស្របគ្នា“ ។
ចំណែកលោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា ការដែលអ្នកលក់ខ្មែរ សារភាពថា បានលួចនាំទុរេន ពីថៃ នេះ បង្ហាញថា សង្គមយើង កំពុងស្ថិតក្នុង «វិបត្តិនៃទំនុកចិត្ត» យ៉ាងធ្ងន់ធ្ងរបំផុត គឺមនុស្សក្នុងសង្គមនេះ លែងជឿជាក់លើគ្នាទៅវិញទៅមកហើយ។ លោកបន្តថា វិបត្តិនេះ មិនមែនកើតឡើងដោយចៃដន្យនោះទេ ការភូតភរ ការបោកប្រាស់ និងការក្បត់សីលធម៌ ហាក់បានក្លាយជាវប្បធម៌ទូទៅក្នុងសង្គមទៅហើយ។ ឱ្យតែបានផលប្រយោជន៍ផ្ទាល់ខ្លួន ជនទុច្ចរិតហ៊ានធ្វើគ្រប់បែបយ៉ាងដោយគ្មានសេចក្ដីអៀនខ្មាសបន្តិចណាឡើយ ។ ដូច្នេះលោកសូមស្នើថា ក្នុងនាមយើងជាខ្មែរ ទាំងអស់គ្នា ទាំងរាស្ត្រ ទាំងឈ្មួញ ទាំងមន្ត្រី និងទាំងអ្នកនយោបាយ សូមឈប់កុហក ឈប់ភូតភរ និងឈប់បោកប្រាស់ខ្មែរគ្នាឯងទៀតទៅ ឈប់សម្ដែងទៀតទៅ ហើយចាប់ផ្ដើមរួមគ្នាកសាងទំនុកចិត្តគ្នាឡើងវិញ ដើម្បីភាពរឹងមាំនិងសេចក្ដីថ្លៃថ្នូរនៃសង្គមជាតិយើង ។

លោកបណ្ឌិត គិន ភា បានបញ្ជាក់តាមរយៈគណនី និងទំព័របណ្ដាញសង្គម ហ្វេសប៊ុក របស់លោក នៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៦ ថា “នៅពេលមានព័ត៌មានពីការលួចនាំចូលទុរេនថៃ ក្រុមមន្ត្រី ក៏ចុះទៅពិនិត្យទាំងយប់ តែមិនមិនបានធ្វើការទាំងយប់នោះទេ។ លុះព្រឹកឡើង ការពិនិត្យ បានចាប់ផ្ដើម ឈ្មួញអះអាងថា «ទុរេនខ្មែរ» តែរាស្ត្រថា «ទុរេនថៃ» រីឯមន្ត្រីថា «ទុរេន ទិញមកពីផ្សារនាគមាស និងកំពង់ចាម»។ មានបងប្អូនខ្លះ លើក ឡើងដោយក្តីមន្ទិលសង្ស័យយ៉ាងខ្លាំងថា បើពិតជាទុរេនខ្មែរ មែន គាត់សុខចិត្តកាត់ដៃគាត់ចោល មួយចំហៀង រឿងនេះពិតជាធ្ងន់ធ្ងរណាស់ ហើយក៏វាបញ្ជាក់ថា សង្គមយើង កំពុងស្ថិតក្នុង «វិបត្តិនៃទំនុកចិត្ត» យ៉ាងធ្ងន់ធ្ងរបំផុត។ មនុស្សក្នុងសង្គមនេះ លែងជឿជាក់លើគ្នាទៅវិញទៅមកហើយ។ វិបត្តិនេះ មិនមែនកើតឡើងដោយចៃដន្យនោះទេ។ ការភូតភរ ការបោកប្រាស់ និងការក្បត់សីលធម៌ ហាក់បានក្លាយជាវប្បធម៌ទូទៅក្នុងសង្គមទៅហើយ។ ឱ្យតែបានផលប្រយោជន៍ផ្ទាល់ខ្លួន ជនទុច្ចរិតហ៊ានធ្វើគ្រប់បែបយ៉ាង ដោយគ្មានសេចក្ដីអៀនខ្មាសបន្តិចណាឡើយ»។
លោកបណ្ឌិត គិន ភា បន្តថា “នៅពេលដែលរាស្ត្រនៅតែសង្ស័យថា ឈ្មួញប្រើល្បិចបោកប្រាស់ មន្ត្រីភូតកុ ហក ថ្ពឹនភ្នែក និងគប់គិតជាមួយឈ្មួញ ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន ហើយអ្នកនយោបាយមានចរិតក្រឡេចក្រឡុច និយាយឱ្យតែពីរោះស្ដាប់ វានឹងធ្វើឱ្យរាស្ត្រលែងទុកចិត្តមន្ត្រី មន្ត្រីលែងខ្វល់ពីគុណធម៌ ហើយឈ្មួញលែងស្គាល់បុណ្យបាប រីឯអ្នកនយោបាយ ខ្វល់តែសន្លឹកឆ្នោត និងលាភសក្ការៈ។ ជាលទ្ធផល ទោះបីជាអ្នក នយោបាយ មន្ត្រី ឬឈ្មួញ និយាយការពិត ក៏គ្មាននរណាជឿដែរ។ ក្នុងសង្គមដែលសីលធម៌ គុណធម៌ និងសច្ចធម៌ ត្រូវបានគេបោះបង់ចោល មនុស្សនឹងរស់នៅដោយមន្ទិលសង្ស័យលើគ្នាជានិច្ច។ រាល់សកម្មភាពដែលមន្ត្រីឬអ្នកនយោបាយ បង្ហាញដល់រាស្ត្រ នឹងត្រូវគេចាត់ទុកថាជាការសម្ដែងទាំងអស់ គ្មានឡើយនូវភាពបរិសុទ្ធដែលចេញពីបេះដូងពិតប្រាកដ” ។

លោកបណ្ឌិត គិន ភា បន្តទៀតថា “គ្រាន់តែរឿង «ទុរេន» ប៉ុណ្ណឹង យើងមិនអាចស្វែងរកសច្ចភាព ដើម្បីកសាងទំនុកចិត្តគ្នាបានផង តើយើងអាចរំពឹងឱ្យសង្គមនេះ វេញត្របាញ់ចូលគ្នាជាធ្លុងមួយ ដើម្បីទប់ទល់នឹងសត្រូវឈ្លានពាន ដោយរបៀបណាទៅ? ក្នុងនាមយើងជាខ្មែរ ទាំងអស់គ្នា ទាំងរាស្ត្រ ទាំងឈ្មួញ ទាំងមន្ត្រី និងទាំងអ្នកនយោបាយ សូមឈប់កុហក ឈប់ភូតភរ និងឈប់បោកប្រាស់ខ្មែរគ្នាឯងទៀតទៅ ឈប់សម្ដែងទៀតទៅ ហើយចាប់ផ្ដើមរួមគ្នាកសាងទំនុកចិត្តគ្នាឡើងវិញ ដើម្បីភាពរឹងមាំ និងសេចក្ដីថ្លៃថ្នូរនៃសង្គមជាតិយើង“ ។
លោក ភូ លីវុឌ្ឍ អតីតបេក្ខភាពឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំប្រទេសថៃ បានលើកឡើងថា ដើម្បីឲ្យដឹងច្បាស់ថា តើនេះជាវិបត្តិទុរេន ឬវិបត្តិសមត្ថភាពស៊ើបអង្កេត? ត្រូវសួរចៅហ្វាយខេត្ត ទៅ នឹងដឹងហើយ ។
លោក ម៉ាដូណា តារាភេទទី៣ បានបង្ហាញអារម្មណ៍ខឹងសម្បាយ៉ាងខ្លាំង ជុំវិញជនជាតិខ្មែរ បន្តលួចនាំចូល ទុរេន និងទំនិញចោរសៀមឈ្លានពាននេះ ដោយលោកបានលើកឡើងតាមបណ្ដាញសង្គមថា «សូមដាក់បណ្តាសា ដល់នរណាដែលនាំទុរេន ចូល មានសារធាតុបង្កមហារីក ដល់ខ្មែរ សូមឲ្យជួបសេចក្តីវិនាស ដូចស្រមោលអន្ទោលតាមប្រាណ ធ្លាក់ខ្លួនឈឺធ្ងន់ ពិសេសអ្នកដែលស៊ីលុយលួចបើកច្រកតាមព្រំដែន មិនថា ថៃ ឡាវ វៀតណាម» ។
ដោយឡែក សមាគមទុរេនកម្ពុជា នៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៦ បានស្នើទៅកាន់មន្ត្រី នៅតាមបន្ទាត់ព្រំដែន រឹតបន្ដឹងការនាំចូលទុរេន ដែលគ្មានគុណភាព នាំឱ្យប៉ះពាល់ដល់សុខភាព និងសេចក្ដីទុកចិត្តរបស់អ្នកបរិភោគ ។

