Friday, March 29, 2024
Homeតារាខ្មែរដាញ់ ម៉ូនីកា ល្បីបែកប្តី

ដាញ់ ម៉ូនីកា ល្បីបែកប្តី

អ្នកជិតដិតនឹងដាញ់ ម៉ូនីកា អតីតតួឯកស្រីល្បីឈ្មោះ ក្នុងរឿង “ទុំទាវ” បានប្រាប់ “តារា” នៅពាក់កណ្តាលខែកក្កដា ឆ្នាំ២០១៦ នេះថា ម៉ូនីកា មានភាពក្រៀមក្រំ ស្រពាប់ស្រពោន ក្នុងពេលប្រហែល២ទៅ៣ខែហើយ ហើយគេកំពុងសង្ស័យថា នាងនិងស្វាមី បានដើរដល់ផ្លូវបំបែកនៃជីវិតគូ។
ប្រភពដែលរស់នៅទីក្រុងម៉ែលប៊ន នៃរដ្ឋវីតូរី របស់ប្រទេសអូស្ត្រាលី រៀបរាប់ដោយសុំមិនបញ្ចោញឈ្មោះថា ជាច្រើនខែមកនេះ គេមិនដែលឃើញម៉ូនីកា ទៅណាមកណាជាមួយប្តីរបស់នាងទេ ហើយនាងចូលរួមកម្មវិធី ជប់លៀងមួយចំនួន តែម្នាក់ឯង ដោយមានទឹកមុខ ក្រៀមស្រពោន។
ប្រភពដដែលនោះ និយាយថា “នៅនេះ គេចេះតែនិយាយថា គាត់និងប្តីមានបញ្ហា ហើយថា នាងអាចនឹងត្រឡប់ទៅរស់នៅជុំម្តាយ នៅស្រុកខ្មែរវិញ”។
ប្រភពជាស្ត្រីដែលរស់នៅ មិនឆ្ងាយប៉ុន្មាន ពីផ្ទះរបស់ម៉ូនីកា នៅក្រុងម៉ែលប៊ន និយាយថា អ្នកស្គាល់រាប់អាននាង នៅទីនោះ ដូចជាមិនភ្ញាក់ផ្អើលពេកទេ ចំពោះដំណឹងបែកបាក់នេះ ដោយអ្នកនាងលើកឡើងថា ស្វាមីរបស់ម៉ូនីកា មិនសូវនិយាយស្តី ហើយហាក់ដូចជា កាចបន្តិច តាំងពីដើមមកម៉្លេះ។ អ្នកនាងថា “ម៉ូនីកា ស្លូតបូត តែប្រហែលនាងពិបាកទ្រាំ និងមិនទម្លាប់នឹងរបៀបរស់នៅ”។
ដាញ់ ម៉ូនីកា បានរៀបការជាមួយ អាណិកជនខ្មែរ នៅប្រទេសអូស្ត្រាលី កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នា២០១០ រៀបការរួចភ្លាម នាងក៏បានចេញទៅរស់នៅជាមួយប្តី ដែលមានអាយុ ច្រើនជាងនាងទ្វេដង។ នៅថ្ងៃរៀបការ អ្នកខ្លះសរសើរនាងថា មានសំណាង និងខ្លះទៀតថា នាងបានប្តីកាច។

