ទិត្យ វិច្ឆិកា ដឹកនាំប្រគំតន្ត្រីសប្បុរសធម៌ ប្រមូលថវិកាសាងសងសាលានិងស្ពាន

កាលពីរសៀលថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៦ តារាចម្រៀងលោកទិត្យ វិច្ឆិកា បានធ្វើសន្និសីទសារព័ត៌មានមួយ ពាក់ព័ន្ធនឹងការរៀបចំកម្មវិធីប្រគំតន្ត្រីសប្បុរសធម៌ដែល មានឈ្មោះថា ”តន្ត្រីសប្បុរសធម៌កំលាំងខ្មែរជួយខ្មែរ” ដែលនិងត្រូវធ្វើឡើងរយៈពេល៤ថ្ងៃ គឺចាប់ពីថ្ងៃទី០៨ ដល់ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៦ ខាងមុខនេះ ដែលមានតារាចម្រៀងប្រុសស្រីល្បីៗជាច្រើន ចូលរួមសម្ដែង ច្រៀង ដោយមិនគិតពីតម្លៃខ្លួន។
លោកទិត្យ វិច្ឆិកា បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន ដែលមានអ្នកកាសែតចូលរួមយ៉ាងច្រើនកុះករថា បន្ទាប់ពីទទួលបានការសហការគាំទ្រ ពីសំណាក់ក្រុមហ៊ុន RGB និងការជួយឧបត្ថម្ភ លើកទឹកចិត្ត ពីក្រុមហ៊ុនជាច្រើនរួចមក បានជំរុញឲ្យលោកសម្រេចចិត្តរៀបចំកម្មវិធី ប្រគំតន្រ្តីសប្បុរសធម៌នេះឡើង ដើម្បីប្រមូលថវិកា កសាងសាលាមួយខ្នង មាន៣បន្ទប់ និងស្ពានឈើមួយខ្សែ ប្រវែង៣០ម៉ែត្រ នៅក្នុងភូមិជាំស្លា ឃុំជីហាត ស្រុកថ្មបាំង ខេត្តកោះកុង ដែលគ្រោងនឹងចំណាយថវិកាអស់ប្រមាណជាង៣ម៉ឺនដុល្លារ។

Tit-Vicheka2
លោក ទិត្យ វិច្ឆិកា បញ្ជាក់ថា កម្មវិធី “តន្រ្តីសប្បុរសធម៌កំលាំងសិល្បករខ្មែរជួយខ្មែរ” គឺក្នុងគោលបំណងតែមួយគត់ គឺជួយដល់សង្គម ហើយចំពោះមូលហេតុដែលលោកសម្រេចចិត្ត ជួយដល់តំបន់នោះ ព្រោះលោកមើលឃើញថា បងប្អូនប្រជាពលរដ្ឋនៅទីនោះ មានការខ្វះខាតយ៉ាងខ្លាំង ទាំងផ្លូវ សាលា និងមានជីវភាពក្រខ្សត់ ធ្វើឲ្យលោកអាណិតដល់ក្មេងៗ សិស្សានុសិស្សទាំងនោះ ទើបជំរុញទឹកចិត្តលោកឲ្យរៀបចំកម្មវិធីនេះឡើង។
ការប្រគំតន្រ្តីនេះនឹងត្រូវប្រព្រឹត្តិឡើង នៅក្នុងបុរីញូវថោន (អូរដឹម) ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញដែលមានតារាចម្រៀងល្បីៗ ជាច្រើនចូលរួមសម្ដែង និងច្រៀងនៅក្នុងសកម្មភាមនុស្សធម៌នេះ រួមមាន អ្នកនាង មាស សុខសោភា, លោកខាន់ ជែមស៍, លោកនៅ ស៊ីនឿន, លោកវង្ស តារារតនៈ, កញ្ញាលាង សុផាឡែន, លោក ហេង ពិទូ, កញ្ញាថន នីដា, កញ្ញាផន ស្រីខួច, លោកអ៊ីណូ ក្រុមកំប្លែងនាយពែកមី ព្រមទាំងតារាចម្រៀងល្បីៗ ជាច្រើនរូបទៀត។
តារាចម្រៀង លោកទិត្យ វិច្ឆិកា ក៏បានថ្លែងកោតសរសើរ ដល់តារាចម្រៀងប្រុសស្រីល្បីៗ ទាំងអស់ ដែលបានលះបង់កំលាំងកាយចិត្ត និងពេលវេលាចូលរួម ដោយមិនគិតពីភាពនឿយហត់ និងមិនគិតពីផលប្រយោជន៍ ផ្ទាល់ខ្លួនដើម្បីការងារសង្គម និងមនុស្សធម៌ខ្មែរជួយខ្មែរទាំងអស់គ្នា។ ទន្ទឹមនឹងនេះ លោកទិត្យ វិច្ឆិកា ក៏បានថ្លែងអំណរគុណដល់ឯកឧត្តមខៀវ កាញារីទ្ធ, រដ្ឋមន្រ្តីក្រសួងព័ត៌មាន លោកជំទាវភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ, ឯកឧត្តមប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ, លោកសុះ ម៉ាច ប្រធានសមាគមសិល្បករខ្មែរ និងដៃគូសហការទាំងអស់ ដែលបានជួយជំរុញ ផ្ដល់ឱកាស លើកទឹកចិត្ត ផ្ដល់ទីតាំង និងសិល្បករសិល្បការិនីទាំងអស់ ដែលបានចូលរួមក្នុងសកម្មភាពមនុស្សធម៌នេះ ជួយរូបលោកក្នុងការរៀបចំកម្មវិធីប្រគំតន្រ្តីនេះឡើង ហើយលោកសង្ឃឹមថា នឹងជោគជ័យ។ លោកវិច្ឆិកា បញ្ជាក់ថា ពេលកសាងសាលានេះរួច លោកនឹងឆ្លាក់ឈ្មោះសប្បុរសជនទាំងអស់ក្នុងផ្ទាំងថ្មមួយ ដើម្បីឲ្យកូនខ្មែរជំនាន់ក្រោយយកគំរូតាម ចំពោះសកម្មភាពមនុស្សធម៌ជួយសង្គមមួយនេះ៕

Tit-Vicheka1
ទិត្យ វិច្ឆិកា ពេលផ្តល់សម្ភាសន៍ដល់ក្រុមអ្នកសារព័ត៌មាន