ភ្នំពេញ ៖ អតីតអ្នកឧកញ៉ា លី សាម៉េត ហៅគ្រូមា ដែលកំពុងជាប់ពន្ធនាគារ ពាក់ព័ន្ធសំណុំរឿងឆបោក និងបទល្មើសជាច្រើន រួមទាំងបានប្រើឈ្មោះសម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ទៅបោកប្រាស់លុយគេ រាប់លានដុល្លារនោះ បានស្លាប់នៅក្នុងគុកព្រៃស កាលពីព្រឹកថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦ ក្នុងជន្មាយុ ៧៣ឆ្នាំ ដោយគាំងបេះដូង ។ សពរបស់លោក ត្រូវបានមន្ត្រីពន្ធនាគារ យកទៅធ្វើកោសល្យវិច័យ និងបានប្រគល់ជូនក្រុមគ្រួសារ ដើម្បីធ្វើបុណ្យ តាមប្រពៃណី ។

តាមប្រភពអគ្គនាយកដ្ឋានពន្ធនាគារ នៃក្រសួងមហាផ្ទៃ បានឲ្យដឹងថា លោក លី សាម៉េត បានស្លាប់នៅវេលាម៉ោងជាង ៦ព្រឹក ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦ ក្នុងមណ្ឌលកែប្រែទី១ (ម១) នៃពន្ធនាគារព្រៃស ដោយគាំងបេះដូង ។
លោក នុត សវនា ប្រធានមណ្ឌលអប់រំកែប្រែទី១ បានបញ្ជាក់ប្រាប់អ្នកយកព័ត៌មាន នៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦ ថា លោក លី សាម៉េត ពិតជាបានស្លាប់មែន ដោយសារអាការគាំងបេះដូង ។ ប៉ុន្តែក្រៅពីជំងឺបេះដូង គាត់ក៏មានជំងឺទឹកនោមផ្អែម និងលើសឈាម ដែលជាកត្តាចម្បង ធ្វើឱ្យគាត់ឈានទៅបាត់បង់ជីវិត។
លោក នុត សវនា បញ្ជាក់បន្ថែមថា លោក លី សាម៉េត ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ កាត់ទោសលើសំណុំរឿងចំនួន៤ ដែលត្រូវជាប់ពន្ធនាការសរុប ២៤ឆ្នាំ ហើយនៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦ ខាងមុខនេះ សាលាដំបូងរាជធានីភ្នំពេញ នឹងប្រកាសសាលក្រមលើទណ្ឌិតរូបនេះ មួយសំណុំរឿងទៀត តែជាអកុសល លោកបានគាំងបេះដូងស្លាប់ទៅហើយ ។
គួររំលឹកថា លោក លី សាម៉េត ហៅគ្រូមា កើតថ្ងៃទី១២ ខែធ្នូ ឆ្នាំ១៩៥៣ ជាជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបររកស៊ី កម្រិតវប្បធម៌គ្មាន (មិនចេះអក្សរ) ទីកន្លែងកំណើត ភូមិសំរោង ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្តាល អា សយដ្ឋានមុនពេលឃាត់ខ្លួន ស្នាក់នៅបុរីរិទ្ធ ផ្ទះលេខ៤១៣ ផ្លូវលេខ៦A សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធា នីភ្នំពេញ ឪពុកឈ្មោះ មាន ម៉ន “ស្លាប់” ម្តាយឈ្មោះ សេក ស៊ឹម “ស្លាប់” ប្រពន្ធឈ្មោះ សាម ចេង “រស់” មានកូនចំនួន០៦នាក់ ប្រវត្តិផ្តន្ទាទោសដោយតុលាការ គ្មាន ត្រូវបានដាក់ក្រោមការពិនិត្យ ពីបទឆបោក ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីខែកញ្ញា ឆ្នាំ២០១២ និងខែតុលា ឆ្នាំ២០២២ តាមបញ្ញត្តិមាត្រា ៣៧៧ និងមាត្រា ៣៧៨ នៃក្រមព្រហ្មទណ្ឌ។

ទាក់ទងនឹងសាវតារនៃទោសទណ្ឌក្នុងផ្លូវច្បាប់ កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៤ លោក លី សាម៉េត ហៅគ្រូមា ត្រូវបានសម្ដេចហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ទម្លាយថា បានយកឈ្មោះសម្ដេច ដើរបោកលុយគេ រាប់សិបលានដុល្លារ ក្នុងនោះរួមមាន បោកឈ្មោះ សុខ ឡេង ក្នុងទំហំទឹកប្រាក់ ១០លានដុល្លារ, បោកឈ្មោះ មួង ឃីម ចំនួន ២៣ម៉ឺនដុល្លារ និងបោកឈ្មោះ កន សុខកាយ អតីតអភិបាល ស្រុកល្វាឯម ចំនួន៣០ម៉ឺនដុល្លារ ជាថ្នូរនឹងការប្ដូរតួនាទីពីអភិបាលស្រុកល្វាឯម ទៅជាអភិបាលក្រុងអរិយក្សត្រ។
កាលណោះ សម្ដេចហ៊ុន សែន បានស្នើឱ្យក្រសួងយុត្តិធម៌ បង្កកទ្រព្យសម្បត្តិបុគ្គល លី សាម៉េត នេះ ដើម្បីទុកសងអ្នកដែលបានចាញ់បោក និងបានណែនាំឱ្យជនរងគ្រោះដែលចាញ់បោកបុគ្គល លី សាម៉េត ដាក់ពាក្យបណ្ដឹងតាមរយៈមេធាវីរបស់សម្ដេច។ សម្ដេច ក៏បានស្នើសុំសមត្ថកិច្ច តាមឃ្លាំមើលបុគ្គល លី សាម៉េត កុំឲ្យរត់ចេញផុតពីសំណាញ់ច្បាប់។ នៅរាត្រីថ្ងៃដដែល សមត្ថកិច្ចបានឡោមព័ទ្ធផ្ទះរបស់បុគ្គល លី សាម៉េត នៅរាជ ធានីភ្នំពេញ ប៉ុន្តែរកបុគ្គល លី សាម៉េត មិនឃើញឡើយ។

