Monday, December 23, 2024
Homeព័ត៌មានជាតិខ្មោចឡានបុក លងបងប្អូនឯង

ខ្មោចឡានបុក លងបងប្អូនឯង

យុវជន ដ៏ក្រីក្រម្នាក់ ពេលដើរឆ្លងផ្លូវ ក៏ត្រូវរថយន្តបុក រួចបើករត់បាត់ ឯយុវជនរងគ្រោះ ត្រូវសមត្ថកិច្ចចាត់ចែងបញ្ជូនទៅមន្ទីរពេទ្យ ជាអកុសល ក៏ស្លាប់ទៅ។ ដោយសារបងប្អូនសុទ្ធតែក្រ មិនបានធ្វើបុណ្យឱ្យត្រឹមត្រូវតាមមាគ៌ាព្រះពុទ្ធសាសនា បណ្តាលឱ្យព្រលឹងខ្មោចតៃហោងនោះ វិលវល់តាមលង បន្លាចបងប្អូនគ្រប់គ្នា រហូតអ្នកខ្លះលែងហ៊ានដេកផ្ទះ…។

កាលពីថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៧ មាន យុវជនម្នាក់ឈ្មោះលន់ រិទ្ធ អាយុ២៥ឆ្នាំ មានលំនៅ ភូមិគោកសណ្តែក ឃុំក្រាំងចេក ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ត្រូវរថយន្តមិនស្គាល់ម៉ាកបុកដួលសន្លប់ ស្តូកស្តឹង ខណៈដែលគេដើរឆ្លងផ្លូវ លុះបញ្ជូនទៅដល់ មន្ទីរពេទ្យ ក៏ទទួលមរណភាពយ៉ាងអាណោចអាធ័ម ដោយបងប្អូនមិនបានដឹង។ ក្រោយមក សមត្ថកិច្ច ស្រាវជ្រាវឃើញ ក៏ឱ្យដំណឹងដល់បងប្អូនមកដឹកសព ទៅធ្វើបុណ្យនៅស្រុកកំណើត ប៉ុន្តែដោយសារជីវភាព ក្រីក្រ កំព្រាឪពុកម្តាយផងនោះ ទើបបងប្អូនទាំងអស់ ធ្វើបុណ្យខ្ជីខ្ជា បណ្តាលឱ្យព្រលឹងសពវិលវល់ លង បន្លាចបងប្អូនរាល់យប់។

កន្លែងដែលខ្មោចលង

នាងលន់ សុធារី អាយុ១៨ឆ្នាំ ជាប្អូនទី៥ នៃសព បានរៀបរាប់ថា នាងមានបងប្អូន៦នាក់ ក្នុងនោះ បងប្រុសលន់ រិទ្ធ ជាកូនទី៣ នៅកំលោះ ដែលឪពុក ម្តាយស្លាប់ចោលអស់ហើយ។ បងប្អូននាងមានគូស្រករជិតអស់ហើយ សូម្បីរូបនាងក៏មានប្តីដែរ ហើយ ពេលបងប្រុសត្រូវរថយន្តបុកនោះ នាងកំពុងពពោះជិត ដល់ថ្ងៃសម្រាល។ ពេលយកសពបងប្រុសមកដល់ផ្ទះ នាងយំស្តាយខ្លាំងណាស់ និងបានអុជធូបបន់ស្រន់ថា សូមកុំឱ្យបងប្រុសលងបន្លាចនាងអី ខ្លាចប៉ះពាល់ដល់កូនក្នុងផ្ទៃ ព្រោះជាកូនដំបូង ប៉ុន្តែ ពេលនេះ នាងឆ្លងទន្លេរួចហើយ គ្មានផលវិបាកអ្វីទេ។ នាងបញ្ជាក់ថា បងប្រុសនាងជាកំលោះស្លូតបូតសុភាពរាបសាណាស់ ពេលគាត់ចេញ ទៅរកស៊ី ដើរឆ្លង

ដោយសារតែគ្រួសារក្រីក្រ បានត្រឹមតែចេក មួយស្និត សែនឲ្យតែប៉ុណ្ណោះ

ថ្នល់ ក៏ត្រូវរថយន្តបុក រួចអ្នកបើកបរនោះបន្ថែមល្បឿនបើកគេចបាត់ទៅ។ ពេលសមត្ថកិច្ចបញ្ជូនជនរងគ្រោះទៅដល់មន្ទីរពេទ្យ បង្អែកខេត្តកំពង់ស្ពឺ ដោយសារគ្មានសាច់ញាតិ ទៅកំដរ ទើបគ្រូពេទ្យុមិនសូវយកចិត្តទុកដាក់ រហូតដល់បងប្រុសស្លាប់គួរឱ្យសង្វេគ។ លុះប៉ូលិសស្រាវជ្រាវឃើញ ទើបបងប្អូននាងទៅដឹកសពមករៀបចំធ្វើបុណ្យយ៉ាងខ្ជីខ្ជា សូម្បីបុណ្យវេរ៧ថ្ងៃ ក៏មិនបានធ្វើដែរ ព្រោះម្នាក់ៗសុទ្ធតែក្រ។ យប់មួយ ស្រាប់តែនាងឃើញបងប្រុស នេះបង្ហាញខ្លួនត្អូញត្អែរថា គាត់អត់អាវពាក់ទេ ធ្វើឱ្យនាងភ័យស្លន់ស្លោ អុជធូបបន់ថា ចាំនាង មានលុយនឹងទិញអាវមកសែនឱ្យ សុំតែបងឈប់មកលងប្អូនទៀតទៅ។
លោកស៊ិនិ វណ្ណៈ អាយុ៣៦ឆ្នាំ ជាបងថ្លៃនៃសព និងជាប្តីបងស្រីទី២ បានឱ្យដឹងថា ខ្មោចប្អូនរិទ្ធ បានមកបង្ហាញខ្លួនឱ្យលោកឃើញស្ទើរតែរាល់យប់ ត្អូញថា គេគ្មានអីហូបទេ ឥឡូវហេវខ្លាំងណាស់។ ដោយសារតែខ្លាចខ្មោចលងពេក លោកក៏ទៅទិញចេក១ស្និតមក សែនឧទ្ទិសឱ្យទៅ ប៉ុន្តែខ្មោចនេះ នៅតែលងបងប្អូនឯទៀតបណ្តាក់គ្នា រហូតដល់លោក ភ័យខ្លាចចង់រត់ចោលផ្ទះ។

លោកស៊ិនិ វណ្ណៈ

យុវជនផន ពេជ្រ អាយុ២០ឆ្នាំ ជាប្អូនថ្លៃនៃសព និងជាប្តីនាងលន់ សុធារី បានរៀបរាប់ថា ជារៀងរាល់យប់ បងរិទ្ធ តែងតែមកបបួលរូបគេឱ្យជួយជាន់អំបុក ព្រោះកាលនៅរស់ បងរិទ្ធ តែងតែប្រកបរបរជាន់អំបុកនឹងត្បាល់ក្តឿង ដោយរកស៊ីចូលហ៊ុនជាមួយបងស្រីម្នាក់ទៀត។ បន្ទាប់ពីដឹងថា ខ្មោចបងរិទ្ធ មកលងបងប្អូនគ្រប់គ្នាបែបនេះ ទើបគេសម្ងំទទូរ ភួយ មិនចេញទៅតាមការបបួលនោះទេ ស្រាប់តែមួយសន្ទុះក៏ឮសូរដូចមនុស្សជាន់អំបុក នឹងត្បាល់ ឮគ្រាំង! គ្រាំង! លុះគេក្រោកមើលគ្មានឃើញអ្នកណាម្នាក់សោះ ទើបដឹងថា ខ្មោច បងថ្លៃនេះ មកលងជាន់អំបុកតែម្តង ធ្វើឱ្យរូបគេភ័យស្ទើរលស់ព្រលឹង តែមិនដឹងជារត់ទៅណា។

នាងចេង ណាក់

នាងឃិន អ៊ីង អាយុ២២ឆ្នាំ ជាអ្នកជិតខាង បានឱ្យដឹងថា រូបនាងកំពុងមានផ្ទៃពោះ ជិតគ្រប់ខែហើយ តែងតែយល់សប្តិឃើញខ្មោចលោករិទ្ធ មកប្រាប់ថា គេមានគូស្នេហ៍ម្នាក់ រស់នៅភូមិព្រៃក្រសាំង ឃុំព្រៃក្រសាំង ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។ ពួកគេមិនទាន់បានប៉ះពាល់គ្នាផង គ្រាន់តែស្រលាញ់ចិត្តនិងចិត្ត ក៏ព្រាត់ប្រាសគ្នាទៅ ធ្វើឱ្យរូបនាងភិតភ័យ ព្រោះយល់សប្តិដដែល បែបនេះរាល់យប់ ក៏រត់ទៅដេកផ្ទះម្តាយមីង រហូតដល់ឆ្លងទន្លេរួចទើបវិលមកផ្ទះខ្លួនវិញ។

