Friday, April 19, 2024
Homeតារាខ្មែរសុគន្ធ និសា រៀបការតាមក្បួនខ្នាតប្រពៃណីខ្មែរ​ទាំងអស់ ខណៈលោកករុណា ពេជ្រ ចងដៃ១៦៨ដុល្លារ ផ្កាកុលាប១៦៩ទង

សុគន្ធ និសា រៀបការតាមក្បួនខ្នាតប្រពៃណីខ្មែរ​ទាំងអស់ ខណៈលោកករុណា ពេជ្រ ចងដៃ១៦៨ដុល្លារ ផ្កាកុលាប១៦៩ទង

សុគន្ធ និសា ដែលមានឈ្មោះដើមថា ប៉ុន សុគន្ធា បានលាភាពនៅលីវ ត្រឹមថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៧ នេះហើយ ដែលកូនកំលោះអាចឆាបឆក់យកបេះដូងនាងបាននោះ គឺជាប្រុសខ្មែរ នៅអាមេរិក រដ្ឋឡូវែល៍ លោកចៅ សម្បត្តិ ហៅសាំបា។ ក្នុងលិខិតអញ្ជើញភ្ញៀវឲ្យចូលរួមមង្គលការរបស់សុគន្ធ និសា នោះបានបញ្ជាក់ថា ថ្ងៃមង្គលរបស់នាង គឺបានប្រព្រឹត្តតាមប្រពៃណីខ្មែរទាំងអស់ ដែលរៀបចំនៅគេហដ្ឋានរបស់នាងផ្ទាល់ ផ្ទះលេខ១៤ ផ្លូវលេខ៩ បុរីពិភពថ្មី គីឡូម៉ែត្រលេខ៦ ដូចជា នៅរសៀលថ្ងៃទី៣០ ខែវិច្ឆិកា មានពិធីក្រុងពាលី, ពិធីសូត្រមន្ដចម្រើនព្រះបរិត្ត, ពិធីជាវខាន់ស្លា។ ចំណែកព្រឹកថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៧ មានធ្វើពិធីហែរជំនូន (កំណត់), ពិធីនិយាយជើងការ និងពិសាស្លា, ពិធីបំពាក់ចិញ្ចៀន, ពិធីកាត់សក់ចម្រើនកេសា, ពិធីបើកវាំងនន ជូនផ្កាស្លា បង្វិលពពិល ផ្ទឹមចងដៃ បានផ្កាស្លា និងព្រះថោងតោងស្បៃនាងនាគ។

លិខិតអញ្ជើញបញ្ជាក់ច្បាស់ៗថា កូនក្រមុំឈ្មោះប៉ុន សុគន្ធា ហៅសុគន្ធ និសា ដែលមានឪពុកឈ្មោះប៊ូ សុផារ៉ាត់ ម្ដាយឈ្មោះជិន គីមលីន។ ចំណែកកូនប្រុសឈ្មោះ ចៅ សម្បត្តិ (សាំបា) ដែលមានឪពុកឈ្មោះចៅ សុខា និងម្ដាយឈ្មោះ នាង ស៊ីផា ហើយកម្មវិធីជប់លៀងធំនៅសណ្ឋាគាសូហ្វីតែល ភ្នំពេញ ភូគិត្រា។

តាមប្រភពបានឲ្យដឹងថា សុគន្ធ និសា បានហៅភ្ញៀវភាគច្រើនជាតារាសិល្បៈល្បីៗ ជាអ្នកជិតស្និទ្ធប៉ុណ្ណោះ ចំណែកតារាដែលធ្លាប់រាប់អានគ្នាជាមួយនាងធម្មតាៗនោះ និសា មិនហៅឡើយ។ ចំណែកភ្ញៀវខាងកូនប្រុស ក៏មានអាណិកជនខ្មែរ នៅអាមេរិក មួយចំនួន បានមកដល់ភ្នំពេញ វិញ ១ថ្ងៃ មុនសុគន្ធ និសា និងលោកចៅ សម្បត្តិ រៀបការមុន១ថ្ងៃដែរ។

ដោយឡែករឿងថ្លៃបណ្ណាការ (ថ្លៃទឹកដោះ) ត្រូវបានក្រុមគ្រួសារនិសា មិនបង្ហើបប្រាប់ឲ្យដឹងឡើយ គ្រាន់តែអ្នកកំដរម្នាក់របស់និសា ថា ចិញ្ចៀនដែលខាងប្រុសបំពាក់ឲ្យនោះ មានតម្លៃមិនក្រោម៣ម៉ឺនដុល្លារឡើយ ខណៈដែលមង្គលការទាំងមូល គឺត្រូវចំណាយខ្ទង់១០ម៉ឺនដុល្លាឯណោះ។

ការដឹកដៃគូដណ្ដឹង លោកសាំបា ចូលរោងការត្រឹមថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៧ របស់សុគន្ធ និសា នេះ គឺក្រោយ៥ថ្ងៃតែប៉ុណ្ណោះ ដែលអតីតសង្សារ លោកសុខ ជំនោរ បានដឹកដៃគូស្នេហ៍ថ្មី អ្នកនាងស្រី សុរង្សី រៀបការកាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៧ ដែរ ទើបមហាជនបានលាន់មាត់ថា និសា និងលោកជំនោរ រៀបការដូចបណ្ដាក់គ្នាអីចឹង គឺបើការ គឺការទាំងអស់គ្នាតែម្ដង។

