ភ្នំពេញ ៖ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានចេញសេចក្តីណែនាំជុំវិញការកែច្នៃ និងប្រើប្រាស់សម្លៀកបំពាក់ គ្រឿងលម្អ យកគំរូតាមគ្រឿងឥស្សរិយយសព្រះរាជមហាកណ្ឋាភណ្ឌគ្រងរាជសម្បត្តិ ដែលជាគ្រឿងឥស្សរិយយសដ៏ថ្លៃថ្លាខ្ពង់ខ្ពស់បំផុត សម្រាប់ថ្វាយព្រះមហាក្សត្រគ្រងព្រះបរមសិរីរាជសម្បត្តិ តែមួយព្រះអង្គគត់ ហាម កែច្នៃ ឬច្នៃប្រឌិត ដោយយកតាមគំរូគ្រឿងឥស្សរិយយសសម្រាប់ព្រះមហាក្សត្រនេះ ព្រោះជាកំហុសពុំអាចលើកលែងបាន នឹងត្រូវផ្តន្ទាទោសតាមច្បាប់ស្តីពីវិសោធនកម្មក្រមព្រហ្មទណ្ឌ។

ក្នុងសេចក្តីណែនាំរបស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ចុះថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦ បានបញ្ជាក់ថា «ក្នុង រយៈពេលថ្មីៗនេះ មានការប្រើប្រាស់និងការបង្ហោះរូបភាពតាមបណ្តាញសង្គម អំពីការតុបតែងសម្លៀកបំពាក់ និងគ្រឿងលម្អ ក្នុងទម្រង់នៃការរៀបចំអាពាហ៍ពិពាហ៍ ដែលគ្រឿងលម្អខ្លះ ប្រាសចាកអំពីតម្លៃដើមនៃគ្រឿងលម្អក្នុងអាពាហ៍ពិពាហ៍ខ្មែរ ជាពិសេស ការកែច្នៃគ្រឿងលម្អ ដោយយកគំរូតាមគ្រឿងឥស្សរិយយស ព្រះរាជមហាកណ្ឋាភណ្ឌគ្រងរាជសម្បត្តិ ដែលជាគ្រឿងឥស្សរិយយសដ៏ថ្លៃថ្លាខ្ពង់ខ្ពស់បំផុតរបស់ជាតិ។

ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ សូមបញ្ជាក់ជាថ្មីថា គ្រឿងឥស្សរិយយស ព្រះរាជមហាកណ្ឋាភណ្ឌគ្រងរាជ សម្បត្តិ ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានបង្កើតឡើងសម្រាប់ថ្វាយព្រះអង្គ តែមួយព្រះអង្គគត់។ ការកែច្នៃ ឬការច្នៃប្រឌិត ដោយយកតាមគំរូនេះ គឺជាកំហុសពុំអាចលើកលែងបាន នឹងត្រូវផ្តន្ទាទោសតាមមាត្រា ៤៣៧ (ស្ទួន) នៃច្បាប់ស្តីពីវិសោធនកម្មក្រមព្រហ្ម ទណ្ឌ។
ក្នុងន័យនេះ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈស្នើសុំគ្រប់បុគ្គលទាំងឡាយដែលបានកែច្នៃ ដែលបានប្រើប្រាស់គ្រឿងលម្អកែច្នៃ និងដែលបានផ្សព្វផ្សាយរូបភាពជាមួយគ្រឿងលម្អនេះ ត្រូវបញ្ឈប់និងលុបចោលរូបភាពទាំង នេះ ជាបន្ទាន់។ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ នឹងចាត់ វិធានការតាមផ្លូវច្បាប់ ចំពោះគ្រប់បុគ្គលដែលនៅតែបន្តកែច្នៃនិងប្រើប្រាស់គ្រឿងលម្អដែលយកតាមគំរូគ្រឿងឥស្សរិយយសខ្ពស់បំផុតរបស់ជាតិ។

ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ សូមណែនាំដល់គ្រប់មន្ទីរវប្បធម៌និងវិចិត្រសិល្បៈ ទាំង២៥រាជធានី-ខេត្ត បន្តពង្រឹងសកម្មភាពណែនាំដោយផ្ទាល់ ដល់គ្រប់សិល្បករ សិល្បការិនី អាជីវករពាក់ព័ន្ធ អ្នកប្រកបមុខរបរសម្អាងការ សិប្បកម្មកែច្នៃគ្រឿងអលង្ការ ហាងថតរូប និងអ្នកប្រកបមុខរបរនិងអាជីពផ្សេងទៀត ពាក់ព័ន្ធនឹងពិធីរៀបអា ពាហ៍ពិពាហ៍ បញ្ឈប់ជាបន្ទាន់ និងចៀសវាងការបន្តប្រើប្រាស់គ្រឿងកែច្នៃតាមគំរូគ្រឿងឥស្សរិយយសដ៏ខ្ពង់ខ្ពស់នេះ»។

សូមបញ្ជាក់ថា គ្រឿងឥស្សរិយយស ព្រះរាជមហាកណ្ឋាភណ្ឌគ្រងរាជសម្បត្តិ ត្រូវបានព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ត្រាស់បង្គាប់បង្កើតឡើង សម្រាប់ថ្វាយព្រះមហាក្សត្រ ដែលគ្រងព្រះបរមសិរីរាជសម្បត្តិ តាមព្រះរាជក្រឹត្យ លេខ នស/រកត/០៧២៤/៨៨៥ ចុះថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤ ៕