ភ្នំពេញ ៖ បុរសពីរនាក់ក្នុងចំណោមបក្សពួក៤នាក់ ត្រូវសមត្ថកិច្ចប៉ុស្តិ៍ទំនប់ទឹក ឃាត់ខ្លួនយកទៅសាកសួរ បន្ទាប់ពីបុរសទាំងពីរនាក់នេះបានធ្វើសកម្មភាពវាយ និងដណ្តើមយកកាំភ្លើងពីសមត្ថកិច្ច ខណៈពេលដែរលសមត្ថកិច្ចឃាត់ម៉ូតូដើម្បីត្រួតពិនិត្យ ហេតុការណ៍នេះបានកើតឡើង នៅវេលាម៉ោង១និង៥០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៨ ចំណុចក្រោយសណ្ឋារគារអុីនធីើកុងទីណុងតាល់ ផ្លូវ៤៣០ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន ។
បុរសវាយដណ្តើមយកកាំភ្លើងពីសមត្ថកិច្ច មានឈ្មោះ ដាំង គឹមសេង ភេទប្រុស អាយុ២៤ឆ្នាំមុខរបរដេរពូកឡាន ស្នាក់នៅកន្លែងធ្វើការ សង្កាត់ផ្សារទឹកល្អក់ ខណ្ឌទួលគោក និងម្នាក់ទៀតមានឈ្មោះ ពេជ សុភិន ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរដេរពូកឡាន ជាមួយគ្នា។ ចំណែក២នាក់ទៀតរត់គេចខ្លួន មិនបានឲ្យដឹងឈ្មោះ ។ ក្នុងហេតុការណ៍នេះដកហូតម៉ូតូ២គ្រឿង ម៉ាក ZOOMER X ពណ៌ខៀវ ពាក់ស្លាកលេខភ្នំពេញ 1FS-7575 និងមួយគ្រឿងទៀត ម៉ាកហុងដាឌ្រីមស៊េរីឆ្នាំ២០១៣ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1BZ-8608។
តាមសម្តីសមត្ថកិច្ចប៉ុស្តិ៍ទំនប់ទឹក បានឲ្យដឹងថា មុនពេលកើតហេតុ ពួកគេបានធ្វើការល្បាតក្នុងមូលដ្ឋាន ដើម្បីទប់ស្កាត់បទល្មើសផ្សេង និងការពារសុវត្ថិភាពជូនប្រជាពលរដ្ឋ
ខណៈពេលនោះ ស្រាប់តែប្រទះឃើញបុរស៤នាក់ បានជិះម៉ូតូចំនួន២គ្រឿង ម៉ាកហុងដាឌ្រីមនិងម៉ាក ZOOMER X បានធ្វើដំណើរតាមផ្លូវ៤៣០ ក្នុងទិសដៅពីត្បូងទៅជើង ដោយមានការសង្ស័យ កម្លាំងសមត្ថកិច្ចបានដេញតាម រួចបានឃាត់ម៉ូតូ ដើម្បីសុំឆែកឆេរ និងត្រួតពិនិត្យ ក៍ស្រាប់តែក្រុមបុរសទាំងនោះបានស្ទុះទៅច្របាច់កសមត្ថកិច្ច និងបានដណ្តើមយកកាំភ្លើងអាកាពីសមត្ថកិច្ចទៀតផង ប៉ុន្តែពេលនោះដែរ សមត្ថកិច្ចបានដកខ្លួនទាន់ ហើយបានផ្ទុះអាវុធមួយគ្រាប់ឡើងលើ ទើបឃាត់ខ្លួនបាន២នាក់ ចំណែក២នាក់ទៀតរត់គេចខ្លួន ចោលម៉ូតូ២គ្រឿង នៅនឹងកន្លែងកើតហេតុ។
បន្ទាប់ពីឃាត់ខ្លួនបានហើយ បុរស២នាក់ក្នុងចំណោមបក្សពួក៤នាក់ ត្រូវបានសមត្ថកិច្ចយកទៅសាកសួរនៅប៉ុស្តិនគរបាលទំនប់ទឹក នៅចំពោះមុខសមត្ថកិច្ច បុរសទាំងពីរនាក់បានសារភាពថា មុនពេលកើតហេតុ ពួកគេមានគ្នាចំនួន៤នាក់ បានចេញក្លឹបកម្សាន្ត យីហោ ប្លូឡាញ នៅផ្លូវ២៧១ សង្កាត់បឹងទំពុន១ ខណ្ឌមានជ័យ គោលបំណងត្រឡប់ទៅផ្ទះវិញ នៅម្តុំសំណង់១២ លុះជិះដល់កន្លែងកើតហេតុ សមត្ថកិច្ចឃាត់ខ្លួនពួកគេដើម្បីត្រួតពិនិត្យ តែដោយពួកគេខ្លះស្រវឹង និងខ្លះទៀតមិនទាន់ស្រវឹង ក៍ជ្រុលដៃជើងជាមួយសមត្ថកិច្ចបែបនេះទៅ។
ក្រោយពេលកើតហេតុ បុរសទាំងពីរនាក់ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅអធិការដ្ឋានខណ្ឌចំការមន ដើម្បីចាត់ការបន្តតាមនិតិវិធី៕