Friday, April 19, 2024
Homeព័ត៌មានជាតិចិត្តព្រៃផ្សៃបំផុត!!! ចោទប្រពន្ធមានកូនជាមួយសហាយ វាយនិងច្របាច់ក ស្លាប់ជាមួយកូនក្នុងផ្ទៃពោះ៩ខែ

ចិត្តព្រៃផ្សៃបំផុត!!! ចោទប្រពន្ធមានកូនជាមួយសហាយ វាយនិងច្របាច់ក ស្លាប់ជាមួយកូនក្នុងផ្ទៃពោះ៩ខែ

ខេត្តតាកែវ ៖ បុរសម្នាក់ ព្រោះតែភ្លើងប្រចណ្ឌដុតរោលពេញទ្រូង រហូតដល់ទ្រាំលែងបាន ក៏បែកគំនិត វាយនិងច្របាច់កសម្លាប់ប្រពន្ធរបស់ខ្លួន ដែលកំពុងពពោះកូនក្នុងផ្ទៃ៩ខែ ជិតដល់ថ្ងៃសម្រាល បណ្តាលឱ្យស្លាប់ទាំងម្តាយ និងកូនក្នុងផ្ទៃយ៉ាងសង្វេគ បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង២រំលងអធ្រាត្រ ឈានចូលថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៧ នៅចំណុចភូមិជាវប្តីខាងកើត ឃុំតាអូរ ស្រុកគិរីវង់។

ជនសង្ស័យជាប្តី និងជាឃាតករចិត្តឃោរឃៅ ដែលវាយសម្លាប់ប្រពន្ធពោះធំគ្រប់ខែ ដោយគ្មានញញើតដៃ មានឈ្មោះសែម វីរៈ អាយុ៣៨ឆ្នាំ មុខរបរកសិករ មានស្រុកកំណើតនៅភូមិមេសាង ឃុំពារាំង ស្រុកពារាំង ខេត្តព្រៃវែង។ ចំណែកស្ត្រីរងគ្រោះជាប្រពន្ធ មានឈ្មោះអេង ស្រយ អាយុ៣០ឆ្នាំ កំពុងមានផ្ទៃពោះ៩ខែ កៀកដល់ថ្ងៃសម្រាលទៅហើយ ស្រាប់តែត្រូវមកស្លាប់ជាមួយម្តាយក្រោមស្នាដៃឪពុកចិត្តកំណាច គួរឱ្យសង្វេគ។ ប្តីប្រពន្ធខាងលើនេះ មានលំនៅក្នុងភូមិកើតហេតុខាងលើ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា ជនដៃដល់ជាឃាតករសម្លាប់ប្រពន្ធខ្លួនឯងនេះ កន្លងមកធ្លាប់ធ្វើជាពលករចំណាកស្រុកចេញទៅធ្វើការនៅប្រទេសថៃ និងធ្លាប់បានប្រើប្រាស់គ្រឿងញៀន រហូតធ្វើឱ្យមានសតិស្មារតីមិនសូវប្រក្រតី ចង់ក្លាយជាមនុស្សសរសៃប្រសាទទៀតផង។ ដោយសារតែបែបនេះហើយ ទើបមួយថ្ងៃ ជនដៃដល់ចេះតែរករឿងប្រពន្ធមិនឈប់ និងចេះតែចោទប្រកាន់ថា ប្រពន្ធបានលួចលាក់មានសហាយជាមួយប្រុសឈ្មោលផ្សេង ហើយសូម្បីតែកូនក្នុងផ្ទៃ៩ខែ ដែលជិតដល់ថ្ងៃកើតចេញមកឃើញពន្លឺថ្ងៃទៅហើយនេះ ក៏ត្រូវជនដៃដល់ជាឪពុកចោទប្រកាន់ថា មិនមែនជាកូនរបស់ខ្លួនដែរ និងថា គឺជាកូនរបស់ប្រពន្ធជាមួយប្រុសសហាយដែលលួចលាក់ទាក់ទងសហាយស្មន់នឹងគ្នា។

ប្រភពដដែលបន្តថា កន្លងមក ស្ត្រីជាប្រពន្ធ ក៏ធ្លាប់បានពន្យល់បកស្រាយប្រាប់ប្តីដែរថា នាងមានចិត្តស្មោះត្រង់នឹងប្តីណាស់ មិនដែលមានកូនចិត្តក្បត់ផិតប្តីម្តងណាឡើយ តែទោះជាពន្យល់យ៉ាងណា ក៏ប្តីកំណាចនេះមិនខ្ចីយកត្រចៀកស្តាប់ដែរ។ ទីបំផុត ក៏ឈានដល់ការវាយនិងច្របាច់កសម្លាប់ប្រពន្ធ និងកូនក្នុងផ្ទៃ យ៉ាងព្រៃផ្សៃបែបនេះតែម្តង។

 

តាមប្រភពពីបងថ្លៃរបស់ជនដៃដល់ និងត្រូវជាបងបង្កើតរបស់ស្ត្រីរងគ្រោះ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ កាលពីយប់ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៧ គាត់បានឮសំឡេងប្តីប្រពន្ធពួកគេឈ្លោះប្រកែកគ្នាពីរឿងដដែលៗ គឺប្តីចោទថាប្រពន្ធមានសហាយ លុះដល់យប់ជ្រៅ ក៏ស្ងាត់សំឡេងទៅវិញ។ រហូតមកដល់អំឡុងម៉ោង២រំលងអធ្រាត្រ ឈានចូលថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៧ គាត់ក៏បានឮសម្រែកប្អូនស្រីឱ្យជួយ ហើយមួយសន្ទុះ ក៏ស្ងាត់មាត់ទៅវិញ ទើបគាត់មានការសង្ស័យ ក៏ដើរទៅអើតមើល ស្រាប់តែប្រទះឃើញប្អូនស្រីត្រូវប្តីច្របាច់កស្លាប់បាត់ទៅហើយ។ ភ្លាមនោះ គាត់ក៏ប្រញាប់រាយការណ៍ប្រាប់សមត្ថកិច្ចឱ្យចុះជួយអន្តរាគមន៍។

សមត្ថកិច្ចមូលដ្ឋាន បានបញ្ជាក់ថា ក្រោយពីទទួលបានពាក្យបណ្តឹងពីបងថ្លៃជនសង្ស័យរួចមក កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកគិរីវង់ រួមជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលតាអូ ដឹកនាំដោយលោកវរសេនីយ៍ឯក យុគ សារ៉ាត់ អធិការនគរបាលស្រុក បានចុះអន្តរាគមន៍ភ្លាមៗ រហូតឈានដល់ការចាប់ខ្លួនជនសង្ស័យបាន នៅវេលាម៉ោង៦ព្រឹក ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៧។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យជាឃាតករ និងត្រូវជាប្តីស្ត្រីរងគ្រោះ បានឆ្លើយសារភាពថា រូបគេពិតជាបានធ្វើសកម្មភាពវាយ និងចាប់ច្របាច់កប្រពន្ធដែលកំពុងពពោះគ្រប់ខែ រហូតដល់ស្លាប់ប្រាកដមែន មូលហេតុដោយសារតែរូបគេប្រចណ្ឌប្រពន្ធសង្ស័យនាងមានសហាយ។

ជនជាឃាតករដៃឆៅខាងលើ ត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES