ភ្នំពេញ៖ បុរសម្នាក់ជាអ្នកបើកបររថយន្តកុងតឺន័រ សង្ស័យខ្យល់គ ដេកស្លាប់ក្នុងកាប៊ីនរថយន្ត តាំងពីយប់ រហូតដល់ព្រឹកឡើងទើបភ្ញាក់ផ្អើល នៅក្នុង ផែស្ងួត ក្រុមហ៊ុនតេង ឡាយ ផ្លូវទំនប់កប់ស្រូវ ភូមិអង្គកែវ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ កាលពីវេលាម៉ោង៧ព្រឹក ថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៦ ។
ជនរងគ្រោះ មានឈ្មោះ ផាត់ វីរៈ ហៅ រឿង ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរ បើកបររថយន្តកុងតៃន័រ ក្រុមហ៊ុនខាងលើ ស្នាក់នៅ ផ្ទះជួល ភូមិជម្ពូវ័ន សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ មានឪពុក ឈ្មោះ ប៉ែន សារិ អាយុ៥៣ឆ្នាំ មុខរបរកសិករ ម្តាយឈ្មោះ អន ភាច អាយុ៥២ឆ្នាំ មុខរបរកសិករ មានស្រុកកំណើត ភូមិក្រោលគោ ឃុំក្រោលគោ ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង ។
តាមប្រភព ពីមេការ រថយន្ត បានឲ្យដឹងថា កាលពីល្ងាចថ្ងៃទី១០ ខែសីហា ជនរងគ្រោះបើករថយន្តរបស់ខ្លួន កុងតៃន័រ វិលត្រឡប់ បំពេញការងារខាងក្រៅវិញ ចូលដល់ក្នុង ផែស្ងួតក្រុមហ៊ុន ចតទុកដាក់រថយន្តត្រឹមត្រូវ តែមិនចាប់ អារម្មណ៍ ថាជនរងគ្រោះ ចុះចេញដែរ រហូតដល់ ព្រឹកថ្ងៃទី១១ ខែសីហា ខណៈដែលរថយន្ត ផ្សេងៗ ចេញដឹកឥវ៉ាន់អស់សល់តែរថយន្តជនរងគ្រោះ ចតនៅដដែល ហើយក៏មិនឃើញជនរងគ្រោះ ចាំយូរពេក ទៅមើលរថយន្ត ស្រាប់តែប្រទះឃើញ ជនរងគ្រោះ ដេកស្លាប់ក្នុងកាប៊ីនរថយន្តទៅវិញ ទើបបង្កឲ្យភ្ញាក់ផ្អើល និងរាយការណ៍ទៅ សមត្ថកិច្ច អាជ្ញាធរ ចុះមកពិនិត្យជាក់ស្តែង ។
សាកសពក្រោយពីសមត្ថកិច្ចជំនាញ ចុះធ្វើការពិនិត្យនិងកោសល្យវិច័យឃើញថា ជនរងគ្រោះពិតជាស្លាប់ ដោយសារជំងឺខ្យល់គ រួចប្រគល់ជូនក្រុមគ្រួសារ ដឹកយកទៅស្រុកកំណើត ធ្វើបុណ្យតាមប្រពៃណី ៕