លោក រឿន រតនា លេខាប្រតិបត្តិសមាគមទុរេនកម្ពុជា បានបញ្ជាក់ថា ថ្មីៗនេះ នៅលើបណ្ដាញសង្គម ផ្ទុះការចាប់អារម្មណ៍លើសារសំឡេងរបស់ស្ត្រីជាអ្នកលក់ទុរេន មួយរូប នៅខេត្តបាត់ដំបង ចំពោះការលួចនាំចូលទុរេន ដោយខុសច្បាប់ ពីប្រទេសថៃ មកកាន់ប្រទេសកម្ពុជា ស្របពេលដែលទំនិញនេះ ស្ថិតនៅក្រោមការហាមឃាត់របស់អគ្គនាយកដ្ឋានគយ។ មើលឃើញពីកង្វះខាតការត្រួតពិនិត្យនិងរឹតបន្ដឹងលើការនាំចូល ជាពិសេសនៅតាមបន្ទាត់ព្រំដែនថៃ នេះ លោកសូមស្នើឱ្យមានការតាមដានដោយយកចិត្តទុកដាក់ ដ្បិតថា កន្លងទៅ ទុរេនរបស់ថៃ ត្រូវបានប្រទេសចិន រកឃើញសារធាតុគីមីលើសកម្រិត និងផ្អាកនាំចូលទុរេន ពីថៃ ផងដែរ ។ ជាពិសេស លោកថា សមាគម ក៏បានតាមដានលើការអនុវត្តបច្ចេកទេសរបស់កសិករខ្មែរ ជាពិសេសនៅឃុំអារក្សត្នោត ស្រុកស្ទឹងត្រង់ ខេត្តកំណង់ចាម ដើម្បីឱ្យស្របទៅតាមគោលការណ៍កសិកម្មល្អ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
លោក រឿន រតនា បានបន្តទៀតថា ដោយសារមុនពេលបិទច្រកព្រំដែនកម្ពុជា-ថៃ យើងទទួលស្គាល់ថា លំហូរទុរេន មកពីថៃ ដើម្បីផ្គត់ផ្គង់ក្នុងស្រុក គឺមានច្រើន។ ប៉ុន្តែក្រោយយើងមានបញ្ហាជាមួយគ្នា និងឈានដល់ការបិទច្រកព្រំដែននោះ កត្តានេះ នឹងរុញច្រានឱ្យតម្លៃទុរេន នៅក្នុងប្រទេស មានការកើនឡើង អាចដល់ ៣០ ០០០រៀល ក្នុងមួយគីឡូ ខណៈដែលឆ្នាំទៅ តម្លៃចន្លោះ ២០ ០០០ ទៅ ២៥ ០០០រៀលប៉ុណ្ណោះ ។
ឆ្លើយតបនឹងការស្នើរបស់សមាគមទុរេនកម្ពុជា និងរបស់មជ្ឈដ្ឋានទូទៅ នៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៦ អគ្គ នាយកដ្ឋានការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ បានចេញសេចក្តីជូនដំណឹង ស្តីពីការទប់ស្កាត់សកម្មភាពឆ្លៀតឱកាសនាំចូល ចែកចាយ ផ្គត់ផ្គង់ ផលិតផលទំនិញដែលអាចបង្កគ្រោះថ្នាក់ដល់សុខភាព ឬផលិតផលទំនិញ ជាប់បម្រាមនាំចូល ឬផលិតផលមានប្រភពមិនច្បាស់លាស់ និងដើម្បីធានាបាននូវការធ្វើធុរកិច្ចប្រកបដោយសុចរិត និងការពារបាននូវសុខុមាលភាពសាធារណៈ ។

សេចក្ដីជូនដំណឹង របស់អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ចុះថ្ងៃចន្ទ ៣រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៦ មានខ្លឹមសារទាំង ស្រុងថា “អគ្គនាយកដ្ឋានកិច្ចការពារអ្នកប្រើប្រាស់ និងការប្រកួតប្រជែង «ក.ប.