ជាង ៣សប្ដាហ៍ក្រោយមក ពោលគឺនៅវេលាម៉ោង ១១ថ្ងៃត្រង់ ទី៤ ខែវិច្ឆិកា ឆ្នាំ២០២៤ ស្រាប់តែបុគ្គល លី សាម៉េត បានចេញវីដេអូ សារភាពកំហុស សុំទោសសម្ដេច ហ៊ុន សែន ចំពោះកំហុសដែលខ្លួនបានយកឈ្មោះសម្ដេច ទៅបោកប្រាស់លុយអ្នកដទៃ ជាច្រើន។ លី សាម៉េត បានទទួលស្គាល់ថា ខ្លួនពិតជាបានកុហកអ្នកដទៃថា ខ្លួនធ្លាប់ចេញចូលគេហដ្ឋានរបស់សម្ដេច នៅក្រុងតាខ្មៅ ទាំងដែលខ្លួនមិនធ្លាប់ចូលផ្ទះសម្ដេច សោះ និងបានបញ្ជាក់ថា អ្វីដែលសម្តេច បានទម្លាយចេញកាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៤ នោះ គឺជាការពិតទាំងអស់ ហើយថា សម្តេច បានទុកឱកាសឲ្យកែខ្លួន ៣ដង តែខ្លួនមិនកែ ទើបសម្តេច ទម្លាយរឿងនេះ។
ទោះបីយ៉ាងណា លោក លី សាម៉េត បានស្នើសុំព្យាបាលជំងឺមួយរយៈ មុននឹងប្រគល់ខ្លួនឲ្យសមត្ថកិច្ច និងតុលាការ ចាត់ការតាមច្បាប់ ប៉ុន្តែសម្ដេចហ៊ុន សែន បានឆ្លើយតបថា មិនអាចធ្វើបែបនេះបានទេ គឺត្រូវតែចាប់ខ្លួន បញ្ជូនឲ្យតុលាការ កាត់ទោសតាមច្បាប់ ដោយមិនអាចពន្យារពេលនោះទេ ។

បន្ទាប់ពីមានបញ្ជាពីសម្តេច ហ៊ុន សែន ដូចខាងលើ លោក លី សាម៉េត បានសម្រេចចូលខ្លួនសារភាពកំហុសភ្លាម នៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ នាព្រលប់ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៤ ហើយសមត្ថកិច្ចបានឃាត់ខ្លួនលោកលី សាម៉េត បញ្ជូនមកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ទាំងយប់ ដើម្បីចាត់ការបន្តតាមនីតិវិធី ។
នៅពេលបញ្ជូនខ្លួនមកដល់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោក លី សាម៉េត ត្រូវបានសួរចម្លើយដោយផ្ទាល់ ពីលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ មុននឹងសមត្ថកិច្ចកសាងសំណុំរឿង បញ្ជូនទៅតុលាការ ។
នៅព្រឹកថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៤ លោក លី សាម៉េត ហៅគ្រូមា ត្រូវបានកម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ហើយត្រូវបានតុលាការ សម្រេចចោទប្រកាន់និងឃុំខ្លួនបណ្តោះ អាសន្ន នៅពន្ធនាគារព្រៃស នៅថ្ងៃដដែលនោះ ។
នៅវេលាម៉ោងជិត ១១ព្រឹក ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៤ សមត្ថកិច្ចស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជូនខ្លួនជនសង្ស័យ ឈ្មោះ លី សាម៉េត ហៅគ្រូមា ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីឲ្យព្រះរាជអាជ្ញា និងចៅក្រម ធ្វើការសាកសួរតាមនីតិវិធី ពាក់ព័ន្ធករណីឆបោក។

នៅថ្ងៃអង្គារ ០៥កើត ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៤ លោកថោង ផល្លារង្សី ចៅក្រមស៊ើបសួរ សាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាបង្គាប់ឲ្យឃុំខ្លួនលោកលី សាម៉េត ហៅគ្រូមា នៅមណ្ឌលអប់រំកែប្រែទី១ “ម១” (គុកព្រៃស) ។
គិតពីថ្ងៃជាប់ពន្ធនាគារ មកដល់ថ្ងៃស្លាប់នេះ មានរយៈពេលជិត ២ឆ្នាំ ដែលលោក លី សាម៉េត ហៅគ្រូមា រស់នៅក្នុងគុក ហើយត្រូវបានប្រភពអះអាងថា រូបរាងកាយរបស់លោកត្រូវញាំញីដោយជំងឺច្រើនមុខ ពោលគឺក្រៅពីជំងឺបេះដូង ធ្វើទុក្ខខ្លាំង លោក លី សាម៉េត មានជំងឺប្រចាំកាយ គឺជំងឺទឹកនោមផ្អែម និងសម្ពាធឈាមឡើងខ្ពស់ (លើសឈាម) ។

លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងតាមគណនីនិងទំព័របណ្តាញសង្គម ហ្វេសប៊ុក របស់លោក នៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦ ថា «គាត់មានលុយចាយមិនអស់, មានផ្ទះស្ទើរគ្រប់ខេត្ត តែលំនៅចុងក្រោយ ២ម៉ែត្រ ៤ជ្រុង ក្នុងពន្ធនាគារ, បិទភ្នែកដោយគ្មានសាច់ញាតិ។ សូមធ្វើអំពើល្អ!»៕