ភ្នំពេញៈ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចហាមឃាត់ក្រុមហ៊ុនផលិតស្រា ស្រាបៀរ និងភេសជ្ជៈផ្អែមមានជាតិស្ករទាំងអស់ ផ្តល់រង្វាន់តាមរយៈការគាស់ក្រវិលកំប៉ុង គម្របដប ឬការផ្តល់រង្វាន់ តាមទម្រង់ផ្សេងៗ ចាប់ពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦ តទៅ។

តាមរយៈលិខិតរបស់អគ្គបណ្ឌិត អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចុះថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៦ ជម្រាបជូនរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាល ទទួល បន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ ក្នុងកម្មវត្ថុ «ស្តីពីគោលការណ៍អំពីវិធានការដើម្បីគ្រប់គ្រងវិស័យផលិតស្រាបៀរ និងភេសជ្ជៈគ្មានជាតិសុរា ក្នុងស្រុក» ដោយយោងចំណារដ៏ខ្ពង់ខ្ពស់របស់សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ចុះថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ លើលិខិតលេខ ២២៤៦ សហវ.លស.អគប ចុះថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ មានខ្លឹមសារថា «សេចក្តីដូចមានចែង និងយោងក្នុងកម្មវត្ថុខាងលើ ខ្ញុំសូមជម្រាបជូនឯកឧត្តមរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារថា អនុលោមតាមការសម្រេចរបស់សម្តេចធិប តី នាយករដ្ឋមន្ត្រី ខ្ញុំសូមណែនាំដល់អគ្គនាយកដ្ឋានពន្ធដារ នូវការសម្រេចរបស់រាជរដ្ឋាភិបាល ស្តីពីវិធានការដើម្បីគ្រប់គ្រងវិស័យផលិតស្រាបៀរ និងភេសជ្ជៈគ្មានជាតិសុរា ក្នុងស្រុក ដូចខាងក្រោម ៖


ទី១- អនុវត្តគោលការណ៍របស់រាជរដ្ឋាភិបាល ដោយហាមឃាត់ការផ្តល់រង្វាន់តាមរយៈការគាស់ក្រវិលកំប៉ុង ឬគម្របផលិតផល ឬការផ្តល់រង្វាន់តាមទម្រង់ផ្សេងៗ សម្រាប់ភេសជ្ជៈមានជាតិស្ករ ជាពិសេសភេសជ្ជៈ ប៉ូវកម្លាំង ត្រឹមដំណាច់ត្រីមាសទី៣ ឆ្នាំ២០២៦ ហើយ ចាប់ពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦ តទៅ គ្រប់ សហគ្រាសទាំងអស់មិនត្រូវបានអនុញ្ញាតឱ្យផ្តល់រង្វាន់ និងមិនត្រូវមានការបញ្ជាទិញថ្មី នាំចូល ឬផលិត នូវគម្របផលិតផលភេសជ្ជៈមានជាតិស្ករ ដែលមានការផ្តល់រង្វាន់ទៀតឡើយ។


ទី២- ពង្រឹងការប្រកួតប្រជែងដោយស្មើភាពគ្នា និងការលើកកម្ពស់អនុលោមភាពបន្ថែមទៀត ដោយបញ្ឈប់ទាំងស្រុងនូវការផ្តល់ រង្វាន់លើក្រវិលកំប៉ុង ឬគម្របផលិតផល ឬការផ្តល់រង្វាន់តាមទម្រង់ផ្សេងៗ សម្រាប់ផលិតផលគ្រឿងស្រវឹងត្រឹមដំណាច់ត្រីមាសទី៣ ឆ្នាំ២០២៦ ហើយចាប់ពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦តទៅ គ្រប់សហគ្រាសទាំងអស់មិនត្រូវបានអនុញ្ញាតឱ្យផ្តល់រង្វាន់ និងមិនត្រូវមានការបញ្ជា ទិញថ្មី នាំចូល ឬផលិតនូវគម្របផលិតផលគ្រឿងស្រវឹង ដែលមានការផ្តល់រង្វាន់ទៀតឡើយ។


សេចក្តីដូចបានជម្រាបជូនខាងលើ ឯកឧត្តមរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ចាត់ចែងអនុវត្តតាមការណែនាំនេះ ឲ្យមានប្រសិទ្ធភាពខ្ពស់…»៕
