ភ្នំពេញ ៖ បុរសម្នាក់ ខឹងក្រុមក្មេងស្ទាវ ទាញដុំថ្មគប់ បណ្តាលឱ្យបែកកញ្ចក់រថយន្ត ក៏ បើករថយន្តដេញតាមបុកម៉ូតូ ដួលចូលក្រោមរថយន្ត ចំណែកក្រុមក្មេងស្ទាវបានរត់គេចទាំង ព្រលឹងចុងសក់ បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៥និង៣០នាទីទៀបភ្លឺ ថ្ងៃទី ២២ ខែកក្កដា ឆ្នាំ២០១៦ នៅចំណុចផ្លូវលេខ ២៩៤ កែងនឹងផ្លូវលេខ២១ ស្ថិតក្នុងភូមិ៥ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។
បុរសជាអ្នកបើកបររថយន្តនោះ មាន ឈ្មោះអ៊ឹម អន អាយុ២៨ឆ្នាំ មុខរបរលក់ កាហ្វេ នៅផ្សារជម្ពូវ័ន ស្នាក់នៅភូមិចោមចៅ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ បើក រថយន្ត ម៉ាកកាមរីបាឡែន ពណ៌ខ្មៅលាយស ពាក់ស្លាកលេខ ភ្នំពេញ ២AK–៤២២១។ ចំណែក ក្រុមក្មេងស្ទាវដែលទាញដុំថ្មគប់បែកកញ្ចក់ រថយន្តខាងលើ មានគ្នា៣នាក់ (មិនស្គាល់ អត្តសញ្ញាណ) ជិះម៉ូតូម៉ាកហុងដា វ៉េវ ពណ៌ ក្រហម ពាក់ស្លាកលេខ ភ្នំពេញ ១BC–៣៣៨៩។
តាមសម្តីបុរសជាម្ចាស់រថយន្ត បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ ខណៈ ដែលគាត់កំពុងអង្គុយនៅកន្លែងលក់ផ្លែឈើ របស់បងប្អូននៅក្បែរសួនច្បារសម្តេចហ៊ុន សែន ស្រាប់តែមានក្មេងស្ទាវ៣នាក់ ជិះម៉ូតូមួយគ្រឿង បានទាញដុំថ្មមកគប់កញ្ចក់រថយន្តរបស់ខ្លួនចំ ពីក្រោយ បណ្តាលឱ្យបែកកញ្ចក់ ទើបខ្លួនខឹង ច្រឡោតក៏ឡើងបើករថយន្តដេញតាមពីក្រោយ ម៉ូតូក្រុមក្មេងស្ទាវនោះ រហូតដល់ចំណុចផ្លូវ លេខ២៩៤ ក៏ជ្រុលទៅប៉ះជាមួយនឹងរថយន្ត ឡិចស៊ីសមួយគ្រឿង ពណ៌ស្ករ ហើយក្រុមក្មេង ស្ទាវដែលគប់កញ្ចក់រថយន្តរបស់ខ្លួននោះ បាន នាំគ្នាឈរកាន់ដាវសាមូរ៉ៃ រួចស្ទុះមកកាប់ដំបូល រថយន្តរបស់ខ្លួនថែមទៀត ទើបខ្លួនបានគេច ចង្កូតរថយន្តជ្រុលទៅបុកម៉ូតូក្មេងស្ទាវនេះ ចូល ក្រោមរថយន្តតែម្តង ធ្វើឱ្យក្រុមក្មេងទំនើងទាំង នោះភ័យ ក៏នាំគ្នារត់គេចខ្លួនបាត់អស់ បន្ទាប់ មក ក៏មានសមត្ថកិច្ចចុះមកជួយអន្តរាគមន៍ តែម្តង។
តាមប្រភពពីសមត្ថកិច្ចមូលដ្ឋាន បានឱ្យ ដឹងថា នៅមុនពេលកើតហេតុ មានរថយន្ត កាមរីបាឡែន ពណ៌ខ្មៅលាយសខាងលើ បាន បើកចេញបុកម៉ូតូហុងដាវ៉េវ ពណ៌ក្រហម ដោយ មិនដឹងមូលហេតុ លុះពេលបើកលឿនពេក ក៏ ជ្រុលទៅប៉ះរថយន្តឡិចស៊ីសដែលបើកបញ្ច្រាស គ្នា ហើយមិនទាន់អស់ល្បឿនក៏ជ្រុលទៅបុកម៉ូតូ វ៉េវពណ៌ក្រហម នៅពីមុខជាប់ពីក្រោយរថយន្ត តែម្តង។
ប្រភពដដែលបន្តថា ករណីនេះគឺជារឿង គ្រោះថ្នាក់ចរាចរណ៍ផង និងហិង្សាផង ដោយសារតែក្រុមក្មេងស្ទាវគប់បែកកញ្ចក់រថយន្ត ហើយពេលនេះភាគីម្ចាស់រថយន្តបាឡែន បាន សងសំណងទៅភាគីរថយន្តឡិចស៊ីស ចំនួន ៣០ដុល្លារ ដើម្បីបញ្ចប់រឿង ប៉ុន្តែនៅសល់ករណី ជាមួយនឹងម៉ូតូវ៉េវមួយទៀត។
សមត្ថកិច្ចបញ្ជាក់ថា ក្រោយការស្រាវជ្រាវទើបដឹងថា ករណីនេះផ្តើមចេញពីក្រុម– ក្មេងស្ទាវគប់កញ្ចក់រថយន្តខាងលើបែក ទើប ម្ចាស់រថយន្តខឹង បើករថយន្តដេញតាម លុះមក ដល់ចំណុចកើតហេតុក៏ប៉ះជាមួយរថយន្តឡិច– ស៊ីស ហើយក៏ជ្រុលបុកម៉ូតូតែម្តង។
ក្រោយកើតហេតុ សមត្ថកិច្ចបានធ្វើការ វាស់វែង រួចយកម៉ូតូនិងរថយន្ត ទៅរក្សាទុក ដើម្បីរង់ចាំភាគីទាំង២ចូលខ្លួនមកដោះស្រាយ៕