នាងលន់ សុធារី

នាងចេង ណាក់ អាយុ២៣ឆ្នាំ មានផ្ទះជាប់របងគ្នានឹងផ្ទះសព បានប្រាប់ថា សូម្បីតែ ពេលថ្ងៃ នាងកំពុងដេកសុខៗ ក៏ខ្មោចលោករិទ្ធ ទៅលងដែរ ដោយឃើញឈរពីលើក្បាលនាង លុះនាងរើបម្រះ ខ្មោចនោះរត់មកចាប់ជើងនាង ដោយប្រាប់ថា គេមកជួបនាងចង់ប្រាប់ដំណឹងល្អ តែនាងខ្លាចពេក ក៏ប្រឹងស្រែកផ្អើលអ្នកជិតខាង។
នាងលន់ សុធារិទ្ធ និងនាងលន់ សុផល្លា ជាបងស្រីបង្កើតនៃសព បានឱ្យដឹងស្របគ្នាថា ប្អូនប្រុសពួកនាងស្លាប់

នាងឃិន អ៊ីង

ទាំងអយុត្តិធម៌ រកមុខអ្នកបើកបររថយន្តមិនឃើញ ហើយសូម្បីតែ គ្រូពេទ្យក៏មិនយកចិត្តទុកដាក់ក្នុងការសង្គ្រោះជីវិតជន ក្រីក្រ បណ្តាលឱ្យប្អូនស្លាប់យ៉ាងអាណោចអាធ័ម។ លុះពេលគេដាច់ខ្យល់ហួស ទើបប៉ូលិសមកប្រាប់ឱ្យទៅដឹកខ្មោចមកធ្វើបុណ្យ តែដោយ ជីវភាពបងប្អូននាងត្រដាបត្រដួសពេក ធ្វើបុណ្យមិនបានគគ្រឹកគគ្រេង និងមិនបានធ្វើបុណ្យ វេរ៧ថ្ងៃផងនោះ បណ្តាលឱ្យព្រលឹងប្អូនប្រុសវិលវល់ តាមលងតែបងប្អូនឯង និងអ្នកជិតខាងភូមិផងរបងជាមួយ។ អ្វីដែលច្បាស់បំផុត គឺខ្មោចលងជាន់អំបុក ឮគ្រាំង! គ្រាំង! ទាំងយប់ លុះម្នាក់ៗរកមើល អត់ឃើញមនុស្សជាន់ ត្បាល់ក្តឿងនោះទេ ទើបដឹងថា ខ្មោចប្អូនរិទ្ធ លងតែម្តង ព្រោះកាលនៅរស់ គេធ្លាប់ជាន់អំបុកលក់។

យុវជនផន ពេជ្រ

គួរបញ្ជាក់ថា តាមជំនឿបុរាណ ខ្មោចតៃហោង ដែលក្រុមគ្រួសារ មិនបានធ្វើបុណ្យ ឬធ្វើខ្ជីខ្ជា ព្រលឹងក៏នៅវិលវល់រកភពថ្មីមិនឃើញទេ អាចនឹង លងបងប្អូន ឬអ្នកជិតខាងឱ្យភ័យបះសក់ លែងហ៊ាននៅផ្ទះ។ ហេតុនេះ គួរតែអាជ្ញាធរមូលដ្ឋានជួយដោះស្រាយបញ្ហានេះផង ដោយជួយរៃអង្គាស ប្រាក់ពីអ្នកភូមិ និងជួយចាត់ចែងធ្វើបុណ្យឧទ្ទិសជូនសពផង ទើបវិញ្ញាណក្ខន្ធសព បានសុខស្ងប់ និងបានទៅយោនយកកំណើតក្នុងសុគតិភព លែង វិលវល់លងបន្លាចបងប្អូនតទៅទៀត…”៕

ផ្ទះបងប្អូន (សព្វ) រស់នៅជុំគ្នា
RELATED ARTICLES