ប្រភពបានឲ្យដឹងថា សុគន្ធ និសា នឹងត្រូវផ្អាកពីការងារសិល្បៈរយៈពេលខ្លីប៉ុណ្ណោះ នៅពេលដែលនាងក្លាយទៅជាភរិយាស្របច្បាប់របស់លោកសាំបា គឺនាងអាចនឹងចេញទៅក្រេបទឹកឃ្មុំ (honeymoon) នៅកោះម៉ាល់ឌីវ និងបង្ហួសទៅសហរដ្ឋអាមេរិក ទៀត ព្រោះថា ស្វាមីនាងមានផ្ទះនៅក្រុងឡូវែល៍។

ក្រុមការងារផលិតកម្មរស្មីហង្សមាស បានបង្ហើបឲ្យដឹងថា សុគន្ធ និសា អាចសម្រាកពីសិល្បៈត្រឹម២សប្ដាហ៍ទេ ព្រោះថាកម្មវិធីមួយចំនួននាងបានកុងត្រាជាមួយក្រុមហ៊ុនគេអីចឹងត្រូវតែទៅច្រៀងឲ្យគេ ព្រោះអីគេកក់លុយអស់ហើយ។

នៅមុនថ្ងៃសុគន្ធ និសា គ្រងឈុតកូនក្រមុំនេះ ២ថ្ងៃ លោកករុណា ពេជ្រ ដែលជាអ្នកជិតដិតជាមួយសុគន្ធ និសា និងធ្លាប់ជ្រកកោនក្រោមដំបូលតែ១ ជាមួយគ្នា បានយកបាច់ផ្កា១បាច់ និងប្រាក់មួយចំនួនទៅចងដៃនិសា មុនថ្ងៃដល់ក្រាបផ្ទឹមផងដែរ ព្រោះថាអ្នកគ្រប់គ្រងផលិតកម្មថោន រូបនេះ មិនបានទៅចូលរួមកម្មវិធីជប់លៀងធំរបស់និសា ឡើយ ដោយសារលោកមានធុរៈជាប់រវល់នៅខេត្តសៀមរាប។

លោកករុណា ពេជ្រ ប្រាប់ថា ”ចូលរួមអបអរ និសា និងបងប្រុស សម្រាប់ថ្ងៃមង្គលជ័យ 01.12.2017 ជួនពរបងប្រុស និងនិសា ចាប់ដៃគ្នាជួបតែសេចក្ដីសុខសុភមង្គលជារៀងរហូត Sorry ដែលខ្ញុំមិនចូលរួមថ្ងៃពិសេសរបស់មិត្តល្អ និងបងប្រុសដ៏ល្អ ដោយសារមានការងារត្រូវបំពេញនៅខេត្តសៀមរាប… ដូច្នេះខ្ញុំមានតែបាច់ផ្កាកូលាប១៦៨ទង ជួនពរឲ្យស្រលាញ់គ្នារហូតដល់១៦៨ឆ្នាំ និងទឹកប្រាក់១៦៨$ តំណាងលាភជ័យចាប់ដៃគ្នាហេងហេង រកលុយបានច្រើនៗ រហូត រហូត រហូត”។

គួរបញ្ជាក់ថា សុគន្ធ និសា បានចែកផ្លូវគ្នាជាមួយសង្សារចាស់ លោកសុខ ជំនោរ កាលពីឆ្នាំ២០១១ បន្ទាប់ពីបានសាងស្នេហ៍៧ឆ្នាំ។ សុគន្ធ ​និសា បានភ្ជាប់ស្នេហ៍ជាមួយលោកចៅ សម្បត្តិ ជាង៦ឆ្នាំ មុនប្រគល់បេះដូងជូនអាណិកជនខ្មែរ នៅអាមេរិក តាមរយៈការចូលរោងការតាមប្រពៃណីខ្មែរត្រឹមត្រូវនេះ។

លោកករុណា ពេជ្រ

សុគន្ធ ​និសា មុនលាភាពក្រមុំនេះបានតំណែងតួឯក២រឿង គឺរឿង ”សិសិររដូវក្នុងបេះដូង” ដែលកំពុងតែទទួលបានការគាំទ្រច្រើន និងថតមិនទាន់ចប់រឿង ”រាជិនីភូមិគ្រឹះ”។ និសា ក៏ត្រូវហង្សមាស ផ្ដល់ជូនកាដូពិសេសដែរ មុនលាភាពនៅលីវនេះ តាមរយៈការឲ្យតំណែងធំជាគ្រូបង្វឹក Coach ក្នុងកម្មវិធី “The Voice Kids Cambodia” ផងដែរ ដែលអាចទប់លំនឹងនិសា កុំឲ្យធ្លាក់ខ្លាំងនៅពេលដែលប្ដូរជា ”កញ្ញា” ទៅជា ”អ្នកនាង” នាពេលនេះ៕

RELATED ARTICLES