ភ្នំពេញ ៖ ជនសង្ស័យម្នាក់ បានធ្វើសកម្មភាពលួចម៉ូតូស្ត្រីម្នាក់បានសម្រេច រួចក៏ព្យាយាមគេចខ្លួនបានត្រឹមតែ១ថ្ងៃ ក៏ត្រូវបានកម្លាំង សមត្ថកិច្ចជំនាញស្រាវជ្រាវ ឈានដល់ការឃាត់ខ្លួនជនសង្ស័យ នាំយកកចាត់ការតាមច្បាប់ ព្រមទាំងដកហូតបានម៉ូតូជនរងគ្រោះត្រឡប់មកវិញ ផងដែរ។
ករណីលួចម៉ូតូខាងលើនេះ បានកើតឡើង កាលពី នៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៦។ រហូតមកដល់វេលាម៉ោង៩ និង២៥នាទីយប់ ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៦ ទើបកម្លាំងសមត្ថកិច្ច ស្រាវជ្រាវឈានដល់ការឃាត់ខ្លួនជនសង្ស័យបាន នៅត្រង់ចំណុចភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនសង្ស័យជាចោរលួចម៉ូតូដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះវ៉ាន់ វណ្ណៈ ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិថ្មគោល២ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ចំណែកម៉ូតូដែលជនសង្ស័យលួចយកទៅ ម៉ាក Honda Click ពណ៌ស ផលិតឆ្នាំ២០២១ ពាក់ស្លាកលេខ កណ្តាល 1AM-8301 ជារបស់ជនរងគ្រោះឈ្មោះផាន់ សុផាណា ភេទស្រី អាយុ៤៤ឆ្នាំ។
តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា នៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៦ ដើមបណ្តឹងឈ្មោះផាន់ សុផាណា ភេទស្រី អាយុ៤៤ឆ្នាំ បានមកដាក់ពាក្យបណ្តឹង នៅការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ។

បន្ទាប់មកដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ កម្លាំងការិយាល័យ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី វុទ្ធី វង្សវិបុល អនុប្រធាននាយកដ្ឋាន និងលោកវរសេនីយ៍ឯក ឡេង ប៊ុនហួរ នាយការិយាល័យ នៅវេលាម៉ោង៩ និង២៥នាទីយប់ ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៦ កម្លាំងជំនាញការិយាល័យ ចុះស៊ើបអង្កេតស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ ឈ្មោះវ៉ាន់ វណ្ណៈ នៅត្រង់ចំណុចភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ព្រមទាំងដកហូតវត្ថុតាង ម៉ូតូចំនួន ១គ្រឿង ម៉ាក Honda Click ពណ៌ស ផលិតឆ្នាំ២០២១ ពាក់ស្លាកលេខ កណ្តាល 1AM-8301 (ជារបស់ជនរងគ្រោះ)។
ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចជំនាញកសាងសំណុំរឿង បញ្ជូនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាម នីតិវិធី។ ដោយឡែក ម៉ូតូត្រូវបានប្រគល់ជូនជនរងគ្រោះវិញ៕