ប.» នៃក្រសួងពាណិជ្ជកម្ម សូមជម្រាបជូនឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី ជាម្ចាស់ក្រុមហ៊ុន/សហគ្រាសសិប្បករ ពាណិជ្ជករ អាជីវករ និងសាធារណជន នៅទូទាំងព្រះរាជាណាចក្រកម្ពុជា មេត្តាជ្រាបថា ៖ ក្នុងគោលបំណងអនុវត្តឱ្យបានម៉ឺងម៉ាត់ និងមានប្រសិទ្ធភាព នូវបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់សកម្មភាពឆ្លៀតឱកាសនាំចូល ចែកចាយ ផ្គត់ផ្គង់ ផលិតផលទំនិញដែលអាចបង្កគ្រោះថ្នាក់ដល់សុខភាព ឬផលិតផលទំនិញជាប់បម្រាមនាំចូល ឬផលិតផលមានប្រភពមិនច្បាស់លាស់ និងដើម្បីធានាបាននូវការធ្វើធុរកិច្ចប្រកបដោយសុចរិត និងការពារបាននូវសុខុមាលភាពសាធារណៈ អគ្គនាយកដ្ឋាន ក.ប.ប. នៃក្រសួងពាណិជ្ជកម្ម សូមធ្វើការណែនាំដូចខាងក្រោម ៖
– ចំពោះពាណិជ្ជករ អាជីវករ ជាអ្នកនាំចូល លក់ និងចែកចាយ ៖ មិនត្រូវនាំចូល លក់ ចែកចាយ ផ្គត់ផ្គង់ នូវផលិតផលទំនិញមានផ្ទុកសារធាតុគីមីហាមឃាត់ ឬកែច្នៃលួចលាយសារធាតុដែលអាចបង្កគ្រោះថ្នាក់ដល់សុខភាព សុវត្ថិភាពអ្នកប្រើប្រាស់ ឬផលិតផលទំនិញជាប់បម្រាមនាំចូល ឬផលិតផលមានប្រភពមិនច្បាស់ លាស់ ឬផលិតផលមិនមានភាពអនុលោម ជាដាច់ខាត និងត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវគោលការណ៍សុវត្ថិ ភាពផលិតផល ជាពិសេស ផលិតផលម្ហូបអាហារ ជាអាទិ៍ លក្ខខណ្ឌទុកដាក់ កត្តាអនាម័យ ការវេចខ្ចប់ការដឹកជញ្ជូន ការចែកចាយ និងការផ្គត់ផ្គង់។
-ចំពោះពាណិជ្ជករ អាជីវករ ជាអ្នកលក់ ចែកចាយបន្ត ៖ មិនត្រូវលក់ ចែកចាយ ផលិតផលទំនិញដែលអាចបង្កគ្រោះថ្នាក់ដល់សុខភាព ឬផលិតផលមានប្រភពមិនច្បាស់លាស់ ឬផលិតផលមិនមានភាពអនុលោម ព្រមទាំងសុំឱ្យអ្នកផ្គត់ផ្គង់ទំនិញផ្ដល់វិក្កយបត្រសម្រាប់ប្រើប្រាស់ជាឯកសារសំអាង និងត្រូវសហការជាមួយអគ្គនាយក ដ្ឋាន ក.ប.ប. នៃក្រសួងពាណិជ្ជកម្ម ដើម្បីអនុវត្តនីតិវិធីអង្កេត តាមដាន ស្វែងរកប្រភពផលិតនាំចូល ចែកចាយនូវផលិតផលទាំងនោះ និងការយកសំណាកគំរូ មកវិភាគនៅមន្ទីរពិសោធន៍ ដើម្បីស្វែងរកមុខសញ្ញនៃគ្រោះ ជាយថាហេតុ ជាពិសេស ត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួន នូវគោលការណ៍សុវត្ថិភាពផលិតផលសម្រាប់លក់ជូនអ្នកប្រើប្រាស់។
