លើកគ្នាវ៉ៃស្រីដល់លើផ្ទះ ជាប់ខ្នោះ៤ រត់គេចខ្លួន១

ខេត្តប៉ៃលិន ៖ ក្មេងស្រីម្នាក់កំពុងនៅចាំផ្ទះ២នាក់ប្អូនប្រុសតូច ខណៈដែលឪពុកម្តាយរវល់ចេញទៅធ្វើការងារស្រែចម្ការបាត់ ស្រាប់តែលេចមុខក្មេងស្ទាវប្រុសស្រីចំនួន៥នាក់ បានលើកគ្នាចូលទៅព្រួតវាយដោយមិនដឹងមូលហេតុ និងថែមទាំងគំរាមសម្លាប់ចោលទៀតផង ទីបំផុត ក្មេងស្រីរងគ្រោះប្រាប់រឿងរ៉ាវឱ្យម្តាយបានដឹង ដាក់ពាក្យបណ្តឹង ក៏ត្រូវសមត្ថកិច្ចចុះស្រាវជ្រាវចាប់ឃាត់ខ្លួនក្រុមក្មេងស្ទាវទំនើង បានចំនួន៤នាក់ ខណៈក្មេងស្រីម្នាក់ទៀតជាបក្ខពួកបានរត់គេចខ្លួនបាត់។

ករណីក្មេងស្ទាវលើកគ្នាចូលទៅប្រើអំពើហិង្សាទៅលើក្មេងប្រុសស្រី២នាក់បងប្អូននេះ បានកើតឡើង កាលពីវេលាម៉ោង៨និង១៥នាទី យប់ ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៨ នៅចំណុចភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា ករណីហិង្សាខាងលើនេះ បង្កឡើងដោយក្រុមក្មេងស្ទាវចំនួន៥នាក់ រួមមាន ទី១-ឈ្មោះម៉ក់ ករុណា ភេទប្រុស អាយុ១៤ឆ្នាំ ជនដៃដល់ (ចាប់ខ្លួន) ទី២-ឈ្មោះពៅ ចំរុង ហៅឃ្លីន ភេទប្រុស អាយុ១៦ឆ្នាំ រួមគំនិត (ចាប់ខ្លួន) ទី៣-ឈ្មោះ វែន សុចិន ភេទប្រុស អាយុ១៧ឆ្នាំ រួមគំនិត (ចាប់ខ្លួន) ទី៤-ឈ្មោះជឿន ម៉ាប់ ភេទប្រុស អាយុ១៦ឆ្នាំ រួមគំនិត (ចាប់ខ្លួន) និងទី៥-ឈ្មោះកែវ រក្សា ភេទស្រី រួមគំនិត (កំពុងរត់គេចខ្លួន)។ ក្មេងស្ទាវប្រុសស្រីទាំង៥នាក់ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។ ចំណែកក្មេងប្រុសស្រីទាំង ២នាក់បងប្អូនជាជនរងគ្រោះ រួមមាន ទី១-ឈ្មោះភុន ស្រីតូច ភេទស្រី អាយុ១២ឆ្នាំ និងទី២-សាម សុភ័ត្រា ភេទប្រុស អាយុ៦ឆ្នាំ។ អ្នកទាំងពីរនៅភូមិឃុំកើតហេតុខាងលើជាមួយគ្នា។

ប្រភពដដែលបន្តថា នៅមុនពេលកើតហេតុ ឪពុកម្តាយរបស់ក្មេងប្រុសស្រីរងគ្រោះទាំង២នាក់ បាននាំគ្នាចេញទៅចម្ការអស់ ដោយទុកឱ្យកូន២នាក់នៅចាំផ្ទះ។ លុះដល់វេលាម៉ោងកើតហេតុខាងលើ ក៏លេចមុខក្រុមក្មេងស្ទាវខាងលើ បានលើកគ្នាចូលមកដល់ និងបានវាយទៅលើ ក្មេងប្រុសស្រីទាំង២នាក់បងប្អូន រួចគំរាមថា នឹងសម្លាប់បើសិនជនរងគ្រោះហ៊ានប្រាប់ឪពុកម្តាយ និងរាយការណ៍ដល់សមត្ថកិច្ច។

ក្រោយកើតហេតុ ក្មេងប្រុសស្រីទាំង២នាក់បងប្អូន បានយករឿងរ៉ាវប្រាប់ម្តាយឪពុកបានដឹងគ្មានសល់ រួចក៏នាំគ្នាទៅដាក់ពាក្យបណ្តឹង សុំអន្តរាគមន៍ពីសមត្ថកិច្ច។

បន្ទាប់ពីទទួលបានពាក្យបណ្តឹង សមត្ថកិច្ចបានចុះធ្វើការស្រាវជ្រាវ និងចាប់ឃាត់ខ្លួនក្រុមជនដៃដល់បានចំនួន៤នាក់ នាំយកមកសាកសួរ និងចាត់ការតាមនីតិវិធី ខណៈដែលក្មេងស្រីម្នាក់ជាបក្មព្ខួក កំពុងរត់គេចខ្លួន៕