ដាញ់ ម៉ូនីកា និងស្វាមី
ដាញ់ ម៉ូនីកា និងស្វាមី

មកដល់ពេលនេះ នាងមានកូនស្រីម្នាក់ និងប្រុសម្នាក់។ រយៈពេលជាច្រើនឆ្នាំមកនេះ នាងបន្តរក្សាទំនាក់ទំនង ជាមួយមហាជន តាមរយៈបណ្តាញសង្គម ហើយគេសង្កេតឃើញថា នាងនិងស្វាមីមានភាពផ្អែមល្ហែម។ ជាញឹកញាប់ នាងតែងបង្ហោះរូបថតជាមួយ ប្តីនិងកូន និងការដើរកម្សាន្ត នៅថ្ងៃចុងសប្តាហ៍។ មិនត្រឹមតែប៉ុណ្ណោះ ថ្មីៗនេះ ធ្លាប់មានព័ត៌មានថា ប្តីរបស់នាងបានទិញផ្ទះថ្មី ដែលមានការតែងយ៉ាងល្អស្អាត ដើម្បីឱ្យនាងនិងកូន រស់នៅបានសុខស្រួល។
ក៏ប៉ុន្តែ មានរឿងគួរឱ្យ ចាប់អារម្មណ៍មួយចំនួន ដែលហាក់ដូចជា កើតឡើងស្របគ្នានឹងព័ត៌មាន ដែលកំពុងលេចឮថា អ្នកទាំងពីរជួបបញ្ហាប្រេះស្រាំ។
ចាប់តាំងពីពាក់កណ្តាលខែមេសា ឆ្នាំ២០១៦មក ម៉ូនីកា មិនដែលបង្ហាញភាពល្អូកល្អិនរបស់នាង និងស្វាមី ជាសាធារណៈដូចដែលនាង ធ្លាប់ធ្វើនាពេលកន្លងមកទេ។ ស្នេហាដ៏ស្អិតល្មួត ត្រូវបានជំនួសមកវិញ ដោយសារខូចចិត្ត។ ចាប់តាំងពីខែឧសភា ឆ្នាំ២០១៦ មក គេឃើញនាងមានសារប្លែកៗ ដូចជា ពេលវេលា អាចផ្លាស់ប្តូរអ្វីគ្រប់យ៉ាង។ ជាញឹកញាប់ នាងចែករំលែកបទចម្រៀង កម្សត់ៗ ដូចជា  “តើបងស្នេហ៍អូន ដូចថ្ងៃមុនទេ?”,  “ចិត្តខុសពីមុន” និងបទ “នៅទីនេះ កំពុងមានមនុស្សខូចចិត្ត” ជាដើម។
ប៉ុន្មានថ្ងៃកន្លងទៅ ថ្មីៗនេះទៀត នាងបានផ្ញើសារទៅកាន់អ្នកគាំទ្រ ដោយភ្ជាប់នូវរូបថតមានទឹកមុខ ក្រៀមក្រំថា ជួបគ្នាគឺជានិស្ស័យបែកគ្នា ជាព្រហ្មលិខិត។ នាងសួរទៀតថា តើមានមនុស្សប៉ុន្មាននាក់ យល់ពីអារម្មណ៍របស់នាង នៅពេលនេះ?
មនុស្សជាច្រើនបានចាប់អារម្មណ៍ សំណេររបស់នាង និងចាប់ផ្តើមសួរនាងថា មានបញ្ហាអ្វី? ម៉ូនីកា ប្រាប់យ៉ាងខ្លីថា នាងមិនអីទេ។
លុះដល់ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៦ នេះ ដាញ់ ម៉ូនីកា ស្រាប់តែ ប្រកាសថា នាងនឹងត្រឡប់មក សម្តែងសាជាថ្មី ដោយផ្តល់ហេតុផលថា មកពីនាងនៅតែស្រលាញ់ការងារនេះ។ នាងមិនបានប្រាប់ទេថា ការវិលត្រឡប់មកសម្តែងនេះ មានរយៈខ្លីឬវែង ប៉ុន្តែ បើដូចព័ត៌មាន ដែលលេចឮ ពីប្រទេសអូស្ត្រាលីនោះ ការបកក្រោយរបស់នាង លើកនេះ ទំនងជាមិនឆាប់ទេ។
ដាញ់ ម៉ូនីកា មិនទាន់ឆ្លើយតបសំណួរអ្នកសារព័ត៌មានដែល សួរតាមរយៈបណ្តាញសង្គមនៅឡើយ គិតត្រឹមថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៦ ដូច្នេះ មិនទាន់ដឹងនៅឡើយថា ការដកឃ្លាវិលចូលស្រុករបស់នាង នឹងកើតឡើងនៅពេលណា ហើយតើនេះគ្រាន់តែជាការបែក ពីស្វាមីមួយរយៈ ដើម្បីដោះស្រាយបញ្ហារង្គោះរង្គើឬយ៉ាងណា?…៕ ស្រីម៉ៅ

12494795_1033957343361301_2271231858870257444_n

12920451_1029025123854523_4004322522548799459_n

RELATED ARTICLES