-ចំពោះអ្នកប្រើប្រាស់ និងសាធារណជន ៖ សូមយកចិត្តទុកដាក់បង្កើនការប្រុងប្រយ័ត្ន និងសូមចៀសវាងការទិញផលិតផលដែលសង្ស័យថា មានផ្ទុកសារធាតុគីមីហាមឃាត់ ឬកែច្នៃ លួចលាយសារធាតុដែលអាចបង្កគ្រោះថ្នាក់ដល់សុខភាព ឬផលិតផលមានប្រភពមិនច្បាស់លាស់ ដែលបាននិងកំពុងលក់ ចែកចាយផ្គត់ផ្គង់ក្នុងទីផ្សារ ព្រមទាំងរាយការណ៍មកអគ្គនាយកដ្ឋាន ក.ប.ប. នៃក្រសួងពាណិជ្ជកម្ម ដើម្បីមានវិធានការតាមនីតិវិធីនៃច្បាប់ ជាធរមាន ។
អគ្គនាយកដ្ឋាន ក.ប.ប. នៃក្រសួងពាណិជ្ជកម្ម សង្ឃឹមយ៉ាងមុតមាំ លើស្មារតីសហការពីបណ្តាស្ថាប័នមាន សមត្ថកិច្ច និងអ្នកនាំចូល អ្នកលក់ អ្នកចែកចាយ អ្នកផ្គត់ផ្គង់ អ្នកប្រើប្រាស់ សាធារណជន ព្រមទាំងតួអង្គពាក់ព័ន្ធ រួមគ្នាបំពេញកាតព្វកិច្ច ដើម្បីគោលដៅរួមក្នុងការការការពារសុខភាព សុវត្ថិភាពយើងទាំងអស់គ្នា និងសូមសហការផ្ដល់ព័ត៌មានមកអគ្គនាយកដ្ឋាន ក.ប.ប. នៃក្រសួងពាណិជ្ជកម្ម តាមរយៈប្រព័ន្ធទូរសព្ទសាធារណៈ ក្រសួងពាណិជ្ជកម្ម“ ។

ទោះបីជាយ៉ាងណា យោងតាមសេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលខេត្ត បាត់ ដំបង នៅល្ងាចថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៦ បានបញ្ជាក់ថា នៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៦ ស្ត្រីជាអាជីវករទិញ-លក់ទុរេន ដែលជាម្ចាស់គណនីហ្វេសប៊ុក ឈ្មោះ «អា ឡែន» បានចូលខ្លួនមកបំភ្លឺនៅចំពោះមុខសមត្ថកិច្ចនគរបាល ជុំវិញការផ្សព្វផ្សាយក្នុងបណ្តាញសង្គម ចំពោះរូបនាងថា បាននាំចូលផ្លែទុរេន ពីប្រទេសថៃ មកក្នុងប្រទេសកម្ពុជា ដោយស្ត្រីរូបនេះ បានសារភាពថា សារសំឡេងដែលបែកធ្លាយនៅតាមបណ្តាញសង្គម រឿងទិញ-លក់ផ្លែទុរេន ពីប្រទេសថៃ នាប៉ុន្មានថ្ងៃ កន្លងមកនេះ គឺជាសំឡេងរបស់នាង ដែលបានទំនាក់ទំនងជាមួយអ្នករកស៊ីទិញផ្លែទុរេន ប្រាកដមែន។
ស្ត្រីជាអាជីវករដដែល បានសារភាពបន្តថា ចាប់ពីខែមេសា ដល់ដើមខែឧសភា ឆ្នាំ២០២៦ នេះនាងបានទំនាក់ទំនងជាមួយជនជាតិថៃ ធ្លាប់ស្គាល់និងធ្លាប់រកស៊ីជាមួយគ្នានាពេលកន្លងមក ទិញផ្លែទុរេនថៃ បានចំនួន ០៣លើក មានចំនួនប្រមាណ ២០០០គីឡូក្រាម (ពីរពាន់គីឡូក្រាម) ដោយសារមានអ្នកបញ្ជាទិញនៅខេត្តកំពង់ចាម ហើយទំនិញទាំង ០៣លើកនេះ នាងបានដាក់រថយន្ត ផ្ញើទៅឱ្យអ្នកបញ្ជាទិញ នៅខេត្តកំពង់ចាម ផ្ទាល់ នៅពេលគេដឹកមកដល់ ហើយឈ្មួញនៅថៃ បានរៀបចំផ្ញើទុរេន មកតាមច្រកព្រំដែនកាប៊ីន តែនាងមិនបានដឹងថា គេផ្ញើមកតាមរបៀបណានោះទេ លុះរថយន្តដឹកមកដល់ ក៏ទទួល ហើយផ្ញើទៅខេត្តកំពង់ចាម តែម្តង ។
សេចក្តីប្រកាសព័ត៌មាន របស់អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ចុះថ្ងៃចន្ទ ៣រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៦ ស្តីពីករណីម្ចាស់គណនីហ្វេសប៊ុកឈ្មោះ អា ឡែន ជុំវិញរឿងទិញលក់ផ្លែទុរេន នោះ មានខ្លឹមសារទាំងស្រុងថា «អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង សូមជម្រាបជូនសាធារណជន បានជ្រាបថា មកដល់ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៦ នេះ ម្ចាស់ គណនីហ្វេសប៊ុក ឈ្មោះ អា ឡែន បានចូលខ្លួនមកបំភ្លឺ នៅចំពោះមុខសមត្ថកិច្ចនគរបាល ជុំវិញការផ្សព្វផ្សាយក្នុងបណ្តាញសង្គម ចំពោះរូបគាត់ថា បាននាំផ្លែទុរេន ពីប្រទេសថៃ មកក្នុងប្រទេសកម្ពុជា។
លទ្ធផលនៃការសាកសួរនិងបំភ្លឺ បានឱ្យដឹងថា គាត់ជាម្ចាស់គណនី ឈ្មោះ អា ឡែន មានឈ្មោះពិតគឺ ឈ្មោះលឿន សាក់ឡែន ភេទស្រី អាយុ៣១ឆ្នាំ រស់នៅភូមិភ្នំចាំចាប ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង។ គាត់បន្តថា សារសំឡេងដែលបែកធ្លាយនៅតាមបណ្តាញសង្គម រឿងទិញ-លក់ផ្លែទុរេន ពីប្រទេសថៃ នាប៉ុន្មានថ្ងៃ កន្លងមកនេះ គឺជាសំឡេងរបស់គាត់ ដែលបានទំនាក់ទំនងជាមួយអ្នករកស៊ីទិញផ្លែទុរេន ពិតមែន។
ពីខែមេសា ដល់ដើមខែឧសភា ឆ្នាំ២០២៦ នេះគាត់បានទំនាក់ទំនងជាមួយជនជាតិថៃ ធ្លាប់ស្គាល់និងធ្លាប់រកស៊ីជាមួយគ្នា នាពេលកន្លងមក ទិញផ្លែទុរេន បានចំនួន ០៣លើក មានចំនួនប្រមាណ ២០០០គីឡូក្រាម (ពីរពាន់គីឡូក្រាម) ដោយសារមានអ្នកបញ្ជាទិញ នៅខេត្តកំពង់ចាម ហើយទំនិញទាំង០៣លើកនេះ គាត់បានដាក់រថយន្ត ផ្ញើទៅឱ្យអ្នកបញ្ជាទិញ នៅខេត្តកំពង់ចាម ផ្ទាល់ នៅពេលគេដឹកមកដល់ ។ គាត់បានបន្តថា ឈ្មួញនៅថៃ បានរៀបចំផ្ញើមកតាមព្រំដែនកាប៊ីន តែគាត់មិនបានដឹងថា គេផ្ញើមកតាមរបៀបណានោះទេ លុះរថយន្តដឹកមកដល់ គាត់ក៏ទទួល ហើយផ្ញើទៅខេត្តកំពង់ចាម តែម្តង ។
អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង សូមបញ្ជាក់ជូនថា ខណៈមានការ បំភ្លឺបែបនេះ ពីឈ្មោះ លឿន សាក់ឡែន ក្តី តែសមត្ថកិច្ចនគរបាល កំពុងបន្តធ្វើការស្រាវជ្រាវជុំវិញករណីខាងលើនេះ ជាបន្តទៀត យ៉ាងយកចិត្តទុកដាក់បំផុត ឈានទៅស្វែងរកអ្នកពាក់ព័ន្ធក្នុងករណីខាងលើ ដើម្បីចាត់វិធានការស្របតាមនីតិវិធីច្បាប់។
អាស្រ័យដូចបានជម្រាបជូនខ្លឹមសារខាងលើ សូមសាធារណជន មេត្តាជ្រាបជាព័ត៌មាន»៕ កុលបុត្រ