កូនអាយុ២ខែ ត្រូវម្តាយប្រមឹកចិត្តកំណាច ច្របាច់កសម្លាប់គ្មានអាសូរ

ខេត្តសៀមរាប ៖ ស្ត្រីជាម្តាយចិត្តអប្រិយម្នាក់ ព្រោះតែមានវិបត្តិផ្លូវចិត្តិធ្ងន់ ដោយសារតែប្តីបានរត់ចោលបាត់ ទើបចេះតែផឹកស្រា ក្លាយជាមនុស្សស្រវឹងខួប បានធ្វើសកម្មភាពចាប់ច្របាច់កូនស្រីរហូតដល់ស្លាប់យ៉ាងអាណោចអាធ័ម បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាព្រឹកថ្ងៃទី០២ ខែមករា ឆ្នាំ២០១៨ នៅចំណុចភូមិច្បារលើចាន់ស ស្រុកសូត្រនិគម។

ស្ត្រីជាម្តាយ និងជាឃាតករចាប់ច្របាច់កសម្លាប់កូនស្រីទើបនឹងមានអាយុ២ខែនេះ មានឈ្មោះស៊ុម ស៊ីនន អាយុ៣៨ឆ្នាំ មានលំនៅក្នុងភូមិកើតហេតុខាងលើ។ ចំណែកក្មេងស្រីរងគ្រោះមានឈ្មោះកើន ស្រីនីន ទើបនឹងមានអាយុ២ខែប៉ុណ្ណោះ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា ស្ត្រីដៃដល់ជាម្តាយរូបនេះ គឺជាមនុស្សស្រវឹងខួប ព្រោះតែខូចចិត្តនឹងរឿងប្តីរត់ចោល តាំងពីអំឡុងពេលពពោះកូនស្រីក្នុងពោះមកម៉្លេះ ទើបធ្វើឱ្យស្ត្រីដៃដល់ខូចចិត្តដើរផឹកស្រាស្រវឹងអួទីនួជារៀងរាល់ថ្ងៃ។ លុះមកដល់ព្រឹកថ្ងៃកើតហេតុ ខណៈដែលនៅផ្ទះតែ២នាក់ កូនស្រីតូចអាយុទើបនឹង២ខែ មិនដឹងជាយ៉ាងម៉េច ស្រាប់តែម្តាយអប្រិយរូបនេះសម្រេចចិត្តចាប់ច្របាច់កកូនស្រីរហូតដល់ស្លាប់យ៉ាងអាណោចអាធ័មតែម្តង។

ក្រោយកើតហេតុ អ្នកជិតខាងបានរាយការណ៍ប្រាប់សមត្ថកិច្ចចុះមកពិនិត្យ និងធ្វើកោសល្យវិច័យសពទារកអភ័ព្វ និងបានប្រទះឃើញមានស្នាមជាំនៅជុំវិញរង្វង់ក ដែលជាស្នាដៃរបស់ម្តាយអប្រិយចាប់ច្របាច់កសម្លាប់កូនស្រីបង្កើតខ្លួនឯង។

ស្ត្រីសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅសាកសួរ និងរៀបចំកសាងសំណុំរឿង បញ្ជូនទៅចាត់ការបន្តតាមនីតិវិធី៕