Thursday, April 25, 2024
Homeតារាខ្មែររ៉េត ស៊ូហ្សាណា ស្អិតល្មួតជាមួយប្រុសសង្ហា

រ៉េត ស៊ូហ្សាណា ស្អិតល្មួតជាមួយប្រុសសង្ហា

រ៉េត ស៊ូហ្សាណា កំពុងមានយីអ៊ុនឡើងក្រឺតៗ ព្រោះត្រូវហង្សមាស រុញគ្រប់ផ្នែក ទាំងចម្រៀង ស្ពត និងភាពយន្ត ព្រមគ្នាតែម្តង ដែលធ្វើឱ្យស្រីក្មេងរូបនេះ ក្លាយជាតារាសំខាន់របស់ហង្សមាស។

តើស៊ូហ្សាណា នឹងអាចប្រជែងជាមួយតារាខ្លាំងៗរបស់ហង្សមាស បានដែរទេ នាពេលខាងមុខនេះ? ខណៈពេលនេះ ស្រីស្អាតរូបនេះស្អិតល្មួតខ្លាំងដូចគូស្នេហ៍ជាមួយប្រុសសង្ហា សុខ វិបុល ហៅ Step…។

រ៉េត ស៊ូហ្សាណា ច្រើនតែទៅណាបណ្តើរប្រុសក្មេងរូបសង្ហាភ្នែកតូច ដែលជាប្អូនប្រុសលោកសុខ សេរីវឌ្ឈនា លោកសុខ វិបុល ហៅ Step ដែលសកម្មភាពរបស់ស្រីស្អាតរូបនេះ ធ្វើឱ្យគេចាប់អារម្មណ៍ខ្លាំងថា ពួកគេមានភាពស្និទ្ធស្នាលគ្នាមិនខុសពីគូស្នេហ៍ឡើយ។ ជាក់ស្តែងដូចជាថ្មីៗនេះ ស៊ូហ្សាណា និងលោក Step បានបណ្តើរគ្នាត្រសងទៅចូលរួមមង្គលការតារាចម្រៀងរួមទ្រនំ សុគន្ធ និសា ធ្វើឱ្យភ្ញៀវជាច្រើនចាប់អារម្មណ៍អ្នកចម្រៀងយុវវ័យ១គូនេះថា ពិតជាសមគ្នាខ្លាំងទៀតផង ព្រោះស្រីស្អាតជាគូនឹងប្រុសសង្ហា។

ភាពយល់ចិត្តគ្នាទាំងក្នុងនិងក្រៅឆាករបស់រ៉េត ស៊ូហ្សាណា និងលោក Step ពោលគឺកើតមានឡើង ក្រោយពីអ្នកទាំង២បានចាប់ដៃគ្នាសម្តែងភាពយន្តរឿង “បិសាចគួរឱ្យស្រលាញ់” ដែលស៊ូហ្សាណា ជាតួឯកស្រី និងលោក Step ជាតួឯកប្រុស។ ដោយសារតែពួកគេហាក់មានភាពលេចធ្លោលើរូបសម្រស់ខ្លាំងជាងទឹកដមសំឡេងនោះ ទើបថ្មីៗនេះ ស៊ូហ្សាណា និងលោក Step ត្រូវបានក្រុមហ៊ុនទូរស័ព្ទ Oppo ជ្រើសឱ្យតារាវ័យក្មេងទាំង២ ធ្វើជា BA បន្ថែមពីលើពេជ្រ សោភា ផងដែរ។

រ៉េត ស៊ូហ្សាណា បានយកបទរបស់ខ្លួនច្រៀងជាមួយលោក Step គឺបទ “សុំ១នាទីជាសង្សារ” សម្តែងលើឆាក Oppo ដោយពួកគេបានសម្តែងជាឈុតស្នេហាបានយ៉ាងល្អ។

រ៉េត ស៊ូហ្សាណា ដែលល្បីបទ “ឈប់” និង “ប្រយោគស្នេហ៍” នោះ បានធ្វើឱ្យអតីតបេក្ខភាព The Voice Cambodia រដូវកាលទី២ ដែលបរាជ័យក្នុងការលើកពាននេះ មានទីផ្សារចម្រៀង ដោយលេចមុខតាមកម្មវិធីប្រគំតន្ត្រី និងស្ពតពាណិជ្ជកម្មផ្សេងៗទៀត ជាមួយតម្លៃខ្លួនច្រៀង១កម្មវិធី ស៊ីថ្លៃជាង១ពាន់ដុល្លារ ដែលថ្លៃជាងម្ចាស់ពាន “The Voice Cambodia” រដូវកាលទី២ ថែល ថៃ ទៀតផង។ ដោយឃើញស៊ូហ្សាណា អាចរុញទៅមុខបានបែបនេះហើយ ទើបផលិតកម្មរស្មីហង្សមាស បានជួយតារាវ័យក្មេងរូបនេះ ឱ្យកាន់តែលោតទៅមុខថែមទៀត តាមរយៈការថតភាពយន្តភាគជាតួឯកដំបូងរបស់ខ្លួន គឺរឿង “បិសាចគូរឱ្យស្រលាញ់”។ ខណៈឈិន ម៉ានិច្ច ដែលជាម្ចាស់ពាន Cambodian Idol រដូវកាលទី២នោះ បែរជាស្ងប់ស្ងាត់ទៅវិញ និងមានសន្ទុះមិនស្មើស៊ូហ្សាណា ឡើយ។

រ៉េត ស៊ូហ្សាណា មិនធ្លាប់មានរឿងអាស្រូវស្នេហាឡើយ តាំងពីហក់ចូលផលិតកម្មរស្មីហង្សមាស ជិត២ឆ្នាំនេះ ហើយកន្លងមក គេសង្កេតឃើញថា តារាធ្មេញច្រពើសសាច់សខ្ចីរូបនេះ មានឪពុក និងម្តាយនាងតាមការពារជាប់ជានិច្ច ព្រោះតែលេចឮថា មានប្រុសៗជាច្រើនតាមស្នេហ៍តារាសាច់សខ្ចីល្ហក់រូបនេះ ដែលក្នុងនោះ មានទាំងមន្ត្រីធំៗផង។

យ៉ាងណា ពេលនេះ ស៊ូហ្សាណា មានបុរសដែលអាចការពារនាងបានហើយ នោះគឺលោក Step ដែលប្រុសសង្ហារូបនេះ ហាក់ដូចជាថ្នមចិត្តស្រីស្អាតខ្លាំងជាងមិត្តរួមអាជីពធម្មតា។ ប៉ុន្តែ ប្រភពបានឱ្យដឹងថា តារាយុវវ័យទាំង២ គឺមានមនុស្សពិសេសរៀងៗខ្លួនទៅហើយ គ្រាន់តែពេលនេះ ពួកគេក្លាយទៅជាអ្នកតំណាងរបស់ Oppo ដូចគ្នា ហើយត្រូវចុះធ្វើសកម្មភាពរួមគ្នា ហេតុនេះហើយ បានជាមើលទៅហាក់ស្អិតល្មួតគ្នាខ្លាំងជាងវី ឌីណែត និងនី រតនា ទៅទៀត។

ទោះជាយ៉ាងណា រ៉េត ស៊ូហ្សាណា មិនអាចទាក់ទងសុំយោបល់បានទេ។

រ៉េត ស៊ូហ្សាណា ពេលនេះមានក្រុមរាំអមផ្ទាល់ខ្លួន ដូចតារាល្បីខ្លាំងៗដែរ ហើយក្បាច់រាំរបស់ស្រីស្អាតរូបនេះ ក៏មានភាពទាក់ទាញមិនធម្មតាដែរ ទើបធ្វើឱ្យមហាជនបានលើកឡើងថា ស្រីក្មេងរូបនេះនឹងក្លាយទៅជាតារាចម្រៀងសំខាន់របស់ហង្សមាស នៅពេលអនាគត តែការប្រជែងជាមួយអ្នកចម្រៀងជើងខ្លាំងរបស់ហង្សមាស មានដូចជា ឱក សុគន្ធកញ្ញា, ពេជ្រ សោភា និងសួស វីសា ជាដើម បានដែរឬអត់នោះ ត្រូវបានអ្នកជំនាញសិល្បៈបញ្ជាក់ថា សមត្ថភាពស៊ូហ្សាណា គឺមិនអាចទៅរួចឡើយ តែនាងឈ្នះតារាខាងលើ នៅលើរូបសម្រស់ និងវ័យក្មេង ទើបបានជាថៅកែហង្សមាស ពេញចិត្ត និងបន្តលើកស្ទួយនាងជាងតារារួមជំនាន់ផ្សេងៗទៀត៕

RELATED ARTICLES