Thursday, March 28, 2024
Homeព័ត៌មានជាតិឃើញម៉ូតូគេចតភ្លេចដកសោ លួចជិះមកបង្អួតស្រីស្នេហ៍នៅភ្នំពេញ មិនទាន់បានអួតផង ប៉ូលិសវាយខ្នោះ

ឃើញម៉ូតូគេចតភ្លេចដកសោ លួចជិះមកបង្អួតស្រីស្នេហ៍នៅភ្នំពេញ មិនទាន់បានអួតផង ប៉ូលិសវាយខ្នោះ

ខេត្តកណ្តាល ៖ យុវជនឈាមរាវម្នាក់ ឃើញម៉ូតូអ្នកភូមិទុកចោលនៅក្រោមផ្ទះភ្លេចដកសោ ក៏បែកគំនិតលួចជិះចេញទៅពីខេត្តកណ្តាល បំណងបង្អួតស្រីស្នេហ៍របស់ខ្លួននៅភ្នំពេញ លុះម្ចាស់ម៉ូតូដាក់ពាក្យប្តឹង ក៏ត្រូវសមត្ថកិច្ចស្ទាក់ចាប់ខ្លួនបាន កាលពីវេលាម៉ោង៩និង៤០នាទីព្រឹក ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៧ នៅចំណុចភូមិឧសភា សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

យុវជនសង្ស័យដែលលួចម៉ូតូគេជិះយកទៅបង្អួតស្រីស្នេហ៍ តែមិនទាន់បានអួតផង ក៏ត្រូវសមត្ថកិច្ចចាប់វ៉ៃខ្នោះនេះ មានឈ្មោះសឿន វណ្ណេត អាយុ២២ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅក្នុងភូមិត្រពាំងកំភ្លាញ ឃុំទួលព្រេច ស្រុកអង្គស្នួល។ ចំណែកម្ចាស់ម៉ូតូមានឈ្មោះហៀង  សុខឃី អាយុ៤៧ឆ្នាំ មុខរបរគ្រូបង្រៀន មានលំនៅក្នុងភូមិជាមួយគ្នា។ ដោយឡែកម៉ូតូដែលជនសង្ស័យលួចយកទៅម៉ាកហុងដាឌ្រីម  សេ១២៥ ស៊េរីឆ្នាំ២០១៨ គ្មានពាក់ស្លាកលេខ។

តាមប្រភពពីស្ត្រីរងគ្រោះជាម្ចាស់ម៉ូតូ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ កូនប្រុសរបស់គាត់ឈ្មោះឌឿន ដុន អាយុ១៧ឆ្នាំ បានជិះម៉ូតូទៅផ្ទះជីតា លុះពេលត្រឡប់មកវិញ ក៏យកម៉ូតូទៅទុកនៅក្រោមផ្ទះដោយភ្លេចដកសោចេញពីម៉ូតូ រួចក៏ចូលទៅក្នុងផ្ទះបាយ ដើម្បីដាក់ដាំបាយ។ ស្រាប់តែមួយសន្ទុះក្រោយមក ក៏លាន់ឮសំឡេងម៉ូតូជិះចេញទៅ ទើបស្ទុះរត់ចេញទៅមើលឃើញជនសង្ស័យជាមនុស្សស្គាល់គ្នានៅក្នុងភូមិ បានជិះម៉ូតូរបស់ខ្លួនសំដៅទៅទិសខាងលិច ភ្លាមនោះ ពួកគាត់ជាម្ចាស់ម៉ូតូបាននាំគ្នាទៅដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចជួយអន្តរាគមន៍ រហូតឈានដល់ការស្ទាក់ចាប់ខ្លួនជនសង្ស័យបាននៅឯភូមិសាស្ត្ររាជធានីភ្នំពេញ ឯណោះ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា រូបគេពិតជាបានលួចម៉ូតូខាងលើប្រាកដមែន ដោយនៅមុនពេលកើតហេតុ រូបគេបានប្រទះឃើញម៉ូតូខាងលើ ត្រូវបានម្ចាស់ទុកនៅក្រោមផ្ទះដោយមានសោជាប់ម៉ូតូស្រាប់ ទើបខ្លួនបែកគំនិតលួចយកទៅ បំណងជិះទៅបង្អួតស្រីស្នេហ៍ តែចៃដន្យមិនទាន់បានជួបស្រីស្នេហ៍ផង ក៏ត្រូវសមត្ថកិច្ចស្ទាក់ចាប់ជាប់។

ជនសង្ស័យត្រូវបានសមត្ថកិច្ចខណ្ឌព្រែកព្នៅ ប្រគល់ទៅឱ្យសមត្ថកិច្ចស្រុកអង្គស្នួល ជាម្ចាស់ករណីដើម្បីចាត់ការបន្តតាមនីតិវិធី។ ចំណែកម៉ូតូត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យម្ចាស់ដើមវិញផងដែរ៕

RELATED